កីឡាករកម្ពុជា ១៥រូប និងគ្រូបង្វឹក១រូប នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់​ប្រទេសជប៉ុនពីថ្ងៃទី១៦ ដល់ថ្ងៃទី២៥ ខែកញ្ញាខាងមុខ

AKP ភ្នំពេញ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ — តាមរយៈការអញ្ជើញរបស់ក្រសួងការបរទេសជប៉ុន កីឡាករកម្ពុជា ១៥រូប និងគ្រូបង្វឹក ១រូប មកពីសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេស​ជប៉ុន​ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ ក្រោមកម្មវិធីផ្លាស់ប្តូរយុវជន “JENESYS 2019”។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា។

ក្នុងសេចក្ដីប្រកាសព័ត៌មានបានប្រកាសថា កម្មវិធីនេះ បានផ្តោតទៅលើការផ្លាស់ប្តូរ បទពិសោធន៍នៃកីឡាទូកកានូ ដោយសារតែចាប់តាំង ពីឆ្នាំ២០១២មក ចំណងមិត្តភាពជប៉ុន-កម្ពុជាត្រូវបានពង្រឹងតាមរយៈកីឡានេះ ជាពិសេស គ្រូបង្វឹកលោក Tsuchiya Ryuichi ។

ក្នុងអំឡុងពេលកម្មវិធី អ្នកចូលរួម នឹងជួបសំណេះសំណាលជាមួយលោក Masanori Narita ជាប្រធានសហព័ន្ធទូកកានូជប៉ុន និងធ្វើទស្សនកិច្ចទីតាំងប្រកួតកីឡាកានូ និងរ៉ូអ៊ីង ដែលជាទីតាំងប្រកួត សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកតូក្យូ២០២០ខាងមុខ។ កីឡាករ​កម្ពុជា ក៏នឹងចូលរួមការហ្វឹកហាត់រួមគ្នាជាមួយសមាជិក និងកីឡាករជម្រើសជាតិជប៉ុន នៅ​ទីលាន​ប្រកួត គីបាហ្កាតា ក្នុងទីក្រុងកូម៉ាត្សឹ ខេត្តអ៊ីស៊ីកាវ៉ា។ មានជូនភា្ជប់តារាងកម្មវិធី​លម្អិត។ ជាមួយគ្នានេះ កម្មវិធី JENESYS មានគោលបំណងជំរុញការយល់ដឹង និងការ កសាងទំនុកចិត្តទៅវិញទៅមកក្នុងចំណោមប្រជាជនជប៉ុន និងបណ្តាប្រទេសចូលរួម  និង ដើម្បីកសាងមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពនាពេលអនាគត។​ តាមរយៈកម្មវិធីនេះ ក្រសួងការបរទេសជប៉ុនបានអញ្ជើញយុវជនកម្ពុជាចំនួនជាង ២.០០០ នាក់ហើយ តាំងពីឆ្នាំ២០០៧មក។

ស្ថានទូតជប៉ុនសង្ឃឹមថា អ្នកចូលរួម​នឹងអាចយល់ដឹងអំពីប្រទេសជប៉ុនកាន់តែស៊ី​ជម្រៅ​ថែមទៀត ព្រមទាំងចែករំលែកនូវបទពិសោធន៍របស់ខ្លួនឱ្យបានទូលំទូលាយទៅកាន់​ប្រជាជនកម្ពុជា បន្ទាប់ពីវិលត្រឡប់មកវិញ៕

ដោយ អ៊ុន រិទ្ធី