អ្នកនាំពាក្យ ថា ប្រតិបត្តិការទាញសាឡង់នឹងធានាមិនឲ្យប៉ះពាល់ដល់ស្ពាននោះឡើយ

វិទ្យុជាតិកម្ពុជាតិកម្ពុជា៖ លោក វ៉ាងភក្តី

ភ្នំពេញ៖ ធារណការ និងដឹកជញ្ជូន អះអាងថា ប្រតិបត្តិការទាញសាឡង់នឹងធានាមិនឲ្យប៉ះពាល់ដល់ស្ពាននោះឡើយ ខណៈពេលនេះក្រុមជំនាញកំពុងបុកជើងត្រើយ ដើម្បីធ្វើជាបង្គោលដាក់ខ្សែកាបិ៍ ក្នុងទាញយកសាឡង់ដែលមានទម្ងន់រាប់តោនចេញពីទឹកនៅបង្គោលស្ពានព្រែកតាមាក់។

ថ្លែងប្រាប់វិទ្យុជាតិកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែកញ្ញានេះ លោក ហ៊ាង សុទ្ធាយុត្តិ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ក្រុមការងារដឹកនាំដោយឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាននឹងកំពុងខិតខំយ៉ាងខ្លាំង ដើម្បីយកចេញនូវសាឡង់ដែលមានប្រវែង៤៣,៥ម៉ែត្រ ទទឹង៨ម៉ែត្រ និងទម្ងន់ទទេប្រមាណ៣៨០តោនចេញពីទឹក និងធានាមិនឲ្យមានការប៉ះពាល់ដល់ស្ពាននោះឡើយ។
លោក បានអះអាងថា រហូតមកដល់ពេលនេះ ប្រតិបត្តិការទាញសាឡង់ដែលលិចជាប់បង្គោលស្ពាន ព្រែកតាមាក់ តាមបណ្តោយទន្លេមេគង្គនេះ នៅពុំទាន់មានការប៉ះពាល់ ឬខូចខាតផ្នែកណាមួយនៃស្ពាននេះឡើយ ខណៈកម្លាំងនៃការអូសទាញមានចន្លោះពី៤០០តោន ដល់ ១.៣០០តោន ក្រោមទម្ងន់សាឡង់សរុបក្រោយបាខ្សាច់ចេញពេលនេះមានប្រមាណជាង៤០០តោន គួបផ្សំនឹងល្បឿនទឹកហូរប្រមាណ៣ម៉ែត្រ ក្នុងមួយវិនានី និងសម្ពាធនៅក្នុងទឹកធ្វើឲ្យសាឡង់គឺកាន់តែធ្ងន់ទ្វេដង។
យ៉ាងណាក៏ដោយ មន្ត្រីនាំពាក្យរូបនេះ អំពាវនាវដល់ប្រជាពលរដ្ឋ ម្ចាស់ទូក ម្ចាស់កប៉ាល ម្ចាស់សាឡង់ និងអ្នកធ្វើដំណើរតាមផ្លូវទឹក នៅភូមិសាស្ត្រនោះ មានការប្រុងប្រយ័ត្ន ខណៈដែលជំនាញកំពុងធ្វើការ និងគោរពតាមការណែនាំរបស់មន្ទីរខេត្តកណ្តាលលើការផ្អាកចរាចរណ៍ផ្លូវទឹកបណ្តោះអាសន្ន។ ជាមួយគ្នានេះ លោកក៏បានណែនាំដល់គ្រប់ការធ្វើចរាចរណ៍ តាមផ្លូវទឹកនៅគ្រប់ទីកន្លែងទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីកុំឲ្យមានហេតុការប្រភេទនេះកើតឡើងទៀត និងដើម្បីធានាកុំឲ្យមានសោកនាដ្ឋកម្មណាមួយកើតឡើង។
បើតាមការបញ្ជាក់របស់មន្ត្រីនាំពាក្យ បានឲ្យដឹងថា នៅក្នុងរយៈពេលចុងក្រោយនេះមានករណីសាឡង់ និងទូកបុកនឹងបង្គោលស្ពានចំនួន៣ករណីហើយ ដែលករណីទី១ គឺសាឡង់ដឹកខ្សាច់បុកស្ពានព្រែកតាមាក់ នៃដងទន្លេមេគង្គ ករណីទី២ សាឡង់ដឹកប្រេង បុកស្ពានបាឡេ តាមបណ្តោយទន្លេសាប និងទី៣ ទូកដឹកអ្នកដំណើរ បុកស្ពានព្រែកទន្លេបិទ នៃដងទន្លេមេគង្គ៕