លោក M oon និងលោកTrum p នឹងបើកកិច្ចប្រជុំកំពូល នៅទីក្រុងញូវយ៉កក្នុងខែនេះ

AKP ភ្នំពេញ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ — ការិយាល័យប្រធានាធិបតី Cheong Wa Dae បានប្រកាសនៅថ្ងៃសុក្រនេះថា ប្រធានា​ធិបតីកូរ៉េខាង-ត្បូងលោក មូន ចេ-អ៊ីន និងប្រធានាធិបតីសហរដ្ឋអាមេរិក​លោក​ ដូណាល់ ត្រាំ នឹងបើកកិច្ចប្រជុំកំពូលនៅទីក្រុងញូវយ៉កនាចុងខែនេះ នៅខាងក្រៅ​សម័យប្រជុំ​មួយរបស់ ​អ.ស.ប។

តាមអ្នកនាំពាក្យការិយាល័យប្រធានាធិបតី Cheong Wa Dae លោកស្រី Ko Min-jung បាន​ឱ្យដឹងថា សម្ព័ន្ធមិត្តបានយល់ព្រមរៀបចំកិច្ចប្រជុំនេះ ស្របពេលដែលដំណើរទស្សនកិច្ច​របស់លោក មូន ទៅកាន់សហរដ្ឋអាមេរិក សម្រាប់សម័យប្រជុំមហាសន្និបាតអង្គការ​សហប្រជា​ជាតិ​លើកទី៧៤ ចាប់ពីថ្ងៃទី២២-២៦ ខែកញ្ញា។

លោកស្រីបានបន្ថែមថា ប៉ុន្តែភាគីទាំងពីរនៅតែស្ថិតក្នុងការពិគ្រោះយោបល់ អំពីកាល​វិភាគលម្អិតសម្រាប់កិច្ចប្រជុំកំពូលនេះ។

លោក Moon គ្រោងនឹងថ្លែងសុន្ទរកថានៅឯសម័យប្រជុំរបស់  អ.ស.ប នៅថ្ងៃទី២៤ ខែកញ្ញា។ លោកក៏នឹងជួបប្រជុំទ្វេភាគី​ជាបន្តបន្ទាប់ ជាមួយអគ្គលេខាធិការ អ.ស.ប លោក Antonio Guterres និង មេដឹកនាំមកពីប្រទេសដទៃទៀត។

លោក មូន ក៏នឹងចូលរួមព្រឹត្តិការណ៍មួយ ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំកំពូល P4G នឹង​កិច្ចប្រជុំកំពូលអាកាសធាតុអាម៉េរិកផងដែរ។ P4G តំណាងឱ្យដៃគូដើម្បីកំណើនបៃតង និង​គោលដៅពិភពលោកឆ្នាំ២០៣០ ដែលជាសម្ព័ន្ធភាពអាកាសធាតុថ្មី ដែលមានគោលបំណង ដើម្បីក្លាយជាម៉ាស៊ីនថ្មីមួយ ក្នុងការជំរុញកំណើនអេកូ។

លោក មូន និងលោក Trump មានកិច្ចប្រជុំកំពូលពីមុនរបស់ពួកគេនៅទីក្រុងសេអ៊ូល​កាលពីថ្ងៃទី៣០ ខែមិថុនា បន្ទាប់ពីនោះមកពួកគេបានធ្វើដំណើរទៅកាន់តំបន់គ្មានយោធា (DMZ)ជាមួយគ្នា។ ពួកគេបានជួបគ្នាយ៉ាងខ្លី ជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុង-អ៊ុន ​នៅឯភូមិបទ​ឈប់បាញ់ Panmunjom នៅក្នុងតំបន់គ្មានយោធា (DMZ)ដែលជាតំបន់ព្រំដែន​អន្តរកូរ៉េ។

ទីក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីនតោនត្រូវបានគេរំពឹងថា នឹងបន្តកិច្ចពិភាក្សា​អំពី​ការរំសាយអាវុធ​នុយ​ក្លេអ៊ែរ​កម្រិតការងារនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ៕

(ប្រភពយន់ហាប់: បកប្រែដោយលោក មាស សំអុល)