សមាគមពុទ្ធសាសនិកកម្ពុជា-ចិន ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសា​​ស្រ្ត​​គ្រប់ជ្រុងជ្រោ​​យ​រវាងប្រទេសទាំងពី​រកម្ពុជា​-​ចិន

AKP ភ្នំពេញ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ — ឯកឧត្តមកិតិ្តបរិរក្សបណ្ឌិត គាត ឈន់ ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ​​បានមានប្រសាសន៍ថា ការដាក់ឱ្យដំណើរការសមាគមពុទ្ធសាសនិកកម្ពុជា-ចិន គឺជា​សក្ខីកម្ម​បង្ហាញ​ឱ្យឃើញនូវការពង្រឹង ​និងពង្រីកកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសា​​ស្រ្ត​​គ្រប់ជ្រុង ជ្រោ​​យ ​រវាងប្រទេសទាំងពី​រកម្ពុជា​-​ចិន ដែលឈាន​ឡើងមួយ​កម្រិត​ថ្មី​ថែម​ទៀត។

ក្នុងពិធីសម្ពោធសមាគមពុទ្ធសាសនិកកម្ពុជា-ចិន ដែល​បាន​រៀបចំឡើង​នៅ​ក្នុង​បរិវេណវត្តបទុមវតី សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញកាលពីព្រឹកថៃ្ងទី១២ ខែកញ្ញា ឆ្នាំ២០១៩  ឯកឧត្តមកិតិ្តបរិរក្សបណ្ឌិត គាត ឈន់​ បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការ តាមរយៈសមាគមពុទ្ធសាសនិកកម្ពុជា-ចិន នេះជាសញ្ញា​កំណ​ត់​​បង្ហាញ​នូវការបោះជំហាន​ឆ្ពោះទៅមុខ​នៃ​កិច្ច​សហ​ប្រតិបត្តិកា​រ​កាន់​តែ​ទូលំទូលាយ ស៊ី​ជម្រៅ​កាន់​តែ​​ខ្លាំងរវាងប្រទេស ទាំងពីរកម្ពុជា-ចិន មិនត្រឹមតែនៅក្នុងវិស័យអាណាចក្រប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងវិស័យ ពុទ្ធចក្រផងដែរ។

ឯកឧត្តមប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានបន្តថា «​​ព្រះពុទ្ធសាសនា របស់យើង បាន និងកំពុងដើរតួជាស្នូលយ៉ាងសំខាន់នៃវប្បធ​​ម៌​​​សន្តិភាព ដែលប្រជាពលរដ្ឋទាំង មូលបានផ្តល់នូវតម្លៃយ៉ាងខ្ពស់ ហើ​យ​ខិតខំពង្រឹងនិ​​​ង​​​​លើ​​ក​​​ស្ទួយឱ្យក្លាយទៅជាសីលធម៌សង្គម និងជាបែបផែនរស់នៅនៃប្រជាជនយើងគ្រប់ជាន់ថ្នា​ក់​។ ព្រះពុទ្ធសាសនា ក៏បាននិងកំពុង ដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំប្រៀនប្រដៅ កា​យ​វាចារចិត្ត ត្រួសត្រាយផ្លូវល្អសម្រាប់ ពុទ្ធសាសនិក និងប្រជាជនទាំងអស់»។

លើសពីនេះទៅទៀត ពុទ្ធសាសនាត្រូវបានលើកតម្កើង ព្រះពុទ្ធសាសនាជាសាសនា របស់រដ្ឋ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ​នៃ​ព្រះរាជា​ណាចក្រកម្ពុជា ហើយពុទ្ធចក្រ និងអាណាចក្រ​​បាននិងកំពុងដើរទន្ទឹមគ្នា និងបំ​ពេ​ញ​​ឱ្យគ្នា​ទៅវិញទៅមក ទើបមានការអភិវឌ្ឍប្រទេសជាតិឥត ឈប់ឈរដូចសព្វថ្ងៃ​។ ក្នុងន័យនេះ ការអភិវឌ្ឍសេ​ដ្ឋកិច្ច សង្គម​កិច្ចរបស់ប្រទេសជាតិនឹងអាច ប្រព្រឹត្តទៅបានប្រកបដោយសមធម៌ និងមានចីរភា​ព ទាមទារឱ្យ​មានការអភិវឌ្ឍ ផ្នែកសីលធម៌ និងចរិយាធម៌ផងដែរ។ ប្រការនេះ នឹងធ្វើឱ្យព្រះពុ​ទ្ធ​សាស​នា​ក្លាយជាមូលដ្ឋានគ្រឹះកាន់តែរឹងមាំ ខ្លាំងឡើងសម្រាប់ការអប់រំសីលធម៌ ចរិយាធម៌រ​បស់ សង្គមជាតិកម្ពុជា។

ឯកឧត្តម កិត្តិបរិរក្សបណ្ឌិត គាត ឈន់ មានជំជឿជាក់យ៉ាងមុតមាំថា វត្តមានរបស់សមា គមពុទ្ធសាសនិកកម្ពុជា-ចិន នឹងបង្កើននូវកិច្ចសហប្រតិបត្តិការក្នុងវិស័យ​ព្រះពុទ្ធសាសនា ថែមទៀត សម្រា​ប់ធ្វើឱ្យសម្រេចបាននូវគោលបំណង និងគោលដៅរបស់សមាគម ដូចមានចែងនៅ ក្នុងប្រការ ១ និងប្រការ២​​ នៃជំពូកទី១ នៃលក្ខន្តិកៈរបស់សមាគម។

ឯកឧត្តម ក៏សូមលើកទឹកចិត្តចំពោះ សមាគមពុទ្ធសា​សនិ​ក ​​កម្ពុជា-ចិន ឱ្យធ្វើសកម្ម ភាពស្របតាមច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិ​បាល ប្រកា​ស​ស្តីពីការណែនាំ អនុវត្តន៍កាតព្វកិច្ចសារពើពន្ធរបស់សមាគនិងអង្គការមិនមែនរដ្ឋាភិបា​ល និងស្របតាមលិខិត បទដ្ឋានគតិយុត្តនានាជាធរមាន ព្រមទាំងស្របតាមលក្ខន្តិ របស់ខ្លួនដូចបានតម្កល់ ទុកនៅក្រសួងមហាផ្ទៃ ដោយមិនមានការរើសអើង ការប្រកាន់ពូ​ជ​សាសន៍ ពណ៌សម្បុរ ភេទ ឬ​សាសនាណាមួយឡើយ។ សូមឱ្យពុទ្ធសាសនិកទាំងអ​​ស់ គោរពប្រតិបត្តិឱ្យបានខ្ជាប់​ខ្ជួនចំពោះ វិស័យព្រះពុទ្ធសាស​នា និងចូលរួមដល់ការពង្រឹង និងពង្រីកវិស័យព្រះពុទ្ធសាសនា ដែលជាផ្នែកមួយដ៏សំខាន់នៃព្រលឹង និងវប្បធម៌ដ៏ល្អផូរផង់របស់ជាតិយើងទាំងអស់គ្នា៕

ដោយ គង់ សិរីរ័ត្ន