រាជរដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយជាតិគាំពារសង្គមដើម្បីពន្លឿនការកាត់បន្ថយភាពក្រីក្រឲ្យមានប្រសិទ្ធភាព

វិទ្យុជាតិកម្ពុជា​៖​

រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាតិគាំពារសង្គមដើម្បីធានាប្រសិទ្ធភាពនិងពន្លឿនក្នុងការកាត់បន្ថយភាពក្រីក្រឲ្យបានលឿន ២០១៦-២០២៥ ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនឲ្យកាន់តែប្រសើរ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការបានមានប្រសាសន៍ថា ដើម្បីធានាប្រសិទ្ធភាព និងពន្លឿនក្នុងការកាត់បន្ថយភាពក្រីក្រឲ្យបានលឿន រាជរដ្ឋាភិបាលនឹងផ្តោតឲ្យចំប្រជាពលរដ្ឋក្រីក្រ ជនងាយរងគ្រោះបំផុត ដើម្បីលើកកម្ពស់ជីវភាពរស់នៅ អភិវឌ្ឍន៍ធនធានមនុស្ស និងការពារពួកគាត់ពីវិបត្ដិ ដែលអាចបណ្ដាល ឲ្យធ្លាក់ទៅក្នុងភាពក្រីក្រ ឬធ្វើឲ្យស្ថានភាពលំបាករបស់ពួកគាត់ កាន់តែមានសភាពធ្ងន់ធ្ងរឡើង។
ថ្លែងនៅក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយនិងសម្ពោធដាក់ឲ្យដំណើរការប្រព័ន្ធគ្រប់គ្រងទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រថ្មី កាលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីបានមានប្រសាសន៍ថា ជាគោលដៅក្រសួងនឹងចុះស្រទិន្នន័យគ្រួសារក្រីក្រ ដែលមានបញ្ជាក់ពីឈ្មោះមេគ្រួសារ ចំនួនសមាជិកគ្រួសារ និងទីកន្លែងដែលគ្រួសារ កំពុងរស់នៅ និងមានលក្ខណៈជាសេរី នៅតាមភូមិឃុំ សង្កាត់នីមួយៗ ដើម្បីបានដឹងពីស្ថានភាពពិតប្រាកដរបស់ជនក្រីក្រងាយស្រួយឆ្លើយតបអោយចំទិសដៅ។
ឯកឧត្តមបានបន្តថា ដោយការប្រើប្រាស់ទិន្នន័យគ្រួសារក្រីក្រមានការកើនឡើងជាលំដាប់ ជាពិសេសសម្រាប់ ក្នុងក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ ជាមួយគ្នានឹងសំណូមពរឱ្យមានការអភិវឌ្ឍនិងមានលក្ខណៈជាសេរីនៃទិន្នន័យគ្រួសារក្រីក្រ ក្រសួងផែនការបានធ្វើការកំណត់អត្ដសញ្ញាណ គ្រួសារក្រីក្រឱ្យមានលក្ខណៈជាប្រព័ន្ធដោយបានអនុវត្ដចំនួន៨ ឬ៩រាជធានីខេត្ដក្នុង១ឆ្នាំ និងធ្វើបច្ចុប្បន្នកម្មរៀងរាល់៣ឆ្នាំម្ដង។
ឯកឧត្តមបានបញ្ជាក់ថា លទ្ធផលចុងក្រោយនៃការអនុវត្ដអត្ដសញ្ញាណកម្មគ្រួសារក្រីក្រនៅតាមភូមិនីមួយៗ គឺបញ្ជីគ្រួសារក្រីក្រចុងក្រោយដែលទទួលស្គាល់ដោយក្រុមប្រឹក្សាឃុំសង្កាត់និងមានដំកល់ទុកនៅភូមិ០១ច្បាប់ សាលា ឃុំសង្កាត់០១ច្បាប់។ មួយវិញទៀតមន្រ្តីជំនាញបានបន្តធ្វើការកែសម្រួលកម្រងបញ្ជីសំណួរ និងមូលដ្ឋានទិន្នន័យគ្រួសារក្រីក្រជាបន្តបន្ទាប់ដើម្បីធ្វើពិពិធកម្មទិន្នន័យ មានដូចជា គ្រួសារក្រីក្រដែលមានសមាជិក ផ្ទុកមេរោគអេដស៍និងជំងឺអេដស៍ គ្រួសារក្រីក្រដែលមានសមាជិកពិការភាព គ្រួសារអតីតយុទ្ធជន គ្រួសារ ក្រីក្រដែលមានចាស់ជរាជាដើម។
សូបបញ្ជាក់ថា ការកសាងទិន្នន័យគ្រួសារក្រីក្ររបស់ក្រសួងផែនការនេះ គឺមានការជួយគាំទ្រពីរដ្ឋាភិបាលសាធារណៈរដ្ឋសហព័ន្ធអាល្លឺម៉ង់ នរដ្ឋាភិបាលអូស្ត្រាលីនិងអង្គការ GIZ បានរៀបចំអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងទិន្នន័យគ្រួសារក្រីក្រកាន់តែទំនើប និងរស់រវើកស្របតាមបរិបទរាជរដ្ឋាភិបាលឌីជីថលភាវូបនីយកម្ម។