កម្ពុជាបើកសម្ពោធកាលបរិច្ឆេទផ្លូវការស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះ

AKP ភ្នំពេញ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ — ព្រះរាជាណាចក្រកម្ពុជា ក្នុងឋានៈជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ បានប្រារព្ធ​ពិធីសម្ពោធកាលបរិច្ឆេទផ្លូវការនៃព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រការប្រកួតកីឡាស៊ីហ្គេម លើកទី​៣២ និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាផ្លូវការហើយ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩​នេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ  ក្រោមអធិបតីសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំ​ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)​។

ក្នុងពិធីសម្ពោធកាលបរិច្ឆេទនេះ គឺជាការរាប់ថយក្រោយ (Countdown) ក្នុងវេទិកាជាតិ លើកទី១ ដើម្បីផ្សព្វផ្សាយព្រឹត្តិការណ៍កីឡា SEA Games និង ASEAN Para Games ឆ្នាំ២០២៣ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ដ្រីកីឡា អ្នកជំនាញបរទេស មន្ដ្រីសហព័ន្ធ និងកីឡាករ-កីឡាការិនីជាច្រើន ព្រមទាំងឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសនានា ក្នុងតំបន់​អាស៊ាន​ផងដែរ ជាមួយពិធីសម្តែងសិល្បៈ ការសម្តែងក្បាច់គុន កីឡារាំ និងប្រភេទកីឡា កីឡា​ជាច្រើនមុខទៀត យ៉ាងអធិកអធមទៀតផង។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានបង្ហាញនូវរបាយការណ៍​សកម្មភាព និងវឌ្ឍនភាព ការងាររបស់ CAMSOC ជាបន្តបន្ទាប់ដូចជាផ្នែករដ្ឋបាល ហិរញ្ញវត្ថុ សិក្ខាសាលា ហើយបច្ចុប្បន្នមានសហព័ន្ធកីឡាជាតិចំនួន១៧ ដែលស្នើសុំចូលរួមប្រកួត និង​ហ្វឹកហាត់ក្រៅប្រទេស។ ឯកឧត្ដមបន្ដថា ចំពោះហេដ្ឋារចនាសម្ព័ន្ធកីឡដ្ឋានធំ នៃពហុកីឡ​ដ្ឋាន​ជាតិមរតកតេជោ កំពុងបន្តដំណើរការសាងសង់ ដោយសម្រេចបានប្រមាណ៥៥ភាគរយ និងគ្រោងបញ្ចប់ការសាងសង់ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ខាងមុខ។ រីឯភូមិកីឡា ឬបុរីកីឡា គ្រោងនឹងចាប់ផ្តើមសាង់សង់ នាខែតុលា ឆ្នាំ២០១៩។ ឯកឧត្តមបន្ថែមទៀតថា ក្នុងនាម​ប្រតិ​បត្តិករកីឡាបានត្រៀមខ្លួនរួចជាស្រេច ក្នុងការបំពេញក្តីសុបិន្ដរយៈពេល៥៤ឆ្នាំ ចាប់តាំងពី SEA GAMES លើកទី១ ឆ្នាំ១៩៥៩ ឱ្យក្លាយជាការពិត គឺជាជោគជ័យ ក្នុងនាមជាម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣។ ជាមួយគ្នានោះ ឯកឧត្តមបានបង្ហាញពីនូវក្តីរំពឹងពីការចូល រួមរបស់​ប្រជា​ពល​រដ្ឋទូទាំងប្រទេស ក្នុងយុទ្ធនាការលាងសម្អាតភាពអសកម្មក្នុងសង្គម ដូចជាយុទ្ធនា​ការកម្ពុជាស្អាត​ ប្រជាជនម្នាក់លេងកីឡាមួយមុខ, ការកាត់បន្ថយគ្រឿងញៀន និងការកាត់​បន្ថយ​គ្រោះថ្នាក់ចរាចរណ៍ ជាដើម។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង​ជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ (CAMSOC) បានមានប្រសាសន៍ថា សម្តេចពិតជារំភើប រីករាយយ៉ាងខ្លាំង ហើយក៏ជាកិត្តិយសដ៏ធំធេង​បំផុតដែលព្រះរាជាណាចក្រកម្ពុជាទទួលរៀបចំព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្រ្តនាឆ្នាំ​២០២៣ ខាងមុខនេះ។ សម្ដេចពិជ័យសេនាបានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត នាពេលនេះ គឺវេទិកាជាតិលើកទី១ ដើម្បីជំរុញការប្រកួត ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលជាការបោះជំហានទៅមុខមួយសម្រាប់ ការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ ២០២៣ ប្រកបដោយជោគជ័យនា ពេលខាងមុខនេះ។

សម្ដេចពិជ័យសេនាបានបន្ថែមទៀតថា ព្រឹត្តិការណ៍ថ្នាក់ជាតិលើកដំបូង ថ្ងៃនេះគឺមាន​គោលបំណងដំបូង ដើម្បីប្រកាសកាលបរិច្ឆេទផ្លូវការនៃព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ ២០២៣។ ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្រេចឱ្យពិធីបើក​ជាផ្លូវការនៃពិធីបើកស៊ីហ្គេម ឆ្នាំ២០២៣ គឺនៅថ្ងៃទី០៥ ខែឧសភា និងពីធីបិទជាផ្លូវការ នៅថ្ងៃទី ១៥ ខែឧសភាឆ្នាំ ២០២៣។ សម្តេចពិជ័យសេនា ទៀ បាញ់ បានប្រកាសបើកឱ្យ​រាប់ ថយក្រោយ ស៊ីហ្គេម ឆ្នាំ២០២៣ ចាប់ផ្តើមពីថ្ងៃនេះតទៅឱ្យបានជ្រួតជ្រាបដល់សាធារណជន ជាតិ និងអន្តរជាតិ មន្ត្រីរដ្ឋាភិបាល នគរបាល និងកងកម្លាំងយោធា និស្សិត ប្រជាពលរដ្ឋ និង​អង្គការមិនមែនរដ្ឋាភិបាល ដើម្បីចូលរួម និងរួមគ្នាក្នុងការរៀបចំ សម្រាប់​ការធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣៕

ដោយ ហេង ណាលីន