វត្តសំរោងអណ្តែតប្រារព្ធវិធីបុណ្យឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធមនុស្ស៤ជំនាន់

វិទ្យុជាតិកម្ពុជាអត្ថបទ៖ជួន បូណា
ភ្នំពេញ៖ វត្តសំរោងអណ្តែត បានប្រារព្ធកម្មវិធីបុណ្យឧទ្ទិសកុសលជូនដល់ វិញ្ញាណក្ខន្ធមនុស្ស ៤ជំនាន់ គឺជំនាន់ខ្លួនយើង ជំនាន់ឳពុកម្តាយយើង ជំនាន់ដូនតាយើង និងជំននាន់យាយទូត តាទូត។
ក្នុងឱកាសនៃពិធីបុណ្យឧទ្ទិស កុសលជូនដល់វិញ្ញាណក្ខន្ធមនុស្ស ៤ជំនាន់ នៅវត្តសំរោងអណ្តែត នាព្រឹកថ្ងៃទី១៣ កញ្ញានេះ សម្តេចព្រះសាក្យមុនី រ័ត្ន សារឿន សមាជិកថេរសភាសង្ឃនៃព្រះរាជាណាចក្រកម្ពុជា ព្រះអនុគណខណ្ឌសែនសុខ និងជាព្រះចៅអធិការវត្តសំរោងអណ្តែត មានសង្ឃដីកាថា វត្តសំរោងអណ្តែត តែងតែផ្តួចផ្តើមរៀបចំឱ្យមានជាកម្មវិធីបុណ្យឧទ្ទិសកុសលជូនមនុស្ស ៤ជំនាន់ នៅមុនមួយថ្ងៃនៃពិធីបុណ្យកាន់បិណ្ឌ ដែលនេះជាឆ្នាំទី៩ហើយ ដើម្បីឧទ្ទិសថ្វាយដល់ដួងព្រះវិញ្ញាណក្ខន្ធអតីត ព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរ និងរាជវង្សានុវង្ស ជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជនមាន ជីដូន ជីតា មាតា បិតា បងប្អូន ញាតិមិត្ត ដែលបានរំលត់ក្ខន្ធទៅកាន់លោកខាងមុខហើយនោះ សូមបានស្ថិតក្នុងឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ ជាពិសេសសូមឱ្យផលបុណ្យថ្ងៃនេះកើតមានដល់ប្រទេស និងប្រជាជនកម្ពុជាទាំងមូលផងដែរ។
សម្តេចព្រះសាក្យមុនី រ័ត្ន សារឿន បានសង្ឃដីកាបញ្ជាក់ថា យោងតាមទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរ ផ្សាភ្ជាប់នឹងព្រះពុទ្ធសាសនា ជារៀងរាល់ឆ្នាំពុទ្ធបរិស័ទខ្មែរតែងតែធ្វើបុណ្យឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធនៃសាច់ញាតិរបស់ខ្លួន ជាពិសេសក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះតែម្តង។
ក្នុងឱកាសនោះ ព្រះចៅអធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រជាពុទ្ធបរិស័ទដែលបានចូករួមយ៉ាងកុះករ ក្នុងការប្រារព្ធកម្មវិធីបុណ្យនេះ។ជាមួយគ្នានេះ ក៏ថ្លែងអំណរគុណ ចំពោះប្រជាពុទ្ធបរិស័ទទាំង ក្នុងនិងក្រៅប្រទេស ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងសមិទ្ធផលនានាក្នុងវត្តសំរោងអណ្តែត ទុកសម្រាប់បំរើដល់វិស័យព្រះពុទ្ធសាសនា៕