បេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិទ្ទេសA ចំនួន៦នាក់ ទទូលបានម៉ូតូម៉ាក ZOOMERX២០១៩ ម្នាក់មួយគ្រឿងពីរដ្ឋបាលខេត្តកំពង់ស្ពឺ

AKP កំពង់ស្ពឺ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ — នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាល ខេត្តកំពង់ស្ពឺ បានអញ្ជើញជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តនៅម៉ូតូម៉ាក ZOOMERX២០១៩ ក្នុងម្នាក់មួយគ្រឿង ជូនដល់សិស្សជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និទ្ទេសAចំនួណ៦នាក់ របស់ខេត្តកំពង់ស្ពឺ។

ក្នុងឱកាស់នោះឯកឧត្តម អភិបាលខេត្ត បានថ្លែងថា សម្រាប់ខេត្តកំពង់ស្ពឺចំនួនសិស្ស ជាប់បាក់ឌុប និទ្ទេសA ប៉ុន្មាននាក់ក៏បានដែរ ព្រោះថារង្វាន់មានរៀងរាល់ឆ្នាំ ដែលរដ្ឋបាល ខេត្តរៀបចំចែកជូនក្មួយៗ។ ហើយក្មួយៗដែលទទួលបានរង្វាន់នាពេលនេះ ត្រូវតែខិតខំប្រឹង ប្រែង រៀនសូត្របន្តទៀត ដើម្បីចូលរូមចំណែកអភិវឌ្ឍន៍ ធនធានមនុស្សនិងសង្គមជាតិ។ ដូចគ្នានេះដែរ ត្រូវចេះចែករំលែកនូវចំណេះដឹងនិងបទពិសោធន៍ ដែលខ្លួនមានទៅដល់ប្អូនៗ សិស្សានុសិស្ស ជំនាន់ក្រោយឱ្យទទួលបានលទ្ធផលល្អដូចក្មួយៗនាពេលនេះដែរ។

គួរបញ្ជាក់ថា បេក្ខជនដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០១៩ នេះមាន ចំនួន៣១៩៨នាក់ ក្នុងចំណោមបេក្ខជនដែលមក ប្រឡងចំនួន៤៣០៥នាក់។ ក្នុងនោះបេក្ខជន ដែលទទួលបាននិទ្ទេស A ចំនួន៦នាក់ និទ្ទេសB ចំនួន៥៣នាក់ និទ្ទេស C ចំនួន១៨៨នាក់ និទ្ទេសD ចំនួន៥៥៨នាក់ និងនិទ្ទេសE មានចំនួន២៣៩៣នាក់។ សិស្សដែល ទទួលបាន និទ្ទេសAគឺ៖ ទី១.កញ្ញា ហង់សុខ ខេន មកពីវិទ្យាល័យ សម្តេចឪ សម្តេចម៉ែ (ស្រុកបសេដ្ឋ), ទី២.កញ្ញា ម៉ុក ច័ន្ទ ម៉ូលីនដាន, ទី៣. កញ្ញា ភេមដាណា អ្នកទាំងពីរមកពីវិទ្យា ល័យកំពង់ស្ពឺ (ក្រុងច្បារមន), ទី៤,កញ្ញា ទូច វុចហ៊ួ មកពីវិទ្យាល័យត្រែងត្រយឹង (ស្រុកភ្នំស្រួច), ទី៥. កញ្ញាចេស្តា ហួត នីតា មកពីវិទ្យាល័យអន្លង់ជ្រៃ(ស្រុកថ្ពង) និងទី៦.កញ្ញា ហ៊ន មីថុនា មកពីវិទ្យា ល័យឧដុង្គ(ស្រុកឧដុង្គ)៕

ដោយលឹម សាន្ត