អាជ្ញាធរខេត្តក្រចេះបន្តផ្តល់ពូជស្រូវជូនប្រជាកសិករដើម្បីស្តារឡើងវិញក្នុងវិស័យកសិកម្មក្រោយគ្រោះទឹកជំនន់ទន្លេមេគង្គ

AKP ក្រចេះ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ -លោក ខ័ណ្ឌ ចំណាន អភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ បាននាំយកពូជស្រូវសែនក្រអូបចំនួន ៣៩.១៥០គីឡូក្រាម ទៅផ្តល់ជូនដល់ប្រជាកសិករចំនួន ៦៦៨គ្រួសារ នៅក្នុងស្រុកចិត្របុរី ខេត្តក្រចេះ កាលពីថ្ងៃអាទិត្យ ៨កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ ។
ប្រជាកសិករដែលបានទទួលពូជស្រូវនាឱកាសនោះមានចំនួន ៦៦៨គ្រួសារ មកពីឃុំចំនួន៣ គឺ ឃុំថ្មអណ្ដើក ឃុំដារ និងឃុំកន្ទួត ដែលមានផ្ទៃដីស្រូវត្រូវបង្កបង្កើនផលស្តារឡើងវិញចំនួនជាង ៣៨០ហិកតា ក្រោយគ្រោះទឹកជំនន់ទន្លេមេគង្គ កាលពីខែកញ្ញា កន្លងទៅនេះ។

ក្នុងពិធីសំណេះសំណាល និងផ្តល់ពូជស្រូវជូនប្រជាកសិករនាពេលនោះ លោក ខ័ណ្ឌ ចំណាន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែយកចិត្តទុកដាក់គិតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចុះតាមដានអំពីស្ថានភាពទឹកជំនន់ និងស្ថានភាពរស់នៅរបស់បងប្អូនផ្ទាល់ ដើម្បីជួយដោះស្រាយនូវរាល់ការលំបាក តម្រូវការខ្វះខាត និងបញ្ហាប្រឈមនានាបានទាន់ពេវេលា ។

លោក អភិបាលរងខេត្តក្រចេះ ក៏បានជំរុញឱ្យបងប្អូនប្រជាកសិករ ត្រូវអុវត្តន៍តាមការបង្ហាត់បង្ហាញ និងបច្ចេកទេសដាំដុះពូជស្រូវពីមន្រ្តីជំនាញកសិកម្ម និងត្រូវពិនិត្យមើលប្រភពទឹក និងការរក្សាទឹកទុកសម្រាប់ផ្គត់ផ្គង់ផ្ទៃដីស្រូវឱ្យបានគ្រប់គ្រាន់។ លោកក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំបន្ថែមទៀត ក្រៅពីការស្ដារឡើងវិញនូវការបង្កបង្កើនផលដំណាំស្រូវ គឺត្រូវដាំដុះដំណាំរួមផ្សំបន្ថែមនៅលើផ្ទៃដីក្បែរៗភូមិដ្ឋាន ដោយប្រើប្រាស់ជីធម្មជាតិដែលមានស្រាប់នៅក្នុងភូមិ វាជាការរួមចំណែកបង្កើនជីវភាពរបស់ខ្លួន និងដើម្បីកាត់បន្ថយការចំណាយ ទៅទិញរបស់ទីផ្សារដែលសង្ស័យថាមានជាតិគីមីទៀតផង ។

កាលពីដើមសប្ដាហ៍ទី១ខែតុលា ឆ្នាំ២០១៩ កន្លងទៅអាជ្ញាធរខេត្តក្រចេះ ដឹកនាំដោយ ឯកឧត្ដម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ប៉ែន លីណាត អភិបាលរងនៃគណៈអភិបាលខេត្ត ក៏បាននាំយកពូជស្រូវសែនក្រអូបចំនួន ៥៣.៦០០គីឡូក្រាម ទៅផ្តល់ជូនដល់ប្រជាកសិករចំនួន ៩២៦គ្រួសារ នៅក្រុងក្រចេះ និងស្រុកសំបូរ ដើម្បីបន្តការងារបង្កបង្កើន  ស្រូវស្តារឡើងវិញក្រោយគ្រោះទឹកជំនន់ទន្លេមេគង្គ ៕

ដោយជួន សុជាតិ