ប្រមុខរដ្ឋស្តីទីកម្ពុជាគាំទ្រកុំឲ្យមានការប្រឈមមុខដាក់គ្នារវាងកងកម្លាំងប្រដាប់អាវុធឡាវ និងកម្ពុជានៅតាមន្ទាត់ព្រំដែន

វិទ្យុជាតិកម្ពុជា៖ លោក ចេម ហួត

ភ្នំពេញ៖ប្រមុខរដ្ឋស្តីទីកម្ពុជាគាំទ្រកុំឲ្យមានការប្រឈមមុខដាក់គ្នារវាងកងកម្លាំងប្រដាប់អាវុធ​ឡាវនិងកម្ពុជានៅតាមព្រំដែនដើម្បីនាំមកនូវភាពសុខសាន្តរបស់ប្រទេសជាតិនិងប្រជាជននៃប្រទេសទាំងពីរ។

ក្នុងឱកាសទទួលជួបសវនាការជាមួយនឹងឯកឧត្តមបណ្ឌិត ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនាព្រឹកថ្ងៃទី១៣ខែកញ្ញានេះ នៅព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំប្រមុខរដ្ឋស្តីទីកម្ពុជាបានលើកទឹកចិត្តដល់រដ្ឋាភិបាលទាំងពីរបន្តពិនិត្យដោះស្រាយខ្សែបន្ទាត់ព្រំដែននៅសេសសល់១៤ភាគរយទៀតដោយឈរលើស្មារតីមិត្តភាព សន្តិភាពកិច្ចសហប្រតិបត្តិការឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ។ កម្ពុជា និងឡាវ មានព្រំដែនជាប់គ្នាប្រវែង ៥៤០គីឡូម៉ែត្រ ដោយត្រូវបោះបង្គោលព្រំដែនប្រមាណ ១៤៥បង្គោល ហើយរហូតមកដល់ពេលនេះ សម្រេចបាន៨៦​ភាគរយហើយ។

គួរម្លឹកថា ការគាំទ្រមិនឲ្យមានការប្រឈមមុខដាក់គ្នារវាងកងកម្លាំងប្រដាប់អាវុធនៅតាមព្រំដែនកម្ពុជា-ឡាវ នេះ បន្ទាប់ពីកន្លងមកកងកម្លាំងប្រដាប់អាវុធប្រទេសទាំងពីរបានប៉ះទង្គិតគ្នាបន្តិចបន្ទួចតែភាគីទាំងពីរបានសម្របសម្រួលដោយសន្តិវិធីទៅវិញ។

សម្តេចវិបុលសេនាភក្តី ប្រមុខរដ្ឋស្តីទីមានជំនឿជាក់ថា ដំណើរទស្សនកិច្ចជាផ្លូវការរបស់ឯកឧត្តមនៅកម្ពុជានាពេលនេះគឺមានសារៈសំខាន់ដល់ការបន្តខិតខំរក្សាប្រពៃណីដ៏ល្អនៃចំណង​​មិត្ត​ភាព កិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរឱ្យកាន់តែល្អប្រសើរឡើង និងរឹងមាំថែមទៀត។

សម្តេចប្រមុខរដ្ឋស្តីទី បានកោតសរសើរចំពោះ ប្រមុខរដ្ឋាភិបាល និងមន្រ្តីថ្នាក់ដឹកនាំជាន់ខ្ពស់គ្រប់លំដាប់ថ្នាក់នៃប្រទេសទាំងពីរបានធ្វើការផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមក ការផ្លាស់ប្តូរទេសចរណ៍ និងការផ្លាស់ប្តូរពាណិជ្ជកម្ម វិនិយោគ ដែលបានរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះករុណាព្រះបាទបរមនាថនរោត្តមសីហ​មុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានធ្វើឲ្យប្រទេសជាតិមាននូវសន្តិភាព ស្ថិរភាពនយោបាយ និងសង្គមល្អប្រសើរ។

ឯកឧត្តមបណ្ឌិត ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានបញ្ជាក់ថា ឯកឧត្តម និងសម្តេចតេជោ បានឯកភាពគ្នាថា ខិតខំធ្វើយ៉ាងណាឱ្យព្រំដែននៃប្រទេសទាំងពីរ ក្លាយជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍។ ចំណុចដែលនៅសេសសល់ ភាគីទាំងពីរបានប្រគល់ភារកិច្ចទៅឱ្យក្រសួងការបរទេស ក៏ដូចជាគណៈកម្មការចម្រុះព្រំដែននៃប្រទេសទាំងពីរ បន្តពិភាក្សាដោះស្រាយជាមួយនឹងគ្នា ។ ក្រៅពីនេះអង្គការនីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ក៏នឹងបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យបានល្អបន្ថែមទៀត៕