លោកជំទាវ ម៉ែន សំអន៖ ខេត្តស្វាយរៀងពុំមានតំបន់ទេសចរណ៍ច្រើនប៉ុន្តែមានទួលបុរាណជាច្រើន និងទួលយាយដូនដែលជាទួលមានបារមីដ៏ពូកែស័ក្តិសិទ្ធិ

AKP ស្វាយរៀង ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ -លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តស្វាយរៀង បានមានប្រសាសន៍ថា ខេត្តស្វាយរៀងពុំសូវមានតំបន់ទេសចរណ៍ច្រើនទេ ប៉ុន្តែមានទួលបុរាណជាច្រើនកន្លែង ដូចជាទួលប្រាសាទព្រៃបាសាក់ ទួលយាយដូននៅក្រុងបាវិត និងទួលជាច្រើនទៀតដែលមានបារមីស័ក្កិសិទ្ធិ ដូច្នេះយើងរួមគ្នាថែរក្សា អភិរក្ស និងកុំកាប់ដើមឈើទុកជាទីកន្លែងទេសចរណ៍ សម្រាប់ភ្ញៀវជាតិ អន្តរជាតិមកទស្សនាកម្សាន្តផងដែរ ។

ការលើកឡើងបែបនេះ ខណៈលោកជំទាវបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុង ចូលទៅរមណីយដ្ឋានប្រាសាទព្រៃបាសាក់ នៅព្រឹកថ្ងៃអាទិត្យ ០៨កើត ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ ស្ថិតក្នុងឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

លោកជំទាវ បានអរគុណដល់សប្បុរសជនទាំងអស់ដែលបា​ន​រួមចំ​ណែ​ក​ឧបត្ថម្ភ ក្នុងការកសាងផ្លូវបេតុងនៅតំបន់នេះ​ឱ្យលេចចេញជាសមិទ្ធផលរួចរាល់ជាស្ថាពរ ហើយរៀ​ប​ចំពិធីសម្ពោធ​នាឱកាសនេះ។ ចំពោះតំបន់ប្រវត្តិសាស្ត្រព្រៃបាសាក់នេះ ត្រូវបានផ្តួចផ្តើមកសាងឡើងវិញ ពីសំណាក់ ឯកឧត្តម អ៊ឹម សិទ្ធី(បានទទួលមរណភាព) និងលោកជំទាវ ហង់ ភារី ដែលគ្រួសាររបស់លោកជំទាវមានទឹកចិត្តជ្រះថ្លាក្នុងការកសាងផ្លូវបេតុង សាលាបុណ្យ រូប សំណាកព្រះអង្គធំ និង ផ្លូវលំជាប់បឹង ។

លោកជំទាវកិត្តិសង្គហបណ្ឌិត បានបន្ត​​ថា សមិទ្ធផលនានា​ក្នុងស្រុកស្វាយជ្រំក៏ដូចក្នុងខេត្តស្វាយ​រៀងទាំងមូល​​​មានការ​រីកចម្រើន​គ្រប់​វិស័យ​គួរឱ្យក​ត់​សម្គាល់។ជាពិសេសលើការកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជា សាលារៀន មន្ទីរពេទ្យ វត្តអារាម ស្ពាន ផ្លូវ ថ្នល់ ជាដើម ការកែ​លម្អ​​ជួសជុល​សំណង់អ​គារ ផ្លូវថ្នល់ ផ្លូវខេត្ត ផ្លូវលំ ទំនប់ទឹក ប្រឡាយទឹក មាន​តំបន់សេដ្ឋកិច្ចពិសេ​ស ​មាន​រោងចក្រឧស្សាហកម្ម ដែលបាន​​បង្កើត​ការងារ​ជូន​ដល់កម្មករ កម្មកា​រិនីចំនួនជិត ៥ម៉ឺននាក់ ​ជូនដល់​កូនចៅប្រជាពលរដ្ឋ ធ្វើឱ្យជីវភាព​រស់​នៅរបស់​ប្រជាជន​កាន់តែប្រសើរ​ឡើងជា​​លំដាប់ ហើយបណ្តា​សមិទ្ធផល​ទាំងអស់​នេះ បានធ្វើឱ្យខេត្ត​ស្វាយរៀង​ប្រែមុខ​មាត់ថ្មី​យ៉ាង​ស្រស់​បំព្រង និងមាន​​សកម្មភាព​​សង្គម​​សេដ្ឋកិច្ច ប្រទាក់ក្រ​ឡា​​គ្នា​យ៉ាងសកម្ម​ និងរស់រវើកគួរជាទីមោទនៈភាពក្រៃលែង។

លោកជំទាវឧបនាយរដ្ឋមន្ត្រី បានផ្តាំផ្ញើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវរួមគ្នាជ្រោងទង់សុខសន្តិភាព និងការអភិវឌ្ឍ និងរួមគ្នាថែរក្សានូវសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ដែលបានផ្តល់ជូនឱ្យបានគង់​វង្សសម្រាប់ទុកដល់កូនចៅជំនាន់ក្រោយៗទៀត។ ចំណែកមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ត្រូវតែប្រព្រឹត្តអំពើល្អ និងបម្រើសេ​វាសាធារណៈឱ្យបានល្អប្រសើរ ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។ ជាពិសេសនៅមូលដ្ឋានត្រូវពង្រឹងសុវត្ថិភាពភូមិ ឃុំ មិនត្រូវឱ្យមានបងតូច បងធំ និងចោរកម្មផ្សេងៗកើតឡើងឡើយ ។ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវខិតខំដោះស្រាយសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាទាំងសេវាសំណូមពរនិងសេវាតម្រូវការ ។ ចំណែកប្រជាពលរដ្ឋត្រូវរួមគ្នាកសាង និងអភិវឌ្ឍន៍ភូមិ ឃុំ​ ឱ្យមានភាពរីកចម្រើន ទប់ស្កាត់រាល់ឧបាយកលដែលក្រុមអគតិមានបំណងអាក្រក់ចង់បង្កចលាចល អសន្តិ សុខ អនាធិបតេយ្យ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។

លោកជំទាវបានបញ្ជាក់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ សូមឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសយកថ្ងៃនេះ​ទទួលទានអំបុកទាំងអស់គ្នា ដើម្បីបង្ហាញអំពីសាមគ្គីភាព ការពារជាតិ សាសនា ព្រះមហាក្សត្រ ។ លោកជំទាវក៏បានអំពាវនាវឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំង សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវរួមគ្នាហូបអំបុកទាំងអស់គ្នា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ និងចូលរួមឱ្យបានច្រើនកុះករក្នុងព្រះរាជពិធីបុណ្យអុំទូក អកបំបុក និងសំពះព្រះខែ ដែលឈានមកដល់នាពេលខាងមុខនេះ ហើយសម្រាប់ខេត្តស្វាយរៀងនឹងមានព្រឹត្តិការណ៍អុំទូកនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ខាងនេះផងដែរ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋចូលរួមសប្បាយទាំងអស់គ្នា៕

ដោយសួស សំរិត