ក្រសួងសម្រេចប្រើខ្សែកាបិ៍ទាញយកសាឡង់ដែលលិចជាប់បង្គោលស្ពានព្រែកតាមាក់មកលើគោក

វិទ្យុជាតិកម្ពុជា៖ លោក វ៉ាង ភក្តី
ភ្នំពេញ: ក្រសួងសាធារណការ និងដឹកជញ្ជូន សម្រេចដាក់ខ្សែកាបិ៍ពីលើគោក ដើម្បីទាញយកសាឡង់ដែលលិចជាប់បង្គោលស្ពានព្រែកតាមាក់ បន្ទាប់ពីប្រតិបត្តិការប្រើមធ្យោបាយដោយយកសាឡង់ដូចគ្នា ដើម្បីសង្គ្រោះសាឡង់ដឹកខ្សាច់ប្រវែងជាង៤០ម៉ែត្រនេះបរាជ័យ។
លោក ហ៊ាង សុទ្ធាយុត្តិ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា រហូតមកដល់ថ្ងៃទី១៣ ខែកញ្ញានេះ ក្រុមជំនាញរបស់ក្រសួងបានសម្រេចទាញយកសាឡង់ដែលលិចជាប់បង្គោលស្ពានព្រែកតាមាក់ពីលើគោកវិញ បន្ទាប់ពីការទាញដោយប្រើប្រាស់សាឡង់ក្នុងទឹកដូចគ្នាប៉ុន្មានថ្ងៃនេះមិនទទួលបានជោគជ័យ ដោយសារទម្ងន់ធ្ងន់នៃសាឡង់ និងសម្ពាធនៃការហូរបុករបស់ទឹកទន្លេមេគង្គ។
លោកបានបញ្ជាក់ថា ក្រុមជំនាញបានដាក់ខ្សែកាបិ៍ធំៗទាញដោយកម្លាំងម៉ាស៊ីននៅលើគោក ដើម្បីទាញយកសពសាឡង់ប្រវែងជាង៤០ម៉ែត្រដែលលិចអស់រយៈពេល៦ថ្ងៃហើយនេះឡើងមកលើគោកវិញ។ លោកបានបង្ហាញការជឿជាក់ថា មធ្យោបាយចុងក្រោយនេះ នឹងទទួលបានភាពជោគជ័យច្រើនជាងការប្រើមធ្យោបាយទាញយកលើកមុនៗ។
ប្រតិបត្តិការនេះ ធ្វើឡើងបន្ទាប់ពីក្រសួងបានប្រកាសឲ្យសហគ្រាសសាធារណៈ ក្រុមហ៊ុន ម្ចាស់អាជីវកម្មដឹកជញ្ជូនតាមនាវាជលយានទាំងអស់ផ្អាកចរាចរណ៍ជាបណ្ដោះអាសន្ន ដើម្បីបង្កភាពងាយស្រួលដល់ក្រុមការងារបច្ចេកទេសដែលកំពុងជួយសង្រ្គោះសាឡង់ដឹកខ្សាច់ដែលបានលិចជាប់នឹងគល់ស្ពានព្រែកតាមាក់នេះ។
សេចក្ដីជូនដំណឹងរបស់មន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល បានបញ្ជាក់ថា ដោយសារមានឧបទ្ទវហេតុសាឡង់ដឹកខ្សាច់ជាប់គាំងនៅសសរស្ពានព្រែកតាមាក់ ហើយក្រុមការងារបច្ចេកទេសកំពុងជួយសង្រ្គោះ ដូចនេះមន្ទីរសាធារការធ្វើការបិទចរាចរណ៍នាវាជលយាន ជលយានយន្តគ្រប់ប្រភេទតាមផ្លូវទឹកទន្លេមេគង្គ ចំណុចស្ពានព្រែកតាមាក់ ស្ថិតក្នុងស្រុកខ្សាច់កណ្ដាល និងស្រុកមុខកំពូល ខេត្តកណ្ដាល ជាបណ្ដោះអាសន្ត ចាប់ពីម៉ោង៦ព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ រហូតដល់មានការជូនដំណឹងជាថ្មី។
សូមបញ្ជាក់ថា បន្ទាប់ពីមានឧប្បត្តិហេតុនៃសាឡង់ដឹកខ្សាច់មួយគ្រឿងនេះ បុកសសរស្ពានទី៨ នៃស្ពានព្រែកតាមាក់ ទើរជាប់នឹងសរសេរ កាលពីរសៀលថ្ងៃទី៨ ខែកញ្ញា ក្រុមការងារបច្ចេកទេសជួយសង្គ្រោះរបស់ក្រសួងក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រួមជាមួយនឹងអាជ្ញាធរខេត្តកណ្តាល និងកំពង់ផែស្វយ័តភ្នំពេញ បានរិះរកមធ្យោបាយ ដើម្បីទាញរំដោះយកសាឡង់នោះចេញពីជើងសសរស្ពាន ដោយប្រើនាវាសណ្តោង៤គ្រឿង ប៉ុន្តែដោយសារសាឡង់ដឹកខ្សាច់នោះមានទម្ងន់ធ្ងន់ពេក រួមជាមួយនឹងកម្លាំងទឹកហូរគួចខ្លាំង ទើបធ្វើប្រតិបត្តិការ ជួយសង្គ្រោះនេះ មិនអាចទាញរំដោះយកសាឡង់ដឹកខ្សាច់នោះចេញបានទេ៕