ព្រះបរមរាជវាំងថ្កោលទោសលោក សម រង្ស៉ី ដែលប្រើសម្តីប្រមាថ ព្រះមហាក្សត្រ

វិទ្យុជាតិកម្ពុជា៖ អាត ចន្ធូ
ភ្នំពេញ៖ ក្រសួងព្រះបរមរាជវាំង បានធ្វើការថ្កោលទោសលោក សម រង្ស៉ី ដែលប្រើសម្តីប្រមាថចំពោះព្រះកិត្តិនាម ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈបណ្តាញសារព័ត៌មានក្រៅប្រទេសកាលពីថ្មីៗនេះ
តាមសេចក្តីថ្លែងការណ៍របស់ក្រសួងព្រះបរមរាជវាំង នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩នេះ បានប្រកាសដាច់អហង្កាដោយថ្កោលទោសចំពោះលោក សម រង្សី ដែលមានចរិតជាជនក្បត់ជាតិ និងតែងតែពោលពាក្យធ្វើឲ្យប៉ះពាល់ដល់ព្រះកិត្តិនាម ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ និងស្រលាញ់ស្មើជីវិតរបស់ប្រជារាស្ដ្រខ្មែរទូទាំងប្រទេស។
ការប្រកាសថ្កោលទោសពីក្រសួងព្រះបរមរាជវាំងនេះ ធ្វើឡើងបន្ទាប់ពី លោក សម រង្ស៉ី កាលពីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី បានប្រមាថយ៉ាងធ្ងន់ធ្ងរលើអង្គព្រះមហាក្សត្រ ជាថ្មីម្តងទៀត ដោយបានវាយប្រហារថា ព្រះមហាក្សត្រ ជា «ចំណាប់ខ្មាំង» និងជា «អាយ៉ង» របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងចង់រក្សាតែរាជបល្ល័ង។
យោងតាមច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា នឹងត្រូវមានទោសចំពោះការប្រមាថចំពោះព្រះមហាក្សត្រ។ មាត្រា៧ នៃច្បាប់កំពូលរបស់កម្ពុជាមួយនេះ បានចែងថា «អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ»។ ចំណែក មាត្រា៨ បានចែងថា «ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរ៍ភាពជាតិ។ ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរាណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ»៕