ប្រមុខដឹកនាំកម្ពុជា-ឡាវ ឯកភាពគ្នាក្នុងការព្រាងសន្ធិសញ្ញាស្ដីពីការខណ្ឌសីមាព្រំដែន រវាងប្រទេសទាំងពីរដែលបានកំណត់រួចរាល់ចំនួន៨៦ភាគរយ

AKP ភ្នំពេញ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង​ឯកឧត្តម ថងលូន ស៊ីស៊ូលីត (Thongloun Sisoulith)នាយករដ្ឋមន្រ្តី នៃសាធារណរ​ដ្ឋ​ប្រ​ជា​ធិប​​តេយ្យប្រជាមានិតឡាវ បានឯកភាពគ្នា ប្រគល់ភារកិច្ចជូនគណៈកម្មាធិការចម្រុះ​ខណ្ឌ​សី​មា​ព្រំ​ដែននៃប្រទេសទាំងពីរ ដើម្បីរួមគ្នាព្រាងឱ្យបានឆាប់បំផុតនូវសន្ធិសញ្ញាស្ដីពីខណ្ឌ​សីមា​ព្រំ​ដែន​រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ពាក់​ព័ន្ធ​កំណាត់​ព្រំដែនដែលភាគីទាំងពីរបានកំណត់ខណ្ឌសីមារួចរាល់ហើយចំនួន៨៦ភាគរយនៃខ្សែ​ព្រំ​​ដែន​ប្រទេសទាំងពីរនោះ។

ក្នុងសន្និសីទសារព័ត៌មានរួមគ្នា កាលពីព្រឹកថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០១៩ នៅវិ​មាន​សន្តិ​ភាព បន្ទាប់ពីជំនួបទ្វេភាគីជាមួយឯកឧត្តម ថងលូន ស៊ីស៊ូលីត (Thongloun Sisoulith)​នាយ​ក​រដ្ឋ​មន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងខណៈដែលឯកឧត្ដម​ដឹកនាំ​គ​ណៈ​​ប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានោះ សម្ដេចតេជោហ៊ុន សែនថ្លែងទៅ​កាន់​ អ្ន​ក​​សារ​ព័ត៌មានថា ភាគីទាំងពីបានចុះហត្ថលេខាទៅលើសេចក្ដីថ្លែងការណ៍រួម ដែលក្នុងនោះ​មាន​ការចែងអំពីការលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ដែលចាត់ទុកថាជាសមិទ្ធផលដ៏សំខាន់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សម្ដេចតេជោ បានគូសបញ្ជាក់ថា កម្ពុជា និងឡាវ បា​នធ្វើការប្រឹងប្រែងច្រើនហើយ ដើម្បីទទួលមរតក​ប្រវត្តិ​សាស្ត្រ ដែលដូនតាយើងនៃ​ប្រទេស​ទាំងពីរ​បានបន្សល់ទុក ក្នុងឋានៈជាប្រទេសជិតខាង​ភូមិផងរបងជាមួយ និងប្រកបដោយ​មិ​ត្ត​ភា​ព។ ជាមួយគ្នានេះ ការលើកម្ពស់ភាពជាដៃគូ​យុទ្ធ​សាស្ត្រគ្រប់ជ្រុងជ្រោយ អនុញ្ញាតឱ្យយើងជំរុញ​បន្ថែម​ទៀ​ត​នូវទំនាក់ទំនងដែលមានស្រាប់ ហើយកាន់តែពង្រឹងនូវជំនឿទុក​ចិត្តរវាងប្រទេសទាំង​ពី​រ​។ សម្ដេចតេជោថ្លែងថា ភាគីទាំងពីរ​បានពិភាក្សា​យ៉ាងច្រើនទៅ​លើបញ្ហា​មួ​​យចំនួន