សម្តេចប្រមុខរដ្ឋស្តីទី លើកទឹកចិត្តដល់រដ្ឋាភិបាលទាំងពីរកម្ពុជា-ឡាវ បន្តពិនិត្យដោះស្រាយ ខ្សែបន្ទាត់ព្រំដែនដែលនៅសេសសល់ដោយឈរលើកិច្ចសហប្រតិបត្តិការល្អ

AKP ភ្នំពេញ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ — សម្តេចវិបុលសេ នាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានលើកទឹកចិត្តដល់រដ្ឋាភិបាល នៃប្រទេសទាំងពីរកម្ពុជា-ឡាវ បន្តពិនិត្យដោះស្រាយខ្សែបន្ទាត់ព្រំដែនដែលនៅសេសសល់ ១៤ភាគរយទៀត ដោយឈរលើស្មារតីមិត្តភាព សន្តិភាព កិច្ចសហប្រតិបត្តិការ និងឈរលើ មូលដ្ឋានច្បាប់អន្តរជាតិ និងឯកសារពាក់ព័ន្ធ ដើម្បីប្រែក្លាយព្រំដែនប្រទេសទាំងពីរជាព្រំដែន សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីនាំមកនូវភាពសុខ សាន្តជូនប្រទេស ជាតិ និងប្រជាជននៃប្រទេសទាំងពីរ។

នៅក្នុងជំនួបសវនាការជាមួយឯកឧត្តមបណ្ឌិត ថងលូន ស៊ីស៊ូលីត (THONG LOUN SISOU LITH) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាព្រឹកថ្ងៃ ទី១៣ ខែកញ្ញា ឆ្នាំ២០១៩នេះនៅវិមានព្រឹទ្ធសភា ខណ:ដែលឯកឧត្តមដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចជាផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក្នុងព្រះបរមនាមព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា និងខ្លួនសម្តេចផ្ទាល់  បានស្វាគមន៍ដ៏កក់ក្តៅចំពោះឯកឧត្តមនាយករដ្ឋមន្រ្តី និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ សម្តេចប្រមុខរដ្ឋស្តីទី ក៏បានពាំនាំនូវព្រះរាជបណ្តាំសាកសួរសុខទុក្ខដោយ សេចក្តីស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅបំផុតពី ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនឯកឧត្តមនាយករដ្ឋមន្រ្តីផងដែរ។

សម្តេចប្រមុខរដ្ឋស្តីទី មានជំនឿជាក់ថា ដំណើរទស្សន កិច្ចជាផ្លូវការរបស់ឯកឧត្តមនៅ ព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺមានសារៈសំខាន់ដល់ការបន្តខិតខំរក្សាប្រពៃណី ដ៏ល្អនៃចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរឱ្យកាន់តែល្អប្រសើរឡើង និងរឹងមាំថែមទៀត។ ទំនាក់ទំនងដ៏ល្អនេះ បានចាប់ផ្តើមស្ថាបនាឡើងរវាងព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” និងថ្នាក់ដឹកនាំជាន់ខ្ពស់ឡាវជំនាន់មុន។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរកាន់តែល្អប្រសើរ និងបាននាំមកនូវផល ប្រយោជន៍ដ៏ធំធេងទៅវិញ ទៅមកសម្រាប់ប្រជាជន និងប្រទេសទំាងពីរទាំងក្នុងពេលបច្ចុប្បន្ន និងពេលអនាគត។

សម្តេចប្រមុខរដ្ឋស្តីទី បានសង្កេតឃើញថា ប្រមុខរដ្ឋាភិបាល និងមន្រ្តីថ្នាក់ដឹកនាំ ជាន់ខ្ពស់គ្រប់លំដាប់ថ្នាក់នៃប្រទេសទាំងពីរ បានធ្វើការផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញ ទៅមកជាញឹកញាប់។ ជាពិសេសការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ការផ្លាស់ប្តូរ ទេសចរណ៍ និងការផ្លាស់ប្តូរពាណិជ្ជកម្ម វិនិយោគ ដែលបានរួមចំណែកយ៉ាងធំធេង ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៃប្រទេសទាំងពីរ។ ប្រទេសទាំងពីរបានសម្របសម្រួល និងធ្វើកិច្ចសហប្រតិបត្តិការបានល្អប្រសើរ នៅក្នុងវេទិកាពហុភាគីក្នុងក្របខ័ណ្ឌអាស៊ាន CLV, CLMV សហប្រតិបត្តិការមេគង្គ មហាអនុតំបន់មេគង្គ (GMS), ACMECS និងអង្គការសហប្រជាជាតិ។

សម្តេចប្រមុខរដ្ឋស្តីទី បានគូសបញ្ជាក់ថា ប្រទេសកម្ពុជាចាត់ទុកប្រទេសឡាវ ជាដៃគូដ៏ល្អ ជាមិត្តល្អ ជាបងប្អូនល្អ និងជាអ្នកជិតខាងល្អ ហើយត្រៀមគ្រប់លក្ខណសម្បត្តិ បន្តជួយគាំទ្រគ្នាទៅ វិញទៅមក ក្នុងពេលបច្ចុប្បន្ន និងក៏ដូចជាពេលអនាគត។

សម្តេចប្រមុខរដ្ឋស្តីទី បានបញ្ជាក់ថា ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន និងកំពុង ទទួលបាននូវសន្តិភាព ស្ថិរភាពនយោបាយ និងសង្គមល្អប្រសើរ។ ប្រជាជនកម្ពុជាកំពុងរស់ នៅក្នុងភាពសុខដុម រមនា គ្មានការរើសអើងអំពីនិន្នាការនយោបាយអតីតកាល ជាតិសាសន៍ ជំនឿសាសនា ក្នុងសង្គមឡើយ។ ប្រទេសកម្ពុជាកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យកំណើន សេដ្ឋកិច្ចនៅតែបន្តរីកចម្រើនជាលំដាប់។

សម្តេចប្រមុខរដ្ឋស្តីទី បានសម្តែងនូវសេចក្តីសប្បា យរីករាយ ដោយបានមើល ឃើញអំពីការរីកចម្រើនផ្នែកសេដ្ឋកិច្ច-សង្គមរបស់ប្រជាជន និងប្រទេសឡាវជាបងប្អូន និងសូមប្រសិទ្ធពរជូនបក្សប្រជាជនបដិវត្តឡាវ រដ្ឋាភិបាល និងប្រជាជនឡាវ ទទួលបានជោគ ជ័យដ៏ធំធេងឧត្តុង្គឧត្តមក្នុងភារកិច្ចការពារ និងកសាងប្រទេស។ តាមរយៈឯកឧត្តម នាយករដ្ឋមន្រ្តី សម្តេចប្រមុខរដ្ឋស្តីទី ក៏បានផ្តាំផ្ញើនូវព្រះរាជបណ្តាំសួរ សុខទុក្ខដោយសេចក្តី គោរព សេចក្តីនឹករលឹក សេចក្តីស្រឡាញ់រាប់អានដ៏ខ្ពង់ខ្ពស់ និងជ្រាលជ្រៅពីព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហា ក្សត្រ នៃព្រះរាជាណាចក្រកម្ពុ ជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ និងថ្នាក់ដឹកនាំកំពូលជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះថ្នាក់ដឹក នាំកំពូលគ្រប់លំដាប់ថ្នាក់នៃសាធារណ រដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវផងដែរ។

ក្នុងឱកាសនេះដែរឯកឧត្តមបណ្ឌិត ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីឡាវ ជាមួយការសម្តែងការគួសមបានជម្រាបជូនសម្តេចប្រមុខ រដ្ឋស្តីទីអំពីលទ្ធផលនៃជំនួប ជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយភាគីទាំងពីរ បានពិភាក្សាគ្នាលើបញ្ហាសំខាន់ៗជាច្រើន ពាក់ព័ន្ធនឹងការជំរុញ និងការរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបតិ្តការជាប្រពៃណី រវាងប្រទេស ទាំងពីរ។ ទន្ទឹមនឹងនោះនាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ បានធ្វើជាសក្សីភាព ក្នុងពិធីចុះហត្ថ លេខាលើឯកសារជាច្រើនច្បាប់។ ទាំងអស់នេះ គឺជាមូលដ្ឋាន ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលមានតាំងពីបុរាណកាលមក ដើម្បីបន្តពូនជ្រំឱ្យប្រទេសទាំងពីរមានការអភិវឌ្ឍ និងមានកិច្ចសហប្រតិបត្តិការគ្នាល្អ។

ឯកឧត្តមនាយករដ្ឋមន្រ្តីឡាវ បានជម្រាបជូនបន្ថែមទៀតថា នាយករដ្ឋមន្រ្តីនៃ ប្រទេសទាំងពីរ ក៏បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមជាមួយគ្នា។ នៅក្នុងនោះ ខ្លឹមសារដ៏សំខាន់ គឺការលើកកម្ពស់កម្រិតទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរ គឺជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ គង់វង្ស និងយូរអង្វែង។ ចំពោះបញ្ហាព្រំដែន ឯកឧត្តមនាយករដ្ឋមន្រ្តីឡាវបានបញ្ជាក់ថា ភាគីទាំងពីរនឹងខិតខំធ្វើយ៉ាង ណាឱ្យព្រំដែននៃប្រទេសទាំងពីរក្លាយជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ ចំណុចដែលនៅសេសសល់ ភាគីទាំងពីរបានប្រគល់ភារកិច្ចទៅឱ្យក្រសួង ការបរទេស ក៏ដូចជាគណៈកម្មការចម្រុះព្រំ ដែននៃប្រទេសទាំងពីរបន្តពិភាក្សាដោះស្រាយ ជាមួយនឹងគ្នា ដើម្បីធ្វើយ៉ាងណាកុំឱ្យមានការប្រឈមមុខដាក់គ្នារវាងកងកម្លាំងប្រដាប់ អាវុធនៃប្រទេសទាំងពីរ។

ឯកឧត្តមនាយករដ្ឋមន្រ្តីឡាវមានជំនឿថា ប្រទេសទាំងពីរនឹងបន្តពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរជាងនេះទៅទៀត។ ឯកឧត្តមសង្ឃឹមថា អង្គការ នីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ នឹងបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជា មួយគ្នាឱ្យកាន់តែរឹងមាំបន្ថែមទៀត៕

ដោយ ប៉ាល់ សុង