សិក្ខាសាលាស្តីពី “ភាពជាអ្នកដឹកនាំ និងការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី”

AKP ភ្នំពេញ ថ្ងៃទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៩​ -ប្រភពពីក្រសួងទេសចរណ៍បានឱ្យ​ដឹងថា កាលពី​ថ្ងៃទីព្រហស្បតិ៍ ១៤កើត ខែភទ្រ​បទ​ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ នៅទីស្នាក់ការគណ:កម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC ) ក្រសួងទេសចរណ៍បានបើកសិក្ខាសាលាពង្រឹងសមត្ថភាពជនបង្គោលយេនឌ័រក្នុងវិស័យទេសចរណ៍ស្តីពី “ភាពជាអ្នកដឹកនាំ និងការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី” ក្រោមអធិបតីភាពលោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍។

ប្រភពដដែលបាន​គូសបញ្ជាក់ថា​ សិក្ខាសាលានេះត្រូវបាន​រៀបចំឡើងក្នុងគោលបំណង​ដើម្បីបំប៉នសមត្ថភាពជនបង្គោលយេនឌ័រនៅតាមមន្ទីរទេសចរណ៍ រាជធានី-ខេត្ត និងផ្នែកឯកជនឱ្យ​យល់ច្បាស់ពីសិល្បវិធីក្នុងការនិយាយជាសាធារណៈ ភាពជាអ្នកដឹកនាំ ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី និងគោលនយោបាយយេនឌ័រក្នុងវិស័យទេសចរណ៍។

នៅក្នុង​ឱកាសនោះ​ លោកជំទាវរដ្ឋលេខាធិការ​ បានមាន​ប្រសាសន៍ថា​ ការអប់រំ     បណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យទេសចរណ៍ មានគោលដៅជំរុញការបង្កើនភាពអង់អាចដល់ស្រី្ត។ ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី សំដៅដល់ការកសាងសមត្ថ​ភាពធនធានមនុស្ស ជាពិសេសស្ត្រីដើម្បីចូលរួមប្រកួតប្រជែងប្រកបដោយនវានុវត្តន៍នៅក្នុងទីផ្សារការងារក៏ដូចជាបង្កើនសមត្ថភាពរបស់ពួកគេឱ្យចេះសម្របខ្លួនទៅនឹងការផ្លាស់ប្តូរ ការបត់បែន និងឆ្លាតវៃ ដើម្បីក្លាយទៅជាសហគ្រិន និងបុគ្គលិកដ៏ជោគជ័យ អាចឈានទៅពង្រឹងស្ថានភាពសេដ្ឋកិច្ចផ្ទាល់ខ្លួន គ្រួសារ សហគមន៍ និងសង្គមជាតិ។

លោកជំទាវបាន​គូសបញ្ជាក់បន្ថែមទៀតថា​ គោលដៅនៃការបង្កើនភាពអង់អាចដល់ស្ត្រីគឺដើម្បីកាត់បន្ថយភាពរងគ្រោះរបស់ស្ត្រី រក្សាកំណើនសេដ្ឋកិច្ច និង​ពង្រឹងតួនាទីក្នុងភាពជាដៃគូរបស់បុរសក្នុងសង្គមដែលមិនអាចខ្វះបាន៕

ដោយ ទេស ច័ន្ទសុធារី (រូបភាព៖ ក្រសួង​ទេសចរណ៍)