សមាជិកព្រឹទ្ធសភាជំរុញ​អាជ្ញាធរគ្រប់ជាន់ថ្នាក់ខេត្តបន្ទាយមានជ័យ​​ឱ្យបន្តបម្រើសេវាជូន ប្រជាពលរដ្ឋ​កាន់តែប្រសើរថែមទៀត

AKP បន្ទាយមានជ័យ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ -ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ​ឯកឧត្តម ប៉ុល លឹម​ បានជំរុញដល់​អាជ្ញាធរដែនដី សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ខេត្តបន្ទាយមានជ័យ ឱ្យបន្តការប្រឹងប្រែងយកចិត្តទុក​ដាក់បម្រើសេវាជូនដល់ប្រជាពលរដ្ឋកាន់តែប្រសើរថែមទៀត។

​ការថ្លែងជំរុញយ៉ាងដូច្នេះក្នុងឱកាសឯកឧត្តម ប៉ុល លឹម ដឹកនាំប្រតិភូសមាជិកព្រឹទ្ធ សភា​​ប្រចាំ​ភូមិភាគទី៤ ជួបប្រជុំពិភាក្សាការងារ ​ជាមួយ​ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត​បន្ទាយមាន ជ័យ​ ​ក្នុង​គោលបំណង​​ដើម្បី​ឈ្វេង​យល់​​អំពី​ស្ថានភាព​ទូទៅ​ការ​ផ្តល់​សេវា​រដ្ឋបាល​​សាធារណៈ​ និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ កាលពី​ថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស​២៥៦៣ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលាខេត្ត។​ ​​ ​ ​

ឯកឧត្តម ប៉ុល លឹម បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបាននិងកំពុងខិតខំបន្តពង្រឹង ពង្រីកនូវ​អភិបាលកិច្ចល្អ និងការប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការដឹកនាំប្រទេសជាតិ ដើម្បី ឆ្លើយតបទៅនឹងសំណូមពរ និងសេចក្តីត្រូវការទាំងទ្បាយរបស់ប្រជាពលរដ្ឋ។ ដូច្នេះគោល ដៅសំខាន់ៗដែលត្រូវបន្តការយកចិត្តទុកដាក់នោះ គឺត្រូវពង្រឹងថែរក្សាការពារឱ្យបាននូវស្ថិរ ភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈសង្គម ដែលក្នុងនោះត្រូវផ្តោតទៅលើការ ជំរុញអនុវត្តន៍នូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ឱ្យកាន់តែបានទូលំទូលាយនៅក្នុង មូលដ្ឋាន។ ត្រូវបន្តជំរុញដោយប្រឹងប្រែងក្នុងការអភិវឌ្ឍមូលដ្ឋាន ឱ្យមានការរីកចម្រើនលើ គ្រប់វិស័យ សំដៅធ្វើយ៉ាងណាឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាន់តែមានភាពល្អប្រ សើរឡើង​​ និងគប្បីត្រូវយកចិត្តទុកដាក់ក្នុងការផ្តល់សេវារដ្ឋបាលសាធារណៈជួនប្រជាពលរដ្ឋ ឱ្យកាន់តែបានល្អប្រសើរឡើង។

ឯកឧត្តមបានបន្តទៀតថា អាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវតែរួមសាមគ្គីគ្នាបន្តការយកចិត្តទុក ដាក់ខិតខំប្រឹងប្រែងពង្រឹងការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ដែលជាឯកសារគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦នេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ដើម្បី នាំមកនូវវឌ្ឍនភាពនិងសមិទ្ធផលថ្មីៗជូនប្រជាពលរដ្ឋនិងប្រទេសកម្ពុជាទាំងមូល។​​ ត្រូវរួមគ្នា ប្រមូលផ្តុំបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ខិតខំដោះស្រាយក្តីកង្វល់​សំណើរ និងសំណូមពរនានារបស់ប្រជាពលរដ្ឋ តាមរយៈវេទិកាសាធារណៈ របស់ក្រុម​ការងារថ្នាក់ជាតិ ក៏ដូចជាវេទិការបស់ក្រុម​ប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ឬតាមរយៈតំណាងរបស់ប្រជាពល រដ្ឋ ដើម្បីបំពេញតាមតម្រូវការរបស់ពួកគាត់បានទាន់ពេលវេលា។

​ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ បានលើកបង្ហាញជូនគណៈប្រតិភូថា ​ គណៈ បញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ​ សង្កាត់ បាន​បំពេញ​ការងារ​ទៅ​តាម​វិស័យ​របស់​ខ្លួន ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ មាន​ឆន្ទៈ​មោះមុត សហការ សាមគ្គី​រឹងមាំ រក្សា​សន្តិសុខ សុវត្ថិភាព ស្ថិរភាព សណ្តាប់ធ្នាប់ របៀបរៀបរយ​សង្គម​បាន​ល្អប្រសើរ​ជូន​ប្រជាពលរដ្ឋ​​រស់នៅ ក្នុងភាពសុខសាន្ត ជីវភាពរស់នៅមានការផ្លាស់ប្តូររីកចម្រើនជាលំដាប់៕

ដោយ ឈុនសារ៉ាត

​ ​ ​