រដ្ឋបាលខេត្តបាត់ដំបងបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីការចាប់ផ្តើមអនុវត្តន៍កម្មវិធីកំណែទម្រង់វិមជ្ឈការ និងរដ្ឋបាល

AKP បាត់ដំបង ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ -នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ រដ្ឋបាលខេត្តបាត់ដំបង បានបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការគាំទ្រដល់ការអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ និង កម្មវិធីជាតិកំណែទម្រង់រដ្ឋបាល ផ្តល់មូលនិធិដោយក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និង អភិវឌ្ឍន៍នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ សម្រាប់គាំទ្រដល់ការអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ និងកម្មវិធីជាតិកំណែទម្រង់រដ្ឋបាល ដែលធ្វើនៅសាលាខេត្តបាត់ដំបង ក្រោមអធិបតីភាពឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ។

ឯកឧត្តម ងួន រតន: អភិបាលខេត្តបាត់ដំបង បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកម្មវិធីដារ(DAR)ព្រមទាំងបានថ្លែងអំណរគុណដល់ក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ដែលបានផ្តល់មូលនិធិ និងតែងតែបានគាំទ្រដល់គម្រោងការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងរដ្ឋបាល (កម្មវិធីដារ) សម្រាប់គាំទ្រដល់ការអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ និងកម្មវិធីជាតិកំណែទម្រង់រដ្ឋបាល (គ.ជ.អ.ប) និងគម្រោងផ្សេងៗទៀត នៅខេត្តបាត់ដំបង។ មូលនិធិមកពីអាល្លឺម៉ង់ ជាដៃគូល្អមួយដែលបានមកជួយបង្ហាត់បង្រៀន និងបានធ្វើការសាកល្បង ដូចជា ការបង្កើតអង្គភាពច្រកចេញ-ចូលតែមួយនៅតាមបណ្តាក្រុង ស្រុកនានា ក្នុងខេត្តបានមួយចំនួនធំ និងបន្តបង្កើតអង្គភាពច្រកចេញ-ចូលតែមួយ បន្ថែមទៀត ស្របតាមគោលនយោ បាយរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបានជួយបណ្តុះបណ្តាលបច្ចេកទេសជំនាញផ្សេងៗដល់មន្រ្តីយើងសម្រាប់យកមកអនុវត្តន៍ការងារលើគ្រប់វិស័យ។

ឯកឧត្តមបានបន្តទៀតថា នៅក្នុងអំឡុងឆ្នាំ១៩៩៦ ខេត្តបាត់ដំបង មានគម្រោងសាកល្បងនៃរៀបចំច្បាប់គ្រប់គ្រងឃុំ សង្កាត់ ដែលអនុវត្តន៍កម្មវិធីសិលាដែលអនុវត្តន៍សាកល្បងចំនួន ៥ខេត្ត ។ ដោយឡែកខេត្តបាត់ដំបង បានជ្រើសរើសយកក្នុងមួយស្រុកឃុំចំនួន ២ឃុំ មានស្រុកចំនួន ២ គឺស្រុកឯកភ្នំ និងស្រុកថ្មគោល និងមានកម្មវិធីជាច្រើនទៀតដែលបានគាំទ្រមូលនិធិអាល្លឺម៉ង់។ បន្ទាប់មកមន្រ្តីជំនាញពាក់ព័ន្ធផ្សេងទៀតបានឡើងធ្វើបទបង្ហាញពីគោលបំណង ខ្លឹមសារសំខាន់ៗនៅក្នុងអង្គសិក្ខាសាលានេះផងដែរ៕

ដោយណយ នឿន(ប្រភពៈរដ្ឋបាលខេត្តបាត់ដំបង)