ឯកឧត្តម នេត្រ ភក្ត្រា ៖ អ្នកធ្លាប់មានទម្លាប់បោះសំរាមចោលផ្តេសផ្តាស សូមកែប្រែឥរិយាបថ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន លើកឡើងថាបអ្នកធ្លាប់មានទម្លាប់បោះសំរាមចោលផ្តេសផ្តាស សូមកែប្រែឥរិយាបថ និងចូលរួមសម្អាតផ្ទះ សម្អាតសហគមន៍ទាំងអស់គ្នាប្រកបដោយការទតួលខុសត្រូវខ្ពស់។
ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសចូលរួមនៅក្នុងកម្មវិធីបញ្ចប់យុទ្ធនាការសប្តាហ៍បៃតង របស់សហភាពអឺរ៉ុបជាមួយនឹងការរៀបចំសកម្មភាពបោសសម្អាតអនាម័យបរិស្ថាននៅទីសាធារណៈនៅ ត្រើយម្ខាងក្នុងខណ្ឌជ្រោយចង្វារ កាលពីព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩។
យុទ្ធនាការសម្អាតទីសាធារណៈនេះគឺ ជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍ជាច្រើនដែលរៀបចំឡើងដោយប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជានិងក្រុមការងារអេកូយុវទូតដើម្បីអបអរសាទរសបា្តហ៍បៃតងរបស់សហភាពអឺរ៉ុបក្នុងគោលបំណងជំរុញពន្លឿនការអនុវត្តវិធានការទូទាំងពិភពលោកដើម្បីឆ្លើយតបចំពោះការប្រែប្រួលអាកាសធាតុ ការបំពុលបរិស្ថាន និងសំណល់ប្លាស្ទិក។ កម្មវិធីសម្អាតទីសា ធារណៈនេះមានការចូលរួមពីសាធារណជនជាតិនិងអន្តរជាតិប្រមាណ ៥០០នាក់ក្នុងនោះក៏មានឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសសហភាពអឺរ៉ុបមួយចំនួន។
ឯកឧត្តម នេត្រ ភក្ត្រា អំពាវនាវដល់ប្រជាពលរដ្ឋចូលរួមចំណែកក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ការនាំយកថង់ប្លាស្ទិកមកប្រើប្រាស់វិញ ឬប្រើប្រាស់វត្ថុជំនួសថង់ប្លាស្ទិក ឬ បញ្ចូលទំនិញក្នុងថង់តែមួយ «ថង់បរិស្ថាន»។ ចំណែកឯម្ចាស់អាជីវកម្ម និងម្ចាស់សេវាកម្មនានា ដែលមានការផ្តល់ថង់ប្លាស្ទិកដល់អតិថិជនត្រូវស្ម័គ្រចិត្តចូលរួមអនុវត្តកម្មវិធីកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកនឹងទទួលបានការលើកទឹកចិត្តផងដែរ។ ឯកឧត្តម មានប្រសាសន៍ថា ការប្រើប្រាស់ថង់ប្លាស្ទិកច្រើនពេកដូចចោលសំរាមថង់ ប្លាស្ទិកនេះនៅតាមដងផ្លូវ និងក្នុងទឹកស្ទឹងទន្លេ ហើយការចូលួម កាត់ បន្ថយថង់ប្លាស្ទិក គឺត្រូវបញ្ចូលទំនិញក្នុងថង់តែមួយ។ ប្លាស្ទិកមិនល្អទេសម្រាប់សុខភាពរបស់មនុស្ស សម្រាប់បរិស្ថាន និងសម្រាប់វិស័យទេសចរណ៍។ ពេលដែលថង់ប្លាស្ទិករលាយសារធាតុគីមី គឺសារធាតុមួយចំនួនប៉ះពាល់ដល់សុខភាពមនុស្ស និងបរិយាកាស។ ពេលប្លាស្ទិកកប់ក្នុងដី យូរឆ្នាំទៅវានឹងរលាយសាធាតុបន្តិចម្តងៗ ហើយសារធាតុគីមីមួយចំនួននឹងសាយភាយប៉ះពាល់ដល់ការរស់នៅរបស់មនុស្សនិងសត្វ។ ឯកឧត្តម រដ្ឋលេខាធិការបានបន្ថែមថា ដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកតែម្តងហើយ បោះចោល គឺប្រជាពលរដ្ឋចាំបាច់ត្រូវកែប្រែទម្លាប់ ដោយរួ មគ្នាកាត់បន្ថយប្លាស្ទិក ព្រោះសំណល់ប្លាស្ទិក គឺជាបញ្ហាគំរាមកំហែងចម្បងចំពោះប្រព័ន្ធអេកូឡូស៊ីនិងការអភិវឌ្ឍមនុស្ស ទូទាំងពិភពលោកនិងនៅក្នុងប្រទេសកម្ពុជា។
លោក ហ្វ្រង់ វីអូល (Frank Viault) ភារៈធារីស្តីទីនៃសហភាពអឺរ៉ុនប្រចាំកម្ពុជាបានថ្លែងថា៖« ការបំពុល ដោយប្លាស្ទិកគឺជបញ្ហាដ៏ចម្បងមួយក្នុងចំណោមបញ្ហា បរិស្ថានធំៗជាច្រើនទៀតដែលកើតឡើងជាទូទៅជាងគេ។ ក្នុងចំណោមប្លាស្ទិកទាំងអស់ដែលបានប្រើប្រាស់ មានពាក់កណ្តាលដែលជាប្លាស្ទិកប្រើប្រាស់តែម្តងប៉ុណ្ណោះ ហើយប្លាស្ទិកបែបនេះរហូតដល់ ៩០% ត្រូវបានគេចោលទៅក្នុងទន្លេ និងសមុទ្ររបស់យើង។ សភាពអឺរ៉ុបលើកទឹកចិត្តឱ្យមានការកែច្នៃ ប៉ុន្តែការកែច្នៃមួយមុខ មិនគ្រប់គ្រាន់ នោះឡើយ។ តាងនាមឱ្យប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា និងរដ្ឋជាសមាជិករបស់យើង ខ្ញុំសូមអំពាវនាវសូមគ្រប់គ្នានិយាយថា ទេ ចំពោះផលិតផល ប្លាស្ទិកដឡប្រើប្រាស់បានតែមួយដង»។
យោងតាមរបាយការណ៍ក្រសួងបរិស្ថាន បរិមាណសំរាម សំណល់ទីប្រជុំជនដែលកម្ពុជាបានបង្កើតឡើងក្នុងមួយថ្ងៃមានចំនួនជាង ១ម៉ឺនតោនដែលពលរដ្ឋរសនៅក្នុងរាជធានីនិងក្រុងធំៗត្រូវបានប៉ានប្រមាណថាបានបង្កើតសំរាម ១ គីឡូក្រាមក្នុងមួយថ្ងៃ និងប្រជាពលរដ្ឋរស់នៅតាមជនបទបង្កើតសំរាមប្រមាណកន្លះគីឡូក្នុងមួយថ្ងៃ។ សរុប មួយឆ្នាំ បរិមាណសំរាមដែលកម្ពុជាបង្កើតមានប្រមាណជិត ៤ លានតោន ក្នុងនោះ ២០%នៃ សំណល់សំរាមនេះគឺជាសំណល់ថង់ប្លាស្ទិក។ បរិមាណសំណល់ប្រមាណ ៥៦,៩% នៃសំណល់សរុបប៉ុណ្ណោះដែលត្រូវបានយកទៅចាក់ចោលនៅទីលានចាក់សំរាម និងប្រហែល ២០%ប៉ុណ្ណោះដែលត្រូវបានប្រមូលទិញសម្រាប់ធ្វើការកែច្នៃនិងសំណល់សំរាមជាង ២០% ត្រូវបានដុត ឬបោះចោលនៅតាមទីសាធារណៈ និងប្រភពទឹកនានា។ ខេត្តរាជធានីធំៗដែលផលិតបរិមាណសំរាមច្រើនរួមមាន៖ រាជធានីភ្នំពេញប្រមាណជាង ៣០០០ តោនក្នុងមួយថ្ងៃ ក្រុងព្រះសីហនុប្រមាណ ៧០០តោនក្នុងមួយថ្ងៃ និងក្រុងសៀមរាប ប្រមាណ ៤០០ តោនក្នុងមួយថ្ងៃ។ តាមការប៉ានប្រមាណ ភាគរយនៃប្លាស្ទិកដែលប្រមូលបានតាមរយៈការបោសសម្អាតតាមផ្លូវក្នុងក្រុងចំនួន ៣ គឺ ១៧,៣% ក្នុងរាជធានីភ្នំពេញ ២០,៧%ក្នុងខេត្តសៀមរាប និង ៣៤% ក្នុងខេត្តព្រះសីហនុ៕
វ៉ាង ភក្តី ០៦ ១០ ២០១៩