រដ្ឋមន្ត្រីក្រសួងបរិស្ថានពិភាក្សាការងារជាមួយសហព័ន្ធសេដ្ឋកិច្ច និងវប្បធម៌កម្ពុជា-កូរ៉េ

AKP ភ្នំពេញ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ -ថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យប្រតិភូសហព័ន្ធសេដ្ឋកិច្ច និងវប្បធម៌កម្ពុជា-កូរ៉េ ដឹកនាំដោយលោកបណ្ឌិត Harry Hwang ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងបរិស្ថាន។

ប្រភពពីក្រសួងបរិស្ថានបានឱ្យដឹងថា នៅក្នុងជំនួបនោះលោកបណ្ឌិត Harry Hwang ស្ថាបនិកសហព័ន្ធសេដ្ឋកិច្ច និងវប្បធម៌កម្ពុជា-កូរ៉េ បានរាយការណ៍ជូនឯកឧត្តមរដ្ឋមន្ត្រី អំពីសកម្មភាពការងាររបស់សហព័ន្ធ ជាពិសេសពាក់ព័ន្ធនឹងការរៀបចំវេទិកាធុរកិច្ច កម្ពុជា-កូរ៉េ សកម្មភាពសប្បុរសធម៌ និងការងារអប់រំបណ្តុះបណ្តាលកុមារតូចនៅកម្ពុជា នាពេលកន្លងមក។ ជាមួយគ្នានេះ លោកបណ្ឌិត ក៏បានរាយការណ៍ជូនអំពីគោលបំណងនៃការនាំចូលផលិតផល Gysump ដែលជាវត្ថុធាតុស៊ីម៉ង់ សម្រាប់ការសាងសង់ និងហេដ្ឋារចនាសម្ព័ន្ធសំណង់ផ្សេងៗ និងមិនប៉ះពាល់ដល់បរិស្ថាន និងគម្រោងអាជីវកម្មលើវិស័យ កីឡាប្រណាំងកង់ និងប្រណាំងម៉ូតូទឹក ដើម្បីចូលរួមចំណែកជួយជំរុញឱ្យកម្ពុជាដំណើរការធ្វើជាម្ចាស់ផ្ទះកីឡាអាស៊ានហ្គេម ឆ្នាំ២០២៣ ដែលក្រុមហ៊ុន KSPO របស់កូរ៉េអាចផ្តល់ការគំាទ្រទាំងផ្នែកបច្ចេកទេស និងសម្ភារ។ ទន្ទឹមនឹងនេះ ក៏មានគម្រោងមួយចំនួនទៀត ដូចជាគម្រោងអាជីវកម្មផលិតថាមពលស្អាត ដែលអាចការពារបរិស្ថាន និងផលប៉ះពាល់សុខភាពប្រជាជនដែលវិនិយោគដោយក្រុមហ៊ុនល្បីៗរបស់កូរ៉េ និងកម្មវិធីចលនាស្ម័គ្រចិត្តបរិ ស្ថាន និងសហគមន៍ស្អាត ដោយក្រុមអ្នកស្ម័គ្រចិត្តកូរ៉េ សហការជាមួយយុវជនកម្ពុជា។

លោកបណ្ឌិត Harry Hwang ក៏បានស្នើសុំការអនុញ្ញាតគោរពអញ្ជើញ ឯកឧត្តមរដ្ឋមន្ត្រី ផ្តល់កិត្តិយសទៅធ្វើទស្សនកិច្ច និងចូលរួមវេទិកាធុរកិច្ចនៅសាធារណរដ្ឋកូរ៉េក្នុង នាអំឡុងខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខផងដែរ។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ចំពោះសកម្មភាព និងគម្រោងនានាដែលសហព័ន្ធសេដ្ឋកិច្ច និងវប្បធម៌កម្ពុជា-កូរ៉េ មានបំណងចង់វិនិយោគនៅកម្ពុជា។ ក្នុងនាមក្រសួងបរិស្ថាន នឹងពិនិត្យលទ្ធភាពក្នុងការសម្របសម្រួលផ្នែកធុរកិច្ចស្របតាមក្របខ័ណ្ឌច្បាប់ និងលិខិតបទដ្ឋានជាធរមានរបស់កម្ពុជា ព្រមទាំងបង្កលក្ខណៈដើម្បីជំរុញសកម្មភាពកីឡា មនុស្សធម៌ និងស្ម័គ្រចិត្តឱ្យបានលេចចេញរូបរាងជាក់ស្តែង សម្រាប់ឧត្តមប្រយោជន៍របស់ប្រជាជន និងប្រទេសយើងទាំងពីរ ៕

ដោយ ពេជ្រ ណារិទ្ធ