ដែលនៅ​ក្នុ​ងនោះមាន ទាក់ទងទៅនឹងបញ្ហា​ព្រំដែន ដោយនាយករដ្ឋមន្ត្រីទាំងពីរ​បាន​ឯក​ភាពគ្នា ដើម្បីធ្វើការ​រៀ​ប​ចំឱ្យមានសន្ធិសញ្ញា​ព្រំដែន​កម្ពុជា-ឡាវ ពាក់ព័ន្ធទៅនឹងសមិទ្ធផលដែលយើង​សម្រេច​បា​ន​​៨៦ភាគរយ​រួចមក​ហើយ។ សម្ដេចតេជោនាយករដ្ឋមន្រ្ដីចាត់ទុកថា ​នេះគឺជាកិច្ចការសំខាន់ណាស់ ដែលកាល​មុន​នេះ​ព្រំដែននៃប្រទេស​ទាំ​ង​ពីរ ពុំមានភាពច្បាស់លាស់នោះទេ ក៏ប៉ុន្តែពេលនេះ ដោយសារ​យើង​បានធ្វើកិច្ចការ​ច្រើន​ហើ​យ​ យើងបានព្រមព្រៀងគ្នាឱ្យគណៈកម្មាការព្រំដែន​នៃប្រទេស​ទាំពីរ ព្រាងនូវកិច្ចព្រមព្រៀង នូវ​សន្ធិសញ្ញាដើម្បីទទួលយកនូវលទ្ធផល៨៦ភាគរយ​។​ជាងនេះ​ទៀត ភាគីទាំងពីរក៏បាន​ព្រមព្រៀង​គ្នា​ផងដែរ អំពីការប្ដូរបង្គោលព្រំដែន ដែលបង្គោលព្រំ​ដែន​បច្ចុប្បន្នរបស់យើង គឺនៅ​តូច​ណា​ស់​ វាហាក់ដូចជាព្រំដីរវាងប្រជាជន និងប្រជាជន មិនស័ក្ដិ​សម​ជាមួយ​​នឹងបង្គោលសីមាព្រំដែន​រដ្ឋ​នោះ​ទេ។ ដូច្នេះ នាយករដ្ឋមន្ត្រីទាំងពីរបានប្រគល់ ភារកិច្ចឱ្យគណៈកម្មាធិការព្រំដែន​នៃប្រ​ទេ​ស​ទាំ​ងពីរ ដើម្បីធ្វើការគួសជាប្លង់បង្គោល ដើម្បីឆ្លង​ថ្នាក់ដឹកនាំនៃប្រទេសទាងពីរ ហើយក៏ព្រម​ព្រៀង​គ្នាដើម្បីចែកនូវការចំណាយចំនួនពាក់​កណ្ដាលម្នាក់ នៃការផលិតបង្គោល ដើម្បីជំនួស​ឱ្យប​ង្គោលចាស់ ដែលបានបោះ។ ក្រៅពីនោះ ដោយសារតែបង្គោល​ព្រំដែនរបស់យើង​វា​មា​ន​ចំនួនតិច យើងក៏បានព្រមព្រៀងគ្នាឱ្យសិក្សា ថាតើយើងអាចបោះបង្គោល​បន្ថែមប៉ុន្មាន​បង្គោ​ល​ទៀត ព្រោះកន្លងទៅព្រំដែនរាប់រយ​គីឡូ​ម៉ែត្រ​បោះបានត្រឹមតែ១២១បង្គោលតែប៉ុណ្ណោះ។ សម្ដេចតេជោបានបន្ដថា ដូច្នេះ​បញ្ហានេះ វាវែងឆ្ងាយណាស់ត្រូវបោះបង្គោលបន្ថែម ប៉ុន្តែបង្គោលទាំងនោះ ក៏ត្រូវតែស្របជាមួយ​ប​ង្គោ​លដែលមានរួចមកហើយៗ ដែលត្រូវបានឆ្លងកាត់នៅការយល់ព្រមពីថ្នាក់ដឹកនាំ​នៃប្រទេ​ស ​ទាំ​ងពីរ។ សម្ដេចតេជោបន្តទៀតថា សម្រាប់បញ្ហាព្រំដែនដែលនូវសេសសល់ចំនួន ១៤​ភាគរយ ទៀត ​នាយក​រដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានប្រគល់ភារកិច្ចឱ្យក្រសួងការបរទេស ក៏ដូចជាស្ថាប័ន​ពា​ក់​​ព័ន្ធធ្វើការជាមួយគ្នាបន្តការដោះស្រាយ ដែលបញ្ហានេះយើងមានសុទិដ្ឋិ​និយម​ថា នឹងឈាន​ទៅ​រក​ការដោះស្រាយក្នុងពេលវេលាមួយសមស្រប ក្នុងស្មារតីមិត្តភាព និងសហប្រតិបត្តិការ​ជិ​ត​ខាងល្អ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីថ្លែងទៀតថា ថ្ងៃនេះយើងក៏​បាន​ចុះហត្ថលេខា​លើ​កិ​ច្ច​ព្រ​មព្រៀងមួយចំនួន ដែលក្នុងនោះកម្ពុជាក៏បានក្លាយទៅជាទីផ្សារ​នាំចេញ​អគ្គិសនីរបស់ឡាវ ហើ​យឡាវក៏ក្លាយទៅជាទីកន្លែងនៃការផ្គត់ផ្គង់អគ្គិសនីឱ្យកម្ពុជា ដែលជាការបំពេញឱ្យគ្នាទៅ​វិ​ញ​​ទៅមក។ យោងទៅលើអ្វីដែលបានចុះហត្ថលេខានេះ រួមជា​មួយនឹងការចុះហត្ថលេខា​ដែល​មា​នពីមុន និងកំពុងតែផ្គត់ផ្គង់ ប្រភពអគ្គិសនីដែលកម្ពុជាបាន​ទទួលពីប្រទេសឡាវមាន​រហូត​ទៅ​ដល់៣.១០០មេហ្កាវ៉ាត់ឯណ្ណោះ ដូច្នេះជាទំហំមួយដ៏ធំ បើ​ប្រៀបធៀបជាមួយប្រទេស​កម្ពុជា​ដែលកាលមុននេះ ទីក្រុងភ្នំពេញ និងទូទាំងប្រទេសប្រើត្រឹម​តែ៤០មេហ្កាវ៉ាត់ ​ឬក្រោម៤០​មេ​ហ្កា​​វ៉ាត់ប៉ុណ្ណោះ។ ក៏ប៉ុន្តែឥឡូវនេះ​យើងបានឈានទៅទិញ​អគ្គិសនី​ពីឡាវរហូតទៅដល់​៣.១០​០​​មេហ្កាវ៉ាត់ ដែលអាចចាត់ទុកជាប្រភេទទំនិញ​មួយដែល​នាំចូលមកកាន់កម្ពុជា​ ហើយ​ដែលធ្វើ​ឱ្យ​​ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នឹងមានកើន ឡើង យ៉ាងឆាប់រហ័ស បន្ទាប់ពីកិច្ចព្រម​ព្រៀ​ងបានអនុវត្តន៍ជាជំហានៗ។ សម្ដេចតេជោក៏បាន​លើកឡើងទៀតថា ភាគីទាំងពីរក៏បានពិភាក្សាគ្នាលើបញ្ហាមួយចំនួនផ្សេងទៀត ដូចជា​បញ្ហា​ទេសចរណ៍ ការហោះហើរត្រង់រវាងក្រុមហ៊ុនកម្ពុជាអង្គរអ៊ែរ ក៏ដូចជាក្រុមហ៊ុនអាកាសចរ​ណ៍​ឡាវ ដើម្បីពង្រីកទំហំទេសចរណ៍ រវាងប្រទេសទាំងពីរផងដែរ។

ឯកឧត្តម ថងលូន ស៊ីស៊ូលីត (Thongloun Sisoulith)នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋ​ប្រ​ជា​ធិបតេយ្យប្រជាមានិតឡាវ បានមានប្រសាន៍ឯកភាពទៅនឹងការលើកឡើងរបស់សម្ដេច​អគ្គ​​មហាសេនាបតីតេជោ ហ៊ុន សែន និងគូសបញ្ជាក់ថា យើងនឹងដោះស្រាយ​បញ្ហាព្រំដែន​ឱ្យ   ​មា​នជំហានឈានទៅមុខ។ ឯកឧត្ដមនាយករដ្ឋមន្រ្ដីបន្ដថា នេះគឺជាការសម្រេចចិត្តដែល​មានសារៈសំខាន់ណាស់ ពីព្រោះប្រទេស​យើ​ងទាំងពីរបានធ្វើការជាច្រើឆ្នាំមកហើយ ដើម្បី​ដោះស្រាយបញ្ហាព្រំដែនដែល​កំណត់បាន​ដ​ល់​៨៦ភាគរយ​ ហើយនេះយើងចាត់ទុកថា​ជាជ័យ​ជម្នះរបស់យើងនