អភិបាលខេត្តសៀមរាបទទួលជួបសំណេះសំណាលជាមួយសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា

AKP សៀមរាប ថ្ងៃទី​​១៣ ខែកញ្ញា​ ឆ្នាំ២០១៩ -ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានទទួលជួបសំណេះ សំណាលជាមួយសមាគមនាវាយុវជនអាស៊ី អាគ្នេយ៍កម្ពុជាចំនួន ៣២នាក់ ដឹកនាំដោយកញ្ញា សុគណ សុភ័ក្ត្ររាសី ដើម្បីស្នើសុំផ្តល់អនុសាសន៍ជាគំនិត យោបល់សម្រាប់បង្ហាញដល់ក្រុមប្រតិភូនាវាយុវជនអាស៊ី អាគ្នេយ៍​ និងជប៉ុន ដែលគ្រោងធ្វើឡើងនៅទីក្រុងតូក្យូនៃប្រទេសជប៉ុននាពេលខាងមុខ។ ដែលជំនួបសំណេះសំណាលនេះ បានប្រព្រឹត្តទៅកាលពីថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលាខេត្តសៀមរាប។

នៅក្នុងពិធីសំណេះសំណាលនោះ ឯកឧត្តម ទៀ សីហា មានប្រសាសន៍គាំទ្រឱ្យនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន មានឱកាសជួបជុំគ្នាដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ដោយធ្វើការផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹង និងមេរៀនជីវិតល្អៗសម្រាប់ជាប្រទីបដល់ការរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនជឿនលឿន។ ឯកឧត្ត ម ទៀ សីហា បានផ្តំាផ្ញើដល់សមាគមនាវាយុវជនកម្ពុជា ពេលស្នាក់នៅ និងចូលរួមក្នុងវេទិកាកម្មវិធីនាវាយុវជនអាស៊ាន និងជប៉ុន ត្រូវបង្ហាញដល់ពួកគេនូវអរិយធម៌ វប្បធម៌ ប្រវត្តិសាស្ត្រ សាសនា ប្រពៃណីទំនៀមទម្លាប់ និងការរស់នៅរបស់ប្រជាជនកម្ពុជា ជាមួយស្នាមញញឹមយ៉ាងរួសរាយរាក់ទាក់។

ឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការផ្តាំផ្ញើផងដែរ ដល់ប្អូនៗយុវជនទាំងអស់ ត្រូវធ្វើការផ្សព្វផ្សាយដល់បណ្តាប្រទេសដែលបានចូលរួម អំពីសក្តានុពលទេសចរណ៍នៅខេត្តសៀមរាប  ដើមី្បជាការចូលរួមក្នុងកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាតិយើង និងសូមឱ្យដំណើរបំពេញទស្សនកិច្ចរបស់ប្អូនៗនៅតាមបណ្តាប្រទេសនានា ក្លាយជាការផ្សព្វផ្សាយវប្បធម៌កម្ពុជា ការពង្រឹងចំណងទាក់ទងជាមួយប្រទេសជាមិត្ត ក្នុងនាមជាយុវជនជាទំពាំងស្នងឫស្សី នាពេលអនាគត ដែលបាននិងកំពុងរួមគ្នាកសាងសុខសន្តិភាព វឌ្ឍនភាពជាតិ អន្តរជាតិឱ្យកាន់តែរឹងមាំខ្លាំងក្លាឡើងជាបន្តបន្ទាប់៕

ដោយ ហង្ស សៀក