ឧត្តមមន្ត្រីបរិស្ថានអាស៊ានពិនិត្យលើរបៀបវារៈសំនាន់ៗ មុនកិច្ចប្រជុំផ្លូវការរបស់រដ្ឋមន្ត្រីបរិស្ថានអាស៊ាន

វិទ្យុជាតិកម្ពុជា ៖ វ៉ាង ភក្តី ០៧ ១០ ២០១៩៖

ឧត្តមមន្ត្រីបរិស្ថានអាស៊ានពិនិត្យលើរបៀបវារៈសំនាន់ៗ មុនកិច្ចប្រជុំរបស់រដ្ឋមន្ត្រីបរិស្ថានអាស៊ាន ដែលប្រកាសជាផ្លូវការនៅលើទឹកដីអង្គរ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ ដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

​   ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងថា នៅថ្ងៃទី៧ ខែតុលានេះ គឺជាថ្ងៃទី១នៃក្របខណ្ឌកិច្ចប្រជុំលើកទី១៥ របស់រដ្ឋមន្ត្រីបរិស្ថានអាស៊ាន ឧត្តមមន្ត្រីអាស៊ាន គឺមានការធ្វើការពិនិត្យ និងអនុម័តលើឯកសារសំខាន់ៗរួមមាន៖១. សេចក្តីព្រាងសេចក្តីថ្លែងការណ៍រួមអាស៊ានស្តីពីការប្រែប្រួលអាកាសធាតុនៅកិច្ចប្រជុំកំពូលលើកទី២៥ នៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ(COP25-UNFCCC), ២. សេចក្តីព្រាងផែនការយុទ្ធសាស្ត្រអាស៊ានស្តីពីបរិស្ថាន និង៣. សំណើសុំដាក់បញ្ចូលឧទ្យានជាតិរបស់ប្រទេសថៃ វៀតណាម មីយ៉ាន់ម៉ា សរុបចំនួន៥ ទៅជាឧទ្យានបេតិកភណ្ឌអាស៊ាន។ ជាមួយគ្នានេះ ក៏មានកិច្ចប្រជុំត្រៀមលើការគ្រប់គ្រងការបំពុលផ្សែងអ័ព្ទឆ្លងដែន និងកិច្ចប្រជុំបច្ចេកទេសរបស់ឧត្តមមន្ត្រីអាស៊ានលើផ្នែកសាលាមេត្រីបរិស្ថាន។

កិច្ចប្រជុំលើកទី១៥ រដ្ឋមន្ត្រីបរិស្ថានអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០១៩ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ ចាប់ពីថ្ងៃទី៧-១០ខែតុលា ឆ្នាំ២០១៩ នៅលើទឹកដីនៃខេត្តសៀមរាបអង្គរ ដោយមានសមាសភាពចូលរួមពីរដ្ឋមន្ត្រីបរិស្ថានអាស៊ាន ឧត្តមមន្រ្តី និងគណៈប្រតិភូទាំង១០ប្រទេសអគ្គលេខាធិការអាស៊ាន រដ្ឋមន្រ្តីបរិស្ថានមកពីប្រទេសចិន ជប៉ុន កូរ៉េ រុស្សី អាមេរិក ឥណ្ឌា អូស្រ្តាលី និងនូវែលហ្សេឡង់។

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា កិច្ចប្រជុំលើកទី១៥ របស់រដ្ឋមន្ត្រីបរិស្ថានអាស៊ាននេះ មានការពិនិត្យពិភាក្សាលើកិច្ចសហប្រតិបត្តិការថ្នាក់តំបន់លើវិស័យបរិស្ថាន ក្នុងនោះរួមមានបញ្ហាទាក់ទងនឹងការប្រែប្រួលអាកាសធាតុ និរន្តរភាពបរិស្ថានទីក្រុង ការអភិរក្សជីវៈចម្រុះ បរិស្ថានតំបន់ឆ្នេរសមុទ្រ ការងារអប់រំបរិស្ថាន ការគ្រប់គ្រងធនធានទឹក ការគ្រប់គ្រងសារធាតុគីមី និងសំណល់គ្រោះថ្នាក់ ការគ្រប់គ្រងការបំពុលផ្សែងអ័ព្ទឆ្លងដែន និងសាលាមេត្រីភាពបរិស្ថានជាដើម។ 

ឯកឧត្តម បន្តថា ក្នុងអំឡុងពេលនៃកិច្ចប្រជុំលើកទី១៥ រដ្ឋមន្ត្រីបរិស្ថានអាស៊ាន ក៏មានកិច្ចប្រជុំលើកទី១៦ នៃរដ្ឋមន្ត្រីបរិស្ថានអាស៊ានបូក៣ គឺចិន ជប៉ុន និងកូរ៉េខាងត្បូង ដែលផ្ដោតសំខាន់លើកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន និងកិច្ចប្រជុំលើកទី១៥នៃសន្និសីទភាគីកិច្ចព្រមព្រៀងអាស៊ានស្ដីពីការបំពុលផ្សែងអ័ព្ទឆ្លងដែន។ 

ទន្ទឹមនឹងនេះ ក៏មានរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីបរិស្ថានអាស៊ាន-ជប៉ុន ដើម្បីពិនិត្យលើវឌ្ឍនភាពការងារសហប្រតិបត្តិការបច្ចុប្បន្ន និងគំនិតផ្តួចផ្តើមសំណើថ្មីៗ រួមមានដូចជា ប្រព័ន្ធផ្ទៀងផ្ទាត់បច្ចេកទេសបរិស្ថាន ការផ្ទេរបច្ចេកវិទ្យា និងសំណល់ប្លាស្ទិកសមុទ្រ។ ជាមួយគ្នានេះដែរ កម្ពុជានឹងទទួលរៀបចំពិធីប្រគល់ពានរង្វាន់សាលាមេត្រីភាពបរិស្ថានអាស៊ានលើកទី៣ និងយុវជនឆ្នើមមេត្រីភាពបរិស្ថានអាស៊ានលើកទី១ សម្រាប់រដ្ឋជាសមាជិកអាស៊ានទាំងអស់តាមរយៈមូលនិធិសមាហរណកម្មអាស៊ាន-ជប៉ុន។ នៅក្នុងក្របខណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ានលើកទី១៥ និងកិច្ចប្រជុំពាក់ព័ន្ធនេះ ក៏នឹងមានពិធីដាំដើមផ្កាក្រវ៉ាន់នៅមុខប្រាង្គប្រាសាទអង្គរផងដែរ។

សូមបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ាន តែងតែធ្វើរៀងរាល់២ឆ្នាំម្តង ក្នុងគោលបំណង ជជែកពិភាក្សាអំពីកិច្ចសហប្រតិបត្តិការបរិស្ថាននៅក្នុងតំបន់៕