លោកជំទាវ ម៉ែន សំអន អំពាវនាវឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសរួមគ្នាហូបអំបុកនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩

AKP ស្វាយរៀង ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ -លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា​និងអធិការកិច្ច និងជាប្រធានក្រុមការងារចុះជួយបូលដ្ឋានខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តន៍ភារកិច្ចរបស់ក្រុមការងារ គណៈកម្មាធិការកណ្ដាលចុះជួយខេត្តស្វាយរៀង ដំណាក់កាលទី៧ លើកទី៣និងទិសដៅអនុវត្តន៍បន្តដំណាក់កាលទី៧ លើកទី៤ កាលពីថ្ងៃសៅរ៍ ៧កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ នៅខេត្តស្វាយរៀង។

ក្នុងឱកាសនោះលោកជំទាវកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា ក្រោមការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសឆ្ពោះទៅរកការអភិវឌ្ឍ និងមានការរីកចម្រើនលើគ្រប់វិស័យទាំងការងាររដ្ឋបាល និងការងារគណបក្ស។ សម្រាប់ខេត្តស្វាយរៀងវិញ យើងត្រូវបន្តពង្រឹងនូវការងារកសាងបក្សគ្រប់លំដាប់ថ្នាក់ ការងារឃោសនា អប់រំ ការងារបណ្តុះបណ្តាលមន្ត្រី ការងារត្រួតពិនិត្យបក្ស គឺជាការសំខាន់បំផុត ដែលយើងទាំងអស់គ្នាត្រូវយកចិត្តទុក្ខដាក់បន្ថែមទៀត ។

លោកជំទាវឧបនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យគណៈចលនាសហជីព គណៈចលនាមហាជន គណៈចលនាស្ត្រី គណៈចលនាយុវជន រួមជាមួយអង្គការផ្សេងៗ រួមគ្នាធ្វើសកម្មភាពឱ្យបានទាន់ពេលវេលា ដើម្បីឆ្លើយតបនឹងសំណូមពរ និងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ។ លោកជំទាវបានបន្តទៀតថា ជោគជ័យសព្វថ្ងៃនេះកើតចេញពីការបំពេញការងាររបស់ក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត និងក្រុមការងារថ្នាក់មូលដ្ឋាន សហការគ្នាបានយ៉ាងល្អក្នុងការបំពេញនូវតម្រូវការ ក៏ដូចជាការឆ្លើយនឹងនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ទន្ទឹមនឹងជោគជ័យនោះផងដែរ យើងក៏ត្រូវគិតអំពីបញ្ហាយុវជនបន្តវេន និងត្រូវគិតអំពីការពង្រឹងការកសាងបក្ស រក្សាចាស់បង្កើតថ្មីផងដែរ ដែលជាចំណុចមិនអាចខ្វះបាន ។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានអំពាវនាវឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំង សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋត្រូវរួមគ្នាហូបអំបុកទាំងអស់គ្នា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ និងចូលរួមឱ្យបានច្រើនកុះករក្នុងព្រះរាជពិធីបុណ្យអុំទូក អកបំបុក និងសំពះព្រះខែ ដែលឈានមកដល់នាពេលខាងមុខនេះដើម្បីចូលរួមការពារជាតិ សាសនា និងព្រះមហាក្សត្រ តបតាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

ដោយសួស សំរិត