ក្រសួងបរិស្ថានជូនដំណឹងទៅម្ចាស់លក់វត្ថុអនុស្សាវរីយ៍ចំនួន២៧កន្លែង ​ក្នុងរាជធានីភ្នំពេញ​ដែលសង្ស័យថា លក់ដូរគ្រឿងចម្លាក់ធ្វើពីភ្លុកដំរី និងកុយរមាស

AKP ភ្នំពេញ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ — ក្រសួងបរិស្ថានបានចេញលិខិតជូនដំណឹងទៅម្ចាស់អាជីវកម្មដ្ឋានលក់វត្ថុអនុស្សាវរីយ៍ចំនួន ២៧កន្លែង នៅក្នុងរាជធានីភ្នំពេញដែលសង្ស័យថាអាចមានការលក់ដូរគ្រឿង ចម្លាក់ ធ្វើពីភ្លុក​ដំរី និងកុយរមាស ឬធ្វើពាណិជ្ជកម្មក្នុងរូបភាពផ្សេងទៀតពាក់ព័ន្ធនឹងសត្វព្រៃ និងតម្រូវឱ្យ​បញ្ឈប់​ជាបន្ទាន់ ព្រោះខុសនឹងច្បាប់ព្រៃឈើ និងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។ នេះគឺជា​ការបញ្ជាក់ឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩នេះ ដោយបានបញ្ជាក់ថា រហូតមកទល់ពេលនេះ ក្រសួងបរិស្ថានបានជូនដំណឹងដល់ម្ចាស់អាជីវកម្មលក់វត្ថុអនុស្សាវរីយ៍ចំនួន៥៩កន្លែង ហើយ ក្នុងនោះ រួមមានរាជធានីភ្នំពេញចំនួន២៧កន្លែង ខេត្តសៀមរាបចំនួន៣០កន្លែង និងខេត្ត ព្រះសីហនុចំនួន២កន្លែង។ ឯកឧត្ដមបានគូសបញ្ជាក់ថា ប្រសិនបើម្ចាស់អាជីវកម្មមាន​លាក់​ទុក ឬលក់វត្ថុអនុស្សាវរីយ៍ធ្វើពីភ្លុកដំរី និងកុយរមាសនេះ សូមប្រញាប់ប្រគល់ជូន​ដល់​សមត្ថ​កិច្ច ហើយប្រសិនបើសមត្ថកិច្ចរកឃើញ​និងចាប់បាននឹងចាត់វិធានការចំពោះជនល្មើស​តាម​ច្បាប់ជាចាំបាច់។ ឯកឧត្ដមរដ្ឋលេខាធិការបានបន្ដថា ការលក់ដូរគ្រឿងចម្លាក់ធ្វើពីភ្លុកដំរី និង​កុយរមាស ឬធ្វើពាណិជ្ជកម្មក្នុងរូបភាពផ្សេងទៀតពាក់ព័ន្ធនឹងសត្វព្រៃផ្សេងគឺល្មើស​ច្បាប់ត្រង់​មាត្រា ៩៧ (ចំណុចទី១០) និងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ត្រង់មាត្រា ៥៩ (ចំណុចទី៥) ដែលប្រសិនបើរកឃើញថាមានកំហុស នឹងត្រូវប្រឈមមុខនឹងការផាកពិន័យយ៉ាងធ្ងន់ធ្ងរ និង​ប្រឈមមុខនឹងការផ្តន្ទាទោសជាប់ពន្ធនាគារថែមទៀតផង។

​ការជូនដំណឹងដល់ម្ចាស់អាជីវកម្មដ្ឋានពីការជួញដូរសត្វព្រៃខុសច្បាប់របស់ក្រសួងបរិស្ថាននេះ ត្រូវធ្វើឡើងបន្ទាប់ពីតាមរបាយការណ៍អង្កេតស្រាវជ្រាវយ៉ាងដិតដល់របស់ កម្លាំង​មាន​សមត្ថកិច្ចនាពេលថ្មីៗនេះ បានបង្ហាញថា ហាងលក់វត្ថុអនុស្សាវរីយ៍មួយចំនួនមានលក់​គ្រឿង​ចម្លាក់ពីភ្លុកដំរី និងកុយរមាសដែលច្បាប់ហាមឃាត់។ ការធ្វើពាណិជ្ជកម្មដូចជាការលក់ នាំចូលនិងនាំចេញនូវទំនិញដូចបានបញ្ជាក់ជូនខាងលើគឺជាបទល្មើសព្រហ្មទណ្ឌដោយអ្នកប្រព្រឹត្ត និងអ្នកជាប់ពាក់ព័ន្ធត្រូវផ្តន្ទាទោសជាប់ពន្ធនាគារ និងត្រូវបានចាត់ចូលជាឧក្រិដ្ឋកម្ម​ដូច​មានចែងនៅក្នុងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

ជាងនេះទៀត ការកើតមាននូវសកម្មភាពទាំងនេះនៅលើទឹកដីនៃព្រះរាជាណាចក្រ​កម្ពុជា នឹងជះឥទ្ធិពលអវិជ្ជមានចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនាម​ជារដ្ឋសមាជិកនៃអនុសញ្ញាស្តីពីការធ្វើពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វព្រៃ និងរុក្ខជាតិ កំពុងរងគ្រោះថ្នាក់ ក៏ដូចជាធ្វើឱ្យខូចកិត្តិស័ព្ទរបស់កម្ពុជាលើឆាកអន្តរជាតិ។

ឯកឧត្តមរដ្ឋលេខាធិការលើកឡើងថា ការចេញលិខិតជូនដំណឹងនេះ​ដើម្បីណែនាំដល់​ម្ចាស់អាជីវកម្ម​ទាំងឡាយបញ្ឈប់ជាបន្ទាន់នូវការជួញដូរសត្វព្រៃខុសច្បាប់នេះ និងការពង្រឹង​បន្ថែមនូវការអនុវត្តច្បាប់ប្រឆាំងនឹងបទល្មើសដើម្បីលុបបំបាត់ការជួញដូរសត្វព្រៃគ្រប់រូបភាពទាំងអស់ទាំងកន្លែងកែច្នៃ និងកន្លែងលក់។ ឯកឧត្តមថ្លែងថា “កម្ពុជាក្នុងនាមជាសមាជិក អង្គការសហប្រជាជាតិគឺត្រៀមខ្លួនរួចជាស្រេច ក្នុងការសហការជាលក្ខណៈអន្តរជាតិជាមួយ ប្រទេសទាំងអស់ ក្នុងការអភិរក្សធនធានធម្មជាតិ និងទប់ស្កាត់ ក៏ដូចជាប្រឆាំងនឹងការជួញដូរ សត្វព្រៃខុសច្បាប់។ កម្ពុជាបាន និងកំពុងចូលរួមយ៉ាងសកម្មក្នុងការការប្រយុទ្ធប្រឆាំងនឹងការ ជួញដូរសត្វព្រៃខុសច្បាប់ ហើយកម្ពុជាក៏បានសហការក្នុងនាម ជាដៃគូអន្តរជាតិនានាក្នុងការ ទប់ស្កាត់ បង្ការ និងបង្ក្រាបការជួញដូរសត្វព្រៃខុសច្បាប់ដែរនៅលើពិភពលោក។” ឯកឧត្តម បានថ្លែងបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា មានការតាំងចិត្តខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងការ ជួញដូរសត្វព្រៃខុសច្បាប់ និងលើកឡើងថា គ្រប់ភាគីពាក់ព័ន្ធត្រូវធ្វើការងាររួមគ្នាដើម្បីលុប បំបាត់ការជួញដូរខុសច្បាប់នេះ។ ឯកឧត្តមរដ្ឋលេខាធិការបានបន្ថែមទៀតថា កម្ពុជាបាន​រៀបចំយន្តការ ក៏ដូចជាមានច្បាប់ និងអនុវត្តន៍ជាប្រចាំដើម្បីបង្ការ ទប់ស្កាត់ និងប្រឆាំងការ​ជួញ​ដូចសត្វព្រៃ ខុសច្បាប់នេះ ហើយបានបង្ក្រាបលើបទល្មើសជាច្រើន ហើយរំដោះសត្វ​ព្រៃ​ជាច្រើនពីក្រញាំដៃនៃក្រុមជនល្មើស ព្រមទាំងបានចាប់ខ្លួន បញ្ជូនសំណុំរឿងទៅតុលាការ​ផ្តន្ទាទោសតាមច្បាប់ ក៏ដូចជាការផាកពិន័យជាប្រាក់ជាដើម។

សូមរម្លឹកថា កន្លងមក អាជ្ញាធរមានសមត្ថកិច្ចកម្ពុជាបានចាប់ឃាត់ភ្លុកដំរី កុយ​រមាស និងគ្រឿងចម្លាក់ពីភ្លុកដំរី កុយរមាសដែលលួចនាំចូលក្នុងប្រទេសកម្ពុជា និងលួចនាំចេញទៅ ក្រៅប្រទេសជាច្រើនករណី។ យោងតាមតួលេខដែលទទួលបាន ចាប់ពីឆ្នាំ២០១៦ រហូតមក ទល់នឹងចុងឆ្នាំ២០១៨ ភ្លុកដំរី និងកុយរមាសជាច្រើនពាន់ដុំមានទម្ងន់សរុបប្រមាណជាង ៥ តោន ត្រូវបានអាជ្ញាធរកម្ពុជាបង្ក្រាប។ ក្រៅពីនេះ ក៏មានស្រកាពង្រូល និងឆ្អឹងសត្វព្រៃ​ផ្សេង ទៀតដែលត្រូវបានអាជ្ញាធរបង្ក្រាបបានផងដែរ។ កាលពីខែកុម្ភៈ ឆ្នាំ ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានណែនាំឱ្យសមត្ថកិច្ច​ត្រូវរក្សាទុក​នូវ​ភ្លុកដំរី កុយរមាស និងសំណាកសត្វកម្រដទៃទៀតដែលកម្លាំងសមត្ថកិច្ចកម្ពុជា​បង្ក្រាបបាន​រក្សាទុកដើម្បីដាក់តាំងពិព័រណ៌សម្រាប់សាធារណជនទស្សនា និងសម្រាប់បម្រើឱ្យការ​សិក្សា​ស្រាវជ្រាវវិទ្យាសាស្ត្រផងដែរ ព្រោះនេះគឺជារបស់កម្រហើយវាជារបស់ដែលវាជិតដាច់ពូជ​ទៀត​ផង។ បច្ចុប្បន្ន ភ្លុកដំរី និងកុយរមាស រួមនឹងសំណាកសត្វកម្រផ្សេងទៀតត្រូវបាន​រក្សា​ទុក​នៅកន្លែងដ៏មានសុវត្ថិភាពបំផុត។​

ឯកឧត្ដម នេត្រ ភក្រ្ដា ក៏បានលើកឡើងផងដែរថា កម្ពុជាក៏បានបង្ហាញពីការតាំង​ចិត្ត​ខ្ពស់​ក្នុងការចូលរួមប្រយុទ្ធប្រឆាំង នឹងការជួញដូរសត្វព្រៃខុសច្បាប់ ហើយនាពេលថ្មីៗនេះ តាម​រយៈអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាដោយបានចេញវិធានការរឹតបន្តឹងការងារទប់ ស្កាត់ និងបង្ក្រាបការនាំចូល ការនាំចេញ និងការឆ្លងកាត់នូវភ្លុកដំរី កុយរមាស គ្រឿងចម្លាក់ កែច្នៃពីភ្លុកដំរីនិងកុយរមាសខុសច្បាប់ សត្វនិងរុក្ខជាតិងាយរងគ្រោះ និងបំបែករបស់វាដទៃ ទៀត។ ការប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃទាំងនេះ គឺដើម្បីធានាការអនុវត្ដ​ច្បាប់ដែល​ហាមឃាត់ឱ្យកាន់តែមានប្រសិទ្ធភាពដោយដាក់ចុះនូវវិធានការចំនួន៦ ចំណុច រួមមានដូចជា ការពង្រឹងការសិក្សា វិភាគ វាយតម្លៃព័ត៌មានដែលមាននៅលើ​និវេទន៍​ប័ណ្ណ អញ្ញត្តិប័ណ្ណ វិក្កយបត្រ និងឬបញ្ជីវេចខ្ចប់ដើម្បីកំណត់មុខសញ្ញានៃការនាំចូល ការនាំ​ចេញ និងការឆ្លងកាត់​ខុសច្បាប់នូវទំនិញហាមឃាត់ដូចជាភ្លុកដំរី កុយរមាស គ្រឿងចម្លាក់កែច្នៃពីភ្លុកដំរីនិងកុយ​រមាស​ខុសច្បាប់៕

ដោយ រិទ្ធី