សហភាពអឺរ៉ុបពន្យារពេលដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ចំពោះបញ្ហាប្រទេសអ៊ុយក្រែនរហូតដល់ថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២០ 

AKP ភ្នំពេញ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩​ — កាលពីថ្ងៃព្រហស្បតិ៍ទី១២ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមប្រឹក្សាសហភាពអឺរ៉ុបបានប្រកាសថា សហភាពអឺរ៉ុបបានពន្យារពេលការដាក់ទណ្ឌកម្មប្រឆាំងនឹងបុគ្គល និងអង្គភាពរបស់រុស្ស៊ីជុំវិញវិបត្តិនៅអ៊ុយក្រែនក្នុង រយៈពេល ៦ខែទៀត រហូតដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០។

សេចក្តីថ្លែងការណ៍នេះបាននិយាយថា «ក្រុមប្រឹក្សាបានពង្រីកវិធានការរឹតត្បិតលើសកម្មភាពដែលធ្វើឱ្យប៉ះពាល់ ឬគំរាមកំហែងដល់បូរណភាពទឹកដី អធិបតេយ្យភាព និងឯករាជ្យភាពរបស់អ៊ុយក្រែនក្នុងរយៈពេល ៦ខែទៀត រហូតដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០» ។

សេចក្តីថ្លែងការណ៍នេះបាននិយាយបន្ថែមថា ការដាក់ទណ្ឌកម្មទាំងនេះរួមមានការបង្កកទ្រព្យសម្បត្តិ នឹងការរឹតត្បិតការធ្វើដំណើរដែលឥឡូវនេះត្រូវបានអនុវត្តន៍ទៅលើបុគ្គលចំនួន ១៧០នាក់ និង អង្គភាពចំនួន ៤៤ ហើយ។ នៅពេលនេះ បញ្ជីខ្មៅរួមនោះរួមបញ្ចូលទាំងអតីតប្រធានសភាជាន់ខ្ពស់រុស្ស៊ី លោក Sergei Mironov នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋគ្រីមា លោក Sergei Aksyonov និងអ្នកនយោបាយ និងមន្ត្រីជាច្រើនរូបទៀត។

ការប្រមូលផ្តុំគ្នានៅឯប្រទេសអ៊ុយក្រែនក្នុងឆ្នាំ ២០១៤ បានបណ្តាលឱ្យមានរដ្ឋប្រហារដ៏ឃោរឃៅមួយនៅក្នុងទីក្រុងគៀវ ដែលបានបង្ខំឱ្យប្រធានាធិបតី លោក Yanukovych ចាកចេញពីប្រទេស។ បន្ទាប់ពីនោះ ឧបទ្វីបគ្រីមៀបានដកចេញពីអ៊ុយក្រែន នឹងបានទៅចូលរួមជាមួយរុស្ស៊ីវិញ ខណៈដែលរដ្ឋ Donetsk និង Lugansk បានប្រកាសឯករាជ្យរបស់ពួកគេ ហើយបដិសេធមិនគោរពរដ្ឋាភិបាលនៅទីក្រុងគៀវ។ បន្ទាប់ពីនោះមក សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកបានបង្ហាញនូវការដាក់ទណ្ឌកម្មរបស់ពួកគេទៅលើរុស្ស៊ី ដោយចោទប្រកាន់ទីក្រុងមូស្គូថា បានជ្រៀតជ្រែកចូលក្នុងវិបត្តិផ្ទៃក្នុងនៅអ៊ុយក្រែន។

សម្រាប់ប្រទេសរុស្ស៊ីវិញ បានសង្កត់ធ្ងន់ថា តំបន់គ្រីមៀរបានបង្រួបបង្រួមប្រទេសឡើងវិញតាមរយៈការធ្វើប្រជាមតិប្រជាធិបតេយ្យដោយសន្តិវិធី និងស្របតាមក្របខណ្ឌច្បាប់អន្តរជាតិ។ ទីក្រុងមូស្គូក៏បានបដិសេធរាល់ការពាក់ព័ន្ធនឹងសង្គ្រាមស៊ីវិលដែលបានចាប់ផ្តើមនៅអ៊ុយក្រែនដែរ ក៏ប៉ុន្តែសហភាពអឺរ៉ុបបានពន្យារពេលការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីជាច្រើនដងចាប់តាំងពីពេលនោះមក៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)