ក្រុមមិត្តភាពកងមាសគ្រោងជួបជុំគ្នា ដើម្បីប្រារព្ធ ពិធីជួបជុំមិត្ត និងដាក់បិណ្ឌសាមគ្គី មិត្តភាពកងមាសលើកទី៧ នៅថ្ងៃទី២១ ខែកញ្ញាខាងមុខនេះ

វិទ្យុជាតិកម្ពុជា៖ ដោយលោកហុក សុខរិន

កំពង់ចាម៖ក្រុមមិត្តភាពកងមាសដែលជាអតីតៈសិស្សានុសិស្សនៃវិទ្យាល័យសម្តេចហ៊ុនសែនពាមជីកង គ្រោងជួបជុំគ្នាធ្វើបុណ្យដាក់បិណ្ឌសាមគ្គីរួមគ្នាជាលើកទី៧ នៅថ្ងៃទី២១ ខែកញ្ញាខាងមុខនេះដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាព រវាងអតីតៈសិស្សានុសិស្សរួមជំនាន់និងជំនាន់ផ្សេងៗគ្នា ពិសេសសម្តែងការដឹងគុណចំពោះលោកគ្រូ អ្នកគ្រូដែលបានបង្ហាត់បង្រៀនកន្លងមក។

ក្រុមមិត្តភាពកងមាសអំពាវនាវដល់ក្រុមអតីតៈសិស្សានុសិស្សនៃវិទ្យាល័យសម្តេចហ៊ុនសែនពាមជីកងតំាងពីជំនាន់ទី១ដល់ជំនាន់ទី៥ និងជំនាន់ផ្សេងទៀត រួមទំាងអតីតៈលោកគ្រូ អ្នកគ្រូ អញ្ជើញចូលរួមក្នុងកម្មវិធីជួបជុំមិត្តនិងដាក់បិណ្ឌសាមគ្គីឲ្យបានគ្រប់ៗគ្នានៅថ្ងៃទី២១ ខែកញ្ញានេះ ស្ថិតនៅវត្តស្វាយតាហែន ឃុំរកាគយ ស្រុកកងមាស ខេត្តកំពុងចាម ដើម្បីឲ្យកម្មវិធីនេះបានប្រព្រឹត្តិទៅ កាន់តែមានភាពអធឹកធម។
លោកគិត ឆៃអ៊ីម តំណាងក្រុមការងារមិត្តភាពកងមាស ដែលជាអតីតៈសិស្សនៃវិទ្យាល័យសម្តេចហ៊ុនសែនពាមជីកង បានឲ្យដឹងថា ក្រុមការងាររបស់យើងបានត្រៀមរៀបចំលក្ខណៈ រួចរាល់អស់ហើយ ដែលពួកយើងទន្ទឹងរង់ចាំអស់ជាយូរខែមកហើយនោះ ដើម្បីធ្វើយ៉ាងណាឲ្យអ្នកចូលរួមក្នុងកម្មវិធីនេះមានស្នាមញញឹមសប្បាយរីក រាយគ្រប់ៗគ្នា ដោយសំដែងនូវភាពនឹករលឹកគ្នា ទៅវិញទៅមកជាពន់ពេក ពីជំនាន់មួយទៅជំនាន់មួយ ។ លោកបានឲ្យដឹងបន្ថែមថា ពួកយើងបានកំណត់ការជួបជុំគ្នាក្នុង១ឆ្នាំម្តង ហើយការជួបជុំនាពេលនោះ គឺមានគុណតម្លៃណាស់មិនត្រឹមតែបានផ្តល់ឱកាសក្នុងការធ្វើបុណ្យកាន់ បិណ្ឌរួមគ្នាប៉ុណ្ណោះទេ ប៉ុន្តែបានជួបជុំមិត្តភ័ក្ត ដែលធ្លាប់រៀន ជាមួយគ្នាពីអតីតកាលក្នុងវ័យកុមារភាព ។ ម្យ៉ាងវិញទៀតជាការ សម្ដែងនូវគុណូបការៈ តបស្នងចំពោះ លោកគ្រូ អ្នកគ្រូ ដែលបានបង្ហាត់បង្រៀនដល់ពួកយើង ដែលពួកគេមិនអាច បំភ្លេចបាននូវគុណបំណាច់របស់ពួកគាត់បានឡើយ។ លោកបានឲ្យដឹងទៀតថា នៅក្នុងកម្មវិធីនោះ ក្រៅពីការជួបជុំធ្វើបុណ្យ និងការហូបបាយសាមគ្គីរួមគ្នា ក្រុមការងារ នឹងធ្វើសកម្មភាព សប្បុរសធម៌មួយចំនួនទៀត ដើម្បីជាប្រយោជន៍ដល់សង្គម។
សម្លេង«ក្រុមយើងបានចូលរួមចំណែក ដែលមានគុណប្រយោជន៍ធំណាស់ គឺ ទី១.វេប្រគេនថវិកាមួយចំនួនសម្រាប់ ជួយកសាងក្នុងទីវត្តអារាម ទី២.ជូនថវិកាលោកគ្រូ អ្នកគ្រូ ដែលចាស់ជរាចូលនិវត្តន៍ ទី៣.យើងជួយទៅ ដល់បឋមសិក្សា និងសាលាមតេយ្យសិក្សា ហើយទី៤.យើងជួយ ទៅមិត្តភក្តិយើងដែលមានទុក្ខធុរៈ ឈឺថ្កាត់ឬស្លាប់ ជាដើម ចឹងយើងបានជួយគ្នាទៅវិញទៅមកទោះតិចក្តីច្រើនក្តីតាមលទ្ធភាព ដែលអាចពួកយើងជួយបាន ។
ចំណែកលោកហុក សិទ្ធិ អតីតៈសិស្សវិទ្យាល័យសម្តេចហ៊ុនសែនពាមជីកងជំនាន់ទី២ និងជាប្រធានអង្គការស៊ីប៉ាបានឲ្យដឹងដែរថា មិនថារូបលោកឬក្រុមអតីតៈសិស្សានុសិស្សដ៏ទៃទៀតទេ សុទ្ធតែទន្ទឹងរង់ចាំនៃការចូលរួមជួបជុំមិត្តភាពកងមាសប្រចាំឆ្នាំដ៏ធំមួយនេះ ព្រោះថា វាបានផ្តល់ភាពសប្បាយរីករាយនិងការនឹករលឹកគ្នាទៅវិញទៅមក។
សម្លេង«មិត្តភាពយើងកន្លងមកកាលពីឆ្នាំ១៩៨០ គឺពួកយើងសុទ្ធតែមានការលំបាកទំាង ជីវភាពរស់នៅ និងការសិក្សានៅសាលាជាមួយគ្នា ប៉ុន្តែដល់ពេលឥលូវយើងមានជីវភាពប្រសើរ ជាមុន ដូច្នេះយើងមិនត្រូវភ្លេចគ្រាក្រនៅតែចងចាំគ្នាទៅវិញទៅមក ហើយព្យាយាមជួបជុំគ្នា ឡើងវិញដឹងទុក្ខដឹងសុខគ្នា ហើយម្យ៉ាងទៀតគឺរំលឹកនឹកគុណគ្រូរបស់យើង»។
សូមបញ្ជាក់ថា តាមកម្មវិធីគ្រោងទុកពិធីជួបជុំ រំលឹកគុណគ្រូនិងធ្វើបុណ្យដាក់បិណ្ឌសាមគ្គីរួមគ្នាជាលើកទី៧ ដែលរៀបចំដោយក្រុមមិត្តភាពកងមាស ដែលប្រារព្វធ្វើឡើង នៅថ្ងៃទី២១ ខែកញ្ញាខាងមុខនេះ នឹងមានអតីតៈលោកគ្រូ អ្នកគ្រូ និងសិស្សនុសិស្សជាអតីតៈនៃវិទ្យាល័យសម្តេចហ៊ុនសែនពាមជីកងចូលរួមប្រមាណជាង៣០០នាក់៕