វៀតណាមទាមទារឱ្យប្រទេសចិនដកនាវាចេញពីដែនទឹករបស់ខ្លួន 

AKP ភ្នំពេញ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩​ — អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បាននិយាយថា ប្រទេស​ វៀតណាមជំទាស់ដាច់ខាតចំពោះក្រុមនាវាចម្បាំង Haiyang Dizhi 8 របស់ប្រទេសចិន ដែលបានបន្តរំលោភយ៉ាងធ្ងន់ធ្ងរនូវសិទ្ធិ និងអធិបតេយ្យភាពរបស់វៀតណាមក្នុងដែនទឹកដែលបានកំណត់នៅក្នុងអនុសញ្ញា អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ។

ក្នុងពេលឆ្លើយសំណួររបស់អ្នកសារព័ត៌មាននៅឯសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី១២ ខែកញ្ញា ទាក់ទងនឹងការវិលត្រឡប់វិញរបស់នាវា Haiyang Dizhi 8 ទៅកាន់តំបន់សេដ្ឋកិច្ចផ្តាច់មុខ និងតំបន់ខ្ពង់រាបទ្វីបរបស់វៀតណាម លោកស្រី Hang បាននិយាយថា ប្រទេសវៀតណាមក៏បានចង្អុលបង្ហាញអំពីផលប៉ះពាល់អវិជ្ជមាននៃការរំលោភរបស់ក្រុមនាវាទៅលើមិត្តភាពរវាងប្រទេសទាំងពីរ ក៏ដូចជាសន្តិភាព សន្តិសុខ និងស្ថិរភាពនៅសមុទ្រខាងកើត និងក្នុងតំបន់ផងដែរ។

លោកស្រីបានសង្កត់ធ្ងន់ថា «សម្រាប់ហេតុផលទាំងនោះ ប្រទេសវៀតណាមទាមទារឱ្យចិនបញ្ឈប់ការរំលោភបំពានដ៏ធ្ងន់ធ្ងររបស់ខ្លួនជាបន្ទាន់នឹងដកនាវាទាំងអស់ចេញពីដែនទឹករបស់ប្រទេសវៀតណាម»។

ទាក់ទិនទៅនឹងសេចក្តីថ្លែងការណ៍របស់ចិនកាលពីពេលថ្មីៗនេះ ស្តីពីសកម្មភាពសេដ្ឋកិច្ចរបស់ វៀតណាមក្នុងដែនទឹករបស់ខ្លួន អ្នកនាំពាក្យរូបនេះបានអះអាងនូវទស្សនៈស្របគ្នារបស់វៀតណាមថា រាល់សកម្មភាពសេដ្ឋកិច្ចសមុទ្ររបស់ខ្លួន រួមទាំងការធ្វើអាជីវកម្មប្រេង និងឧស្ម័ន ត្រូវបានអនុវត្តន៍នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាមដែលបានកំណត់ពីដីគោកស្របទៅនឹងសន្ធិសញ្ញា UNCLOS ឆ្នាំ ១៩៨២ ដែលទាំងវៀតណាម និងចិនជាសមាជិក។

លោកស្រី Hang បានសង្កត់ធ្ងន់ថា សន្ធិសញ្ញា UNCLOS ឆ្នាំ ១៩៨២ ដើរតួនាទីជាមូលដ្ឋានគតិយុត្តតែមួយគត់សម្រាប់ប្រជាជាតិនានាក្នុងការកំណត់ដែនទឹក ក៏ដូចជាសិទ្ធិរបស់ពួកគេចំពោះដែនទឹករបស់ពួកគេ ដែលត្រូវបានសង្កេតឃើញដោយប្រទេសនានា ដែលត្រូវបានទទួលស្គាល់ដោយបណ្តាតុលាការ និង គាំទ្រដោយមេធាវីអន្តរជាតិដ៏ល្បីល្បាញ។

លោកស្រីបាននិយាយបន្ថែមថា ដូច្នេះគ្មានប្រទេសណាមួយអាចធ្វើការទាមទារទៅលើដែនទឹកនៅសមុទ្រខាងកើត ដែលហួសដែនកំណត់ភូមិសាស្ត្រ និងហួសពីខ្លឹមសារនៃសន្ធិសញ្ញា UNCLOS ឆ្នាំ ១៩៨២ ឡើយ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)