សម្ដេចតេជោនាយករដ្ឋមន្រ្ដីស្នើឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់បង្កើនកិច្ចការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងឱកាសកាន់បិណ្ឌ នៃពិធីបុណ្យភ្ជុំបិណ្ឌ

AKP ភ្នំពេញ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើឱ្យ​អា​ជ្ញា​ធរគ្រប់លំដាប់ថ្នាក់បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀ​ប​រៀបរយ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ ជូនប្រជាពលរដ្ឋក្នុងឱកាសកាន់បិណ្ឌ នៃពិធី​បុ​ណ្យភ្ជុំបិណ្ឌនេះ។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ សម្ដេច​តេ​ជោ​​​នាយក​រដ្ឋមន្ត្រីបានសរសេរថា ថ្ងៃនេះ គឺជាថ្ងៃកាន់បិណ្ឌទី១ នៃពិធីបុណ្យកាន់បិណ្ឌ    ដែ​ល​ជា​ពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើងមានតាំងពីបុរាណកាលមកម្លេះ។ សម្ដេច​តេជោ​បាន​បញ្ជាក់ថា នេះជាពេល​វេ​លាមួយដែលបងប្អូនប្រជាពលរដ្ឋ ប្រជាពុទ្ធបរិស័ទ មាន​ឱកាសក្នុងការធ្វើបុណ្យ ធ្វើទាន​ស​ន្សំ​​កុសល និងការជួបជុំសាច់ញាតិបងប្អូននៅតាម​ទីកន្លែង​ផ្សេងៗ ជាពិសេសតាម​ទីអារាម​នា​នា​។ សម្ដេចតេជោបានបន្តថា ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំ២០២៩នេះ នឹងប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​១​រោ​ច ដល់ថ្ងៃ១៤រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១៤ ដល់ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០១៩។ ជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្រ្ដីក៏សូមឱ្យ​អា​ជ្ញា​ធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀប​រៀ​បរយ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួល​ជូនប្រជាពល​រ​ដ្ឋ​​​បានចូលរួមក្នុងពិធីបុណ្យនេះ។ សម្ដេចតេជោក៏សូមជូនពរបងប្អូនជនរួមជាតិទាំងក្នុង និង​ក្រៅប្រទេសសូម​ជួប​តែ​​សេចក្តី សុខសេចក្តីចម្រើនគ្រប់ៗគ្នា៕

ដោយ ជឹម ណារី