កម្ពុជា និងសភាពាណិជ្ជកម្មអឺរ៉ុបចុះអនុស្សរណៈប្រយុទ្ធប្រឆាំងការនាំចូលការផលិត និងការចែកចាយនូវផលិតផលក្លែងក្លាយនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ — គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ បានសម្រេចចុះអនុស្សរណៈយោគយល់គ្នាស្តីពី កិច្ចសហ ប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងការនាំចូលការផលិត និងការចែកចាយនូវផលិតផលក្លែង ក្លាយនៅកម្ពុជា។

ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានលើកឡើងថា ការចុះ អនុស្សរណៈយោគយល់គ្នានេះ គឺជាយន្តការ និងពង្រឹងការទទួលខុសត្រូវមួយបន្ថែមទៀត ក្នុងកិច្ចការពារជាដៃគូក្នុងវិស័យធុរកិច្ចពាណិជ្ចកម្មសម្រាប់ទំនុកចិត្ត និងលំហូរ អ្នកវិនិយោគ​បរទេស មកកាន់កម្ពុជាពីបណ្តាប្រទេសនៅអឺរ៉ុប និងបណ្តាប្រទេសនានាលើពីភពលោក។ ឯកឧត្ដម នាយឧត្តមសេនីយ៍បានលើកឡើងថា  កន្លងមកគណៈកម្មាធិការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ បានបង្ក្រាបបំផ្លាញចោលនូវផលិតផលក្លែងក្លាយខុសច្បាប់រាប់រយតោន និងបានចាប់ជនល្មើសមកផ្តន្ទាទោស ទៅតាមច្បាប់រាប់សិបករណី។

ឯកឧត្ដម នាយឧត្តមសេនីយ៍បានបន្ថែមថា ការចុះអនុស្សរណៈ នៃការយោគយល់​គ្នារវាង ភាគី​ទាំង​ពីរនេះ ក្នុងគោលបំណងធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីទប់ស្កាត់ និងប្រយុទ្ធ​ប្រឆាំងការនំាចូល ការផលិត និងការចែកចាយនូវផលិតផលខូចគុណភាព ផលិតផលហួស​កាលបរិច្ឆេទ និង​ផលិតផលបំពានច្បាប់ដ៏ទៃទៀតនៅព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នា​នេះ ក្នុងកិច្ចសហ​ប្រតិបត្តិការនេះ ក៏មិនត្រឹមតែផ្តល់អត្ថប្រយោជ៍ដល់អ្នកប្រើប្រាស់ប៉ុណ្ណោះទេ គឺថែមទាំងការពារសុខុមាលភាពប្រជាពលរដ្ឋ និងដើម្បីការពារអ្នកវិនិយោគសុច្ចរិត និងសហ​គ្រាសទាំងទ្បាយ ដែលប្រកបមុខរបរ ស្របច្បាប់ លើកទឹកចិត្ត ការប្រកួតប្រជែងដោយ​ភាពត្រឹមត្រូវ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឈសេដ្ឋកិច្ច និងសង្គមកម្ពុជា ។

លោក ARNAUD Darc ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា បានឱ្យដឹងដែរថា តាមរយៈការចុះអនុស្សរណៈយោគយល់គ្នានេះ យើងសង្ឃឹមថាមិនត្រឹមតែសមាជិក របស់​យើង​ប៉ុណ្ណោះទេ ប៉ុន្តែទាំងផ្នែកឯកជនទាំងមូលនឹងឃើញពាក្យបណ្តឹងរបស់ពួកគេប្រឆាំង​នឹងការក្លែងបន្លំ ត្រូវបានដោះស្រាយប្រកបដោយប្រសិទ្ធភាព។ លោកបន្តថា ក្រុមហ៊ុនឯក ជនព្យាយាមនាំចូល និងចែកចាយឱសថដែលមានគុណភាពនៅក្នុងប្រទេសកម្ពុជា បញ្ហា ប្រឈមធំបំផុតមួយ គឺវត្តមានឱសថក្លែងក្លាយ ដែលកំពុងគំរាមកំហែងដល់អាយុជីវិត របស់ អ្នក​ជំងឺរាប់ពាន់នាក់។ លោកបានបន្ដទៀតថា អស់រយៈពេល២ឆ្នាំហើយ យើងបានសហការ ជា​មួយគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ហើយក្រសួងសុខាភិបាល និង​ជាមួយ​​ស្ថាប័នដទៃទៀត ដើម្បីជួយគាំទ្រដល់ការប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយ។ លោក ក៏សូមអំពាវនាវឱ្យមានការសហការជិតស្និទ្ធ និងប្រកបដោយប្រសិទ្ធភាព រវាងអាជ្ញាធរ​ពាក់​ព័ន្ធ​​ទាំង​អស់ដូចជា ក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្រសួងយុត្តិធម៌ និងក្រសួងសុខាភិបាល ខណៈពេលមានករណីឱសថ និងគ្រឿងសម្អាងក្លែងក្លាយ។

សូមរម្លឹកដែរថា សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា ត្រូវបានបើកសម្ពោធ និង​បង្កើត​ទ្បើងកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១១ នៅក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងលើក​កម្ពស់​ផលប្រយោជន៍ធុរកិច្ចអឺរ៉ុប ដែលកំពុងប្រតិបត្តិការនៅកម្ពុជា ដើម្បីសម្រួលដល់ក្រុម​ហ៊ុន​អឺរ៉ុប​ដែលចូលមកនៅទីផ្សារកម្ពុជា និងបង្កើតបណ្តាញគាំទ្រឱ្យបានទូលំទូលាយ៕

ដោយ ចាន់ សុធីវង្ស