អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ចាប់ផ្ដើមរៀបចំគោលនយោបាយ ឆ្លើយតបនឹង​មេរោគអេដស៍ ​និងជំងឺអេដស៍ទៅក្នុងផែនការអភិវឌ្ឍន៍ឃុំ សង្កាត់

AKP ភ្នំពេញ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ — អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានចាប់ផ្ដើមរៀបចំគោលនយោបាយ និងបណ្ដុះបណ្ដាល ដល់ភាគីពាក់ព័ន្ធ ដើម្បីដាក់បញ្ចូលការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ទៅក្នុង​ផែន​ការអភិវឌ្ឍន៍ឃុំ សង្កាត់នៅទូទាំងប្រទេស។

ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី​របកគំហើញលើលទ្ធភាព​​បញ្ជ្រាបការឆ្លើយ​តប នឹងមេរោគអេដស៍​និងជំងឺអេដស៍ទៅក្នុងផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ នៅសណ្ឋាគារសាន់វ៉េ កាលពីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩  ឯកឧត្តមទេសរដ្ឋមន្ដ្រី អៀង មូលី ប្រធានអាជ្ញាធរ ជាតិប្រយុទ្ធនឹងជំងឺអេដស៍បានមានប្រសាសន៍ជំរុញដល់ភាគីពាក់ព័ន្ធ ត្រូវពិភាក្សាគ្នាឱ្យ​បាន​ទូលំ​ទូលាយ ដើម្បីរកធាតុចូលសំដៅបិទគម្លាតនៃការបង្ការ​ការព្យាបាល និងការគាំទ្រ ជាពិ​សេសការ​គាំពារ​សង្គមនៅថ្នាក់មូលដ្ឋាន។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា បន្ទាប់ពី ការប្រយុទ្ធដ៏ស្វិតស្វាញ​ប្រឆាំង​នឹងមេរោគអេដស៍ និងជំងឺអេដស៍ក្នុងរយៈពេល៣​ទសវត្សរ៍ កន្លង​ទៅ ​​​​ប្រទេសកម្ពុជា​ត្រូវ​បានអង្គ​ការសហប្រជាជាតិ​​ប្រគល់ជូនពានរង្វាន់ស្តីពី​ការ​សម្រេច បានគោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរទី៦ ក្នុងការបង្ការនិងថែទាំមេរោគអេដស៍ និង​ជំងឺ​អេដស៍នៅ​ព្រះរាជា​ណាចក្រ​កម្ពុជា ជាលើកដំបូងកាលពីឆ្នាំ២០១១ និងការសម្រេច​បាន​គោលដៅ ៩០-៩០-៩០ ក្នុង​ចំណោម​ប្រទេស៧នៅ លើពិភពលោក។ ឯកឧត្ដមទេសរដ្ឋ​មន្រ្ដី​បន្ដថា ការដាក់បញ្ចូលនូវគោលនយោបាយនេះ គឺមណ្ឌល​សុខភាព និងក្រុមប្រឹក្សាឃុំ សង្កាត់​អាច​ធ្វើការជាមួយ អ្នកស្ម័គ្រចិត្តសហគមន៍ និង​អង្គការ​សង្គមស៊ីវិលដើម្បីឱ្យអ្នក​រស់នៅ​ជាមួយមេរោគអេដស៍ និងក្រុមប្រជាជនគន្លឹះទាំងអស់​អាច​ចូលរួម និងទទួលបាន​សេវាសា​ធារណៈប្រកបដោយ​គុណភាព។ ទន្ទឹមនេះ ក៏ដោយគ្មាន​ការភ័យខ្លាច គ្មានការរើសអើង​អ្វី​ទាំងអស់ ដើម្បីជួយលើក​កម្ពស់គុណភាពជីវិតរបស់​អ្នករស់​នៅជាមួយមេរោគអេដស៍ និងក្រុម​ប្រជាជនគន្លឹះ ព្រមទាំងអនុញ្ញាត​ឱ្យពួកគេចូលរួមយ៉ាង​សកម្ម​ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម​របស់ប្រទេស ដែលជាការ វិនិយោគក្នុងការឆ្លើយតបនឹង​មេរោគអេដស៍ និងជំងឺអេដស៍។

ឯកឧត្តមទេសរដ្ឋមន្រ្តីបាន​បន្ថែមថា បច្ចុប្បន្ននេះ កម្ពុជានៅមានបញ្ហាប្រឈមជាច្រើន​ដូចជា កំណើននៃការចម្លង​មេរោគអេដស៍លើក្រុមបុរសរួមភេទជាមួយបុរស​ ក្រុមបំប្លែងភេទ និងក្រុមយុវវ័យ។ ការស្វែងរកឱ្យឃើញអ្នកផ្ទុកមេ​រោគ​អេដស៍ប្រមាណមួយម៉ឺននាក់​ដែល​បាត់ ខ្លួន ឬមិនមកទទួលសេវា និងកង្វះរបាយការណ៍ពីមន្ទីរពេទ្យឯកជន ​អំពីការ​អនុវត្តកម្មវិធី​កាត់ បន្ថយ​​ការចម្លងមេរោគ​​​អេដស៍ពីម្តាយទៅកូន។ ឯកឧត្ដមទេសរដ្ឋមន្រ្ដីក៏បានលើកឡើងដែរថា ក្រោយពេលរាជរដ្ឋាភិ​បាល​ដាក់ចេញនូវ​គោលនយោបាយ៧​ចំណុចក្នុងការប្រយុទ្ធ​នឹងមេរោគ អេដស៍ និងជំងឺអេដស៍ និងវិធានការទាក់ទងនឹងការឆ្លើយតបទៅ​នឹងមេរោគអេដស៍​ និងជំងឺ​អេដស៍ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានដាក់ចេញវិធាន​ការមួយ​ចំនួន ទី១. រៀបចំ​និយាម​ប្រតិបត្តិស្តីពីការដាក់បញ្ចូលការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ទៅក្នុង​ផែន​ការអភិវឌ្ឍន៍ឃុំ និងផែនការវិនិយោគឃុំនៅឆ្នាំ២០១៧។ ទី២. ​រៀបចំសៀវភៅ​បណ្ដុះ​បណ្ដាល​ស្តីពីបរិយាកាសគាំទ្រច្បាប់ និងគោលនយោបាយក្នុងការគាំទ្រការឆ្លើយតប​នឹង​មេរោគអេដស៍ និងជំងឺអេដស៍នៅថ្នាក់ក្រោមជាតិ នៅដើមឆ្នាំ២០១៩។ ទី៣. ​ដឹកនាំ និងសម្របសម្រួលការ ងារ​បញ្ជ្រាបការឆ្លើយតបនឹង​មេរោគអេដស៍​និងជំងឺអេដស៍ទៅក្នុងផែនការ អភិវឌ្ឍន៍ឃុំ សង្កាត់ និងវិនិយោគ ឃុំ សង្កាត់ និងការផ្តល់ប័ណ្ណ​សមធម៌ដល់អ្នក​ផ្ទុកមេរោគ​អេដស៍ និងក្រុមប្រជា ជនងាយរងគ្រោះ៕

ដោយ ឡុង ស៊ីវ៉ាន់