រដ្ឋបាលរាជធានីភ្នំពេញ ផ្សព្វផ្សាយការផ្តល់សេវារដ្ឋបាលតាមរយៈអង្គភាពច្រកចេញ-ចូលតែមួយ

AKP ភ្នំពេញ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ -រដ្ឋបាលរាជធានីភ្នំពេញ បានហៅម្ចាស់ភោជយនីដ្ឋាន និងអាហាដ្ឋាននៅក្នុងរាជធានីភ្នំពេញ ចំនួន៥០០នាក់ មកទទួលចំណេះដឹងផ្សព្វផ្សាយការផ្តល់សេវារដ្ឋបាល តាមរយៈអង្គភាពច្រកចេញ-ចូលតែមួយ នៅរដ្ឋបាលរាជធានីភ្នំពេញ លើវិស័យសុខាភិបាល វិស័យ ទេសចរណ៍ និងវិស័យបរិស្ថាន ដើម្បីឱ្យបងប្អូនបានយល់ដឹងនិងមកបំពេញបែបបទតាមរយៈអង្គភាពច្រកចេញ-ចូលតែមួយនៅរដ្ឋបាលរាជធានីភ្នំពេញ និងច្រកចេញ-ចូលតែមួយនៅបណ្ដាខណ្ឌ ។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្ដម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ និងមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ ជាម្ចាស់អាជីវកម្ម ភោជនីយដ្ឋាន និងអាហារដ្ឋាន នៅ ក្នុងរាជធានីភ្នំពេញ។ ដើម្បីកែទម្រង់ ការផ្តល់សេវានេះឱ្យកៀកជាមួយប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល កាលពីរសៀលថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ។

ឯកឧត្ដម ហួត ហៃ បានបញ្ជាក់ថា គោលបំណងដែលអញ្ជើញបងប្អូនជាម្ចាស់អាជីវកម្ម ភោជនីយដ្ឋាន និងអាហារដ្ឋាន ពាក់ព័ន្ធវិស័យទាំងបីខាងលើនេះ គឺដើម្បីចង់ឱ្យបងប្អូនបានយល់ដឹងអំពីយន្តការច្រកចេញ-ចូលតែមួយនៅរាជធានីភ្នំពេញ ថា តើបងប្អូនត្រូវបង់សេវាបែបណា តម្លៃប៉ុន្មានឱ្យបានច្បាស់លាស់ ។ អង្គភាពច្រកចេញ-ចូលតែមួយ គឺជាកន្លែងប្រមូលផ្តុំការផ្តល់សេវារដ្ឋបាលនៅកន្លែងតែមួយ តាមនីតិសាមញ្ញ ប្រកបដោយគុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព និងគណនេយ្យភាព លុបបំបាត់អំពើពុករលួយ ឬការបង់ថវិកា ខុសពីច្បាប់កំណត់ និងកាត់បន្ថយការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលពិបាកក្នុងការសុំច្បាប់ដែលកន្លងទៅ មានលក្ខណៈស្មុគ្រស្មាញ តែបច្ចុប្បន្ននេះ បងប្អូនអាចអញ្ជើញមកអង្គភាពច្រកចេញ-ចូលតែមួយរបស់រដ្ឋបាលរាជធានីភ្នំពេញ ។ ដូច្នេះសុំបងប្អូនមកបំពេញបែបបទសុំច្បាប់ពីរដ្ឋបាលរាជធានីភ្នំពេញតាមរយៈច្រកចេញ-ចូលតែមួយ បើមិនអនុវត្តន៍ទេ បងប្អូនអាចប្រឈមមុខជាមួយនឹងការពិន័យនិងឈានដល់ការបិទអាជីវកម្មទៀតផង។

លោកស្រី មួក យុវល័ក្ខ ប្រធានអង្គភាពច្រកចេញ-ចូលតែមួយរាជធានីភ្នំពេញក៏បានបង្ហាញពីតារាងតម្លៃជូនដល់បងប្អូនអាជីវករឱ្យបានជ្រាប និងប្រាប់ពីរបៀបរបបនៃការសុំច្បាប់អាជីវកម្ម,ការសុំបន្តសុពលភាពជាដើម ដោយយើងមានមន្ត្រីជំនាញចាំទទួលនិងពន្យល់លើផ្នែកនីតិវិធីពាក់ពន្ធ័នឹងវិស័យសុខាភិបាល វិស័យទេសចរណ៍ និងវិស័យបរិស្ថាន ។

សូមបញ្ជាក់ថា ក្នុងពិធីនោះប្រធានមន្ទីរសុខាភិបាល និងប្រធានមន្ទីរបរិស្ថាន បានលើកឡើងពាក់ព័ន្ធអង្គភាពរបស់ខ្លួន និងបានជំរុញឱ្យអាជីវករដែលរកស៊ីលើវិស័យទេសចរណ៍ ដែលមានដូចជាភោជនីយដ្ឋាន និងអាហារដ្ឋាន ទាំងអស់ត្រូវតែមានច្បាប់អនុញ្ញាត ដើម្បី សុវត្ថិភាពចំណីអាហារ និងបរិស្ថាន៕

ដោយសួស សំរិត