បទអត្ថាធិប្បាយ៖ សូមទុកឲ្យអ្នកនៅក្នុងប្រទេសបានអភិវឌ្ឍ និងលើកកម្ពស់ជីវភាពដោយស្ងប់ផង

AKP ភ្នំពេញ ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៩ —

នៅក្នុងខណៈពេលដែលស្ថានភាពប្រទេសកំពុងតែស្ថិតនៅក្នុងដំណាក់កាលស្ងប់ស្ងាត់ និងសន្តិភាព ប្រជាពលរដ្ឋគ្រប់រូប កំពុងតែខិតខំប្រឹងប្រែងរៀងៗខ្លួនដើម្បីកែលម្អជីវភាពសង្គមគ្រួសារ និង​បំពេញការងារ ទទួលខុសត្រូវរបស់ពួកគេរៀងៗ ខ្លួននោះ ក៏មានប្រជាពលរដ្ឋមួយចំនួន ជាពិសេសក្រុមអ្នកនយោបាយ និរទេសខ្លួនខ្លះ កំពុងតែដើរបំពុលបរិយាកាស ក្រឡុក ព្រមទាំង ព្យាយាមបំផុស និងបំភ្លៃសភាពការណ៍ពិត ដែលកំពុងតែកើតមាននៅក្នុងប្រទេស ដើម្បីបំពេញមហិច្ឆតា និង គោលនយោបាយរបស់បក្សពួកខ្លួន ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ការពិតវានៅតែជាការពិត។​

​តាមការបំភ្លឺរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល កាលពីពេលថ្មីៗនេះបានឲ្យដឹងថា​មកដល់ពេលនេះ កម្ពុជាបាន និងកំពុងតែស្ថិតនៅក្នុងដំណាក់កាលសន្តិភាព និងការកសាងឧត្តមភាព និងកិត្យានុភាពនៅលើឆាកអន្តរជាតិ ក្រោមការ ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី និងជាស្ថាបនិកនៃនយោបាយឈ្នះ-ឈ្នះ ហើយដែលអ្នកសេដ្ឋកិច្ចមួយចំនួនកំពុងតែរៀបចំទស្សនា ទានឈានទៅរៀបចំគោលនយោបាយសេដ្ឋកិច្ចនៅក្នុងស្រុកមួយ ដែលគេហៅថា ហ៊ុនសែនណូមិច ( HunSenomics)​​ គឺកំពុងតែនាំកម្ពុជាឈានទៅទទួលបានផ្លែផ្កាពីកំណើនសេដ្ឋកិច្ច ខ្លួនជាបន្តបន្ទាប់ ចាប់តាំងពីទទួលបានភាពជោគជ័យនៅក្នុងការសែ្វងរកសន្តិភាពដ៏ពេញបរិបូរណ៍ជូនប្រទេសកម្ពុជា កាលពីចុងឆ្នាំ​១៩៩៨មក ។

រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន បាននិងកំពុងអភិវឌ្ឍ សេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព តម្លាភាព ប្រសិទ្ធភាព ដើម្បីជាផលប្រយោជន៍សម្រាប់ ប្រជាជន និងប្រទេសជាតិខ្លួន។ កំណើនសេដ្ឋកិច្ចកម្ពុជា (GDP) ត្រូវបានប៉ាន់ស្មានថា សម្រេចបានក្នុងអត្រា ៧,១% សម្រាប់ឆ្នាំ២០១៩នេះ ប្រៀបធៀប ទៅនឹងឆ្នាំ២០១៨ មាន៧,៥% ដែលជាកំណើនខ្ពស់ជាងគេ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។ កម្ពុជាក៏មានអត្រា អតិផរណាកម្រិតទាប ក្នុងរង្វង់តែ ២,៨%។ កំណើនសេដ្ឋកិច្ចដ៏ល្អនេះ មានការគាំទ្រពីវិស័យសេវាកម្ម និងកំណើន ដ៏រឹងមាំពីវិស័យឧស្សាហកម្ម​ហើយអ្វីដែលជាកត្តាចម្បងនោះ គឺស្ថិរភាពនយោបាយ ដែលបានផ្តល់ទំនុកចិត្តដល់ វិនិយោគិន ក្នុងស្រុក និងក្រៅប្រទេស មកបណ្តាក់ទុននៅកម្ពុជាស្ទើរគ្រប់វិស័យ ជាពិសេសនៅក្នុងវិស័យសំណង់ កម្មន្តសាល និងសេវាកម្ម ក៏ដូចជាមានការកើនឡើងផ្នែកពាណិជ្ជកម្មអន្តរជាតិផងដែរ។

ស្ថានភាពនៃជីវភាពប្រជាជនកម្ពុជា ជាទូទៅមានភាពល្អប្រសើរ ដោយសារតែកំណើនផលិតផលក្នុងស្រុកសរុបជាមធ្យម សម្រាប់មនុស្សម្នាក់ៗ (GDP per capita) ត្រូវបានរំពឹងថានឹងកើនឡើងដល់ ១ ៦៧៩ ដុល្លារអាមេរិក នៅក្នុងឆ្នាំ២០១៩ ប្រៀបធៀបទៅនឹងឆ្នាំ២០១៨ មាន១ ៥៤៨ដុល្លារអាមេរិក ចំណែកឯអត្រានៃភាពក្រីក្រត្រូវបានកាត់បន្ថយមក ក្រោម១០%។

ស្ថានភាពទីផ្សារការងារនៅកម្ពុជាមានលក្ខណៈវិជ្ជមាន ពីព្រោះភាពគ្មានការងារធ្វើនៅកម្ពុជាក៏មានកម្រិតទាបប្រមាណ ជា០,៣%ប៉ុណ្ណោះ ខណៈដែលការងារថ្មីៗជាច្រើនទៀតត្រូវបានបង្កើតនៅក្នុងវិស័យឧស្សាហកម្ម សេវាកម្ម និងសំណង់។

នៅក្នុងក្របខ័ណ្ឌនៃការអនុវត្តគោលនយោបាយជាតិគាំពារសង្គម (២០១៦-២០២៥) រាជរដ្ឋាភិបាលកម្ពុជា ក៏បានយក ចិត្តទុកដាក់ខ្ពស់ទៅដល់សុខុមាលភាព និងសាមគ្គីភាពសង្គម ព្រមទាំងកាត់បន្ថយភាព ក្រីក្រជាអតិបរមា ដែលក្នុងនោះ រាជរដ្ឋាភិបាល បានបង្កើតបេឡាជាតិរបបសន្តិសុខសង្គម (បសស) ក្នុងគោលដៅផ្តល់នូវសេវាធានាសន្តិសុខសង្គម ដើម្បីជួយទំនុកបម្រុងដល់សុខុមាលភាពរបស់ ប្រជាពលរដ្ឋខ្មែរពេលចាស់ជរា និងនៅពេលរងហានិភ័យការងារផ្សេងៗ។ រាជរដ្ឋាភិបាល បានដាក់ចេញ នូវអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃមូលនិធិជនពិការនៅឆ្នាំ២០១០ អនុក្រឹត្យ ស្តីពីរបប គោលនយោបាយចំពោះជនពិការក្រីក្រនៅតាមសហគមន៍នៅឆ្នាំ២០១១ សេចក្តីប្រកាសស្តីពីការបង្កើត ប្រាក់វិភាគទានសប្បុរសធម៌មូលនិធិជនពិការនៅឆ្នាំ២០១២ ក៏ដូចជា អនុក្រឹត្យស្តីពីការគ្រប់គ្រងមជ្ឈមណ្ឌល ថែទាំមនុស្សចាស់នៅឆ្នាំ២០១៧។ ជាលទ្ធផលមានប្រជាជនកម្ពុជាជាង២លាននាក់ រាប់បញ្ចូលទាំងកម្មករ- និយោជិត អតីតមន្រ្តីរាជការ និងអតីតយុទ្ធជន និងជនពិការទទួលបានផល​ប្រយោជន៍​​ពីបេឡា​​ជាតិ​របប សន្តិសុខ​សង្គម (បសស) និងមូលនិធិជនពិការ ក៏ដូចជារបបគោលនយោបាយ​ជនពិការក្រីក្រនៅតាម សហគមន៍។ គោលនយោបាយនេះ ក៏បានជួយសម្រួលដល់កម្មករ-និយោជិតដែលមានគ្រោះថ្នាក់ពេល បំពេញការងារនៅតាមបណ្តាសហគ្រាស គ្រឹះស្ថានជាង ១៣ពាន់កន្លែង និងមានវិសាលភាពលើកម្មករ­-និយោជិតប្រមាណ ១,៧លាននាក់។ ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាលបាន យកចិត្តទុកដាក់ខ្ពស់លើ សុខុមាលភាពមាតា និងទារក ដែលបានឧបត្ថម្ភជូន កម្មករ-និយោជិតជាស្រ្តីសម្រាលកូនប្រមាណ ៩ម៉ឺន នាក់រួចទៅ​ហើយ ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ តាមរយៈកម្មវិធីបេឡាជាតិរបបសន្តិសុខសង្គម (បសស) និងកម្មវិធី​ផ្ទេរសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ សរុបជាទឹកប្រាក់ប្រមាណ ៣៦ពាន់លានរៀល ចាប់តាំងពី ខែមករា ឆ្នាំ២០១៨ ដល់ខែមេសា ឆ្នាំ២០១៩។ ក្រៅពីនោះ រាជរដ្ឋាភិបាល ក៏មានការជួយឧបត្ថម្ភលើផ្នែកមួយចំនួន ទៀតដូចជា ការពង្រីកការតភ្ជាប់បណ្តាញអគ្គិសនី ឱ្យដល់មូលដ្ឋាន ភូមិ ឃុំ និងកាត់បន្ថយតម្លៃអគ្គិសនី។

ការផ្តល់សេវាតាមយន្តការតាមច្រកចេញចូលតែមួយ កំពុងត្រូវបានពង្រឹង និងពង្រីកជាជំហានៗ ដោយមាន អង្គភាពច្រកចេញចូលតែមួយ នៃរាជធានី ខេត្ត ទាំង២៥ និងតាមបណ្តាក្រុង ស្រុក ខណ្ឌផ្សេងៗទៀត។ទន្ទឹមនឹងនេះ ការផ្ទេរធនធានហិរញ្ញវត្ថុពីថ្នាក់ជាតិ ទៅថ្នាក់ក្រោមជាតិ ត្រូវបានបង្កើនជាបន្តបន្ទាប់ ក្នុងនោះ សម្រាប់ឆ្នាំ២០១៩ ថវិការាជធានី ខេត្ត មានជិត ៣៦០លានដុល្លារ។ សម្រាប់មូលនិធិក្រុង ស្រុក មានជិត ៥០លានដុល្លារ និងមូលនិធិឃុំ សង្កាត់មានជំនួយជិត១៣០លានដុល្លារ ហើយបាន និងកំពុងរៀបចំបង្កើន មូលនិធិ​ឃុំ-សង្កាត់ផ្នែកអភិវឌ្ឍន៍ ចាប់ពីឆ្នាំ២០២០តទៅ។

ទាំងនេះគឺជាសមិទ្ធផល ដែលមិនមែនមានតែក្នុងរបាយការណ៍នោះទេ គឺសុទ្ធតែមានរូបរាង និង ភស្តុតាង ដ៏ប្រត្សក្រ ដែលគ្រប់គ្នាបាន និងកំពុងតែទទួល បានឃើញ បានឭ ដោយកាយវិញ្ញាណ ទាំង៥របស់មនុស្ស ប្រសិនបើគ្រប់គ្នាបើកចិត្ត បើកគំនិតទទួលយកការពិត ក៏ប៉ុន្តែជាការគួរឱ្យសោកស្តាយចំពោះ​មតិ និងទស្សនៈមួយចំនួន ដែលមិនបានឆ្លុះបញ្ចាំងនូវ ទិដ្ឋភាពជាក់ស្តែងនៅកម្ពុជា។

ដោយឡែកនៅក្រៅប្រទេសឯណោះវិញ ក្រុមអ្នកនយោបាយមួយចំនួន ក៏នៅតែបន្តដើរឃោសនា និង ព្យាយាមបំភ្លៃការពិត ។ ហេតុតែមានមហិច្ឆិតា និងចង់បង្កកលយុគនយោបាយ ពួកគេហ៊ាន ធ្វើការ ផ្សព្វផ្សាយ និងសូម្បីបញ្ចេញមតិយោបល់ ប្រមាថព្រះចេស្តាព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ដែលជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្រ្តខ្មែរ រហូតដល់ថ្នាក់ថា​ ព្រះអង្គគឺជា ចំណាប់ខ្មាំងនយោបាយមួយរូបថែមទៀត ខណៈ ដែលរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៧ បានចែងថា « អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពាន បានឡើយ » ហើយ មាត្រា៨ បានចែងថា « ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូប នៃឯកភាពជាតិ និងនិរន្តរភាពជាតិ។ ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរាណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នក ធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ។ » ​

ជាការពិត ចាប់តាំងពីមនុស្សចាប់ផ្តើមកកើតជាសង្គម ហើយបានចាប់ផ្តើមបង្កើតរចនាសម្ព័ន្ធសង្គម ជាជំហ៊ានៗ ហើយចេះ ចងក្រងប្រវត្តិសាស្រ្តមក រហូតដល់ពេលបច្ចុប្បន្ននេះ គ្មានសង្គមមនុស្ស ឬ សម័យ កាលណាមួយ ដែលគេអះអាងថា វាត្រឹមត្រូវ ល្អផូផង់ និងអាចបំពេញចិត្តមនុស្ស ប្រជាជន ប្រជាពលរដ្ឋ បានគ្រប់ស្រទាប់ គ្រប់វណ្ណៈ គ្រប់ជាតិសាសន៍ទាំង អស់បានឡើយ ។​ សង្គមកម្ពុជា នាពេលបច្ចុប្បន្ននេះ ក៏ដូចគ្នាផងដែរ ។ បាននេះនៅខ្វះនោះ ល្អអានេះ នៅអន់អានោះ វិស័យនេះរីកចម្រើន វិស័យនោះត្រូវកែលម្អ វាគឺជារឿងសត្យានុម័តរបស់សង្គម ប៉ុន្តែ យើងទាំងអស់គ្នាគួរតែគោរព​ និងឲ្យតម្លៃនូវចំណុចគោលធំៗ ដែលសង្គមមនុស្សភាគច្រើនត្រូវការជាគោល។ យើងទាំងអស់គ្នាគួរតែរួបរួមគ្នានៅក្នុងគោលការណ៍រួមមួយ គឺតម្កល់ផលប្រយោជន៍ជាតិជាធំ ទោះបីជាយើងមានទស្សនៈ មានគំនិតខុសគ្នា ឬ ផ្ទុយគ្នាក៏ដោយចុះ។ អ្នកដែលនៅខាងក្រៅគួរតែឲ្យតម្លៃ និងគោរព ព្រមទាំង​ទទួលស្គាល់ ការខិតខំ របស់អ្នកដែលនៅខាងក្នុង​ ហើយគួរតែអនុវត្តទៅតាមច្បាប់ ប្រសិនបើយើងទាំងអស់គ្នាចង់ឲ្យសង្គមយើងមាននិតិរដ្ឋពិត ប្រាកដ ។​ សូមកុំគិត ហើយអាងថា យើងមានសញ្ជាតិពីរ យើងអាចគេចវេសពីសំណាញ់ច្បាប់របស់ប្រទេស ហើយចេះតែ ដើរក្រឡុក សភាពការណ៍ស្រេចតែចិត្តណា សូមទុកឲ្យអ្នកនៅខាងក្នុងមានភាពស្ងប់ស្ងាត់ និងខិតខំបន្តអភិវឌ្ឍខ្លួន កែលម្អ និងកែទម្រង់ ផងបានទេ? អស់លោកអាចចូលរួមជាទស្សនៈ ឬ រៀបចំ ទស្សនាទានចូលរួមក៏បាន ប៉ុន្តែនៅក្នុងរូបភាព ដែលស្ថាបនា ឈរលើការពិត និង ផ្លូវច្បាប់នៅក្នុងប្រទេស។

ដោយ ហេង បញ្ញា