សម្តេចប្រធានរដ្ឋសភាពេញចិត្ត និងគាំទ្រចំពោះលទ្ធផលកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលកម្ពុជា និងឡាវ

AKP ភ្នំពេញ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ -សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជាបានសម្តែងនូវការគាំទ្រចំពោះលទ្ធផល នៃកិច្ចពិភាក្សាទ្វេភាគី រវាងប្រមុខរដ្ឋាភិបាល នៃប្រទេសទំាងពីរកម្ពុជា និងឡាវ ក្នុងការពង្រឹងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ ដើម្បីឧត្តមប្រយោជន៍ទំាងសងខាង។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងការគាំទ្រនេះ ក្នុងឱកាសជួបសវនាការជាមួយឯកឧត្តមបណ្ឌិត ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅរសៀលថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា ខណៈដែលឯកឧត្តមបណ្ឌិត ថងលូន ស៊ីស៊ូលីត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋាភិបាលឡាវ មកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅព្រះរាជាណាចក្រកម្ពុជា តបតាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩នេះ។

ក្នុងជំនួបជាមួយសម្តេចប្រធានរដ្ឋសភា ឯកឧត្តមបណ្ឌិត ថងលូន ស៊ីស៊ូលីត បានជម្រាបជូនសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ថា នៅក្នុងជំនួបពិភាក្សាការងារជាមួយ   សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រឹកមិញនេះ ឯកឧត្តមបណ្ឌិត និងសម្តេចនាយករដ្ឋមន្រ្តី បានពិភាក្សាគ្នាយ៉ាងជិតស្និទ្ធក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងជាព្រពៃណីរវាងប្រទេសទំាងពីរឱ្យកាន់តែរឹងមាំឡើង។ ប្រមុខដឹកនាំរដ្ឋាភិបាលឡាវ បានលើកឡើងថា កម្ពុជានិងឡាវ បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹងពង្រីកវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ថាមពលអគ្គិសនី អប់រំ បរិស្ថាន ទេសចរណ៍ និងវប្បធម៌ជាដើម ព្រមទាំងបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ក្នុងការលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឱ្យរឹងមាំឡើងក្នុងន័យ “ភាពជាដៃគូគ្រប់ជ្រុងជ្រោយ គង់វង្ស និងយូរអង្វែង”។

ឯកឧត្តមនាយករដ្ឋមន្រ្តីឡាវ បានលើកឡើងថា ចាប់ពីពេលនេះទៅដល់ឆ្នាំ២០៣០ ប្រទេសឡាវបានលក់ថាមពលអគ្គិសនីឱ្យកម្ពុជា ក្នុងទំហំប្រមាណ ៦.០០០មេហ្គាវ៉ាត់។ ឯកឧត្តមនាយករដ្ឋមន្រ្តី បានជម្រាបជូនសម្តេចបន្តថា សម្ដេចនាយករដ្ឋមន្រ្តីកម្ពុជា និងឡាវ បានប្តេជ្ញាចិត្តរួមគ្នាក្នុងការដោះស្រាយបញ្ហានៅសេសសល់ ពិសេសបញ្ហាព្រំដែន ហើយខិតខំជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជន នៃប្រទេសទំាងពីរឱ្យកាន់តែរីកចម្រើនឡើង។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងក្តីរីករាយយ៉ាងក្រៃលែងដោយបានឃើញវឌ្ឍនភាព នៃទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទំាងពីរ កម្ពុជា-ឡាវ មានការរីកចម្រើនឥតឈប់ឈរ ដែលទាំងអស់នេះបាននំាមកនូវផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរវាងប្រជាជាតិប្រទេសទាំងពីរ។ សម្តេចប្រធាន បានកោតសរសើរ និងគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល នៃប្រទេសទំាងពីរ កម្ពុជា-ឡាវ ក្នុងការបោះបង្គោលព្រំដែនកំណត់ខ័ណ្ឌសីមា សម្រេចបានលទ្ធផល ៨៦ភាគរយ។ សម្តេចក៏បានលើកទឹកចិត្តឱ្យរដ្ឋាភិបាលនៃប្រទេសទំាងពីរ បន្តពិភាក្សាដោះស្រាយបញ្ហាដែលនៅសេសសល់ក្នុងស្មារតីមិត្តភាពស្មោះត្រង់ ជឿទុកចិត្តគ្នាទៅវិញទៅមក ដើម្បីប្រែក្លាយជាព្រំដែន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ទុកសម្រាប់ជាមរតកដល់កូនចៅជំនាន់ក្រោយ។

សម្តេចប្រធានក៏បានជម្រាបផងដែរនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាង រដ្ឋសភានៃប្រទេសទំាងពីរកម្ពុជា-ឡាវ  ក្នុងនោះរដ្ឋសភាកម្ពុជានិងឡាវ ក៏បានផ្លាស់ប្តូរបទពិសោធន៍គ្នាជាបន្តបន្ទាប់នៅគ្រប់កម្រិត ជាពិសេសរដ្ឋសភាប្រទេសទំាងពីរ បានគំាទ្រគ្នាទៅវិញទៅមកលើលើឆាកអន្តរជាតិតាមរយៈវេទិកាអន្តរសភានានា៕

ដោយ ប៉ាល់សុង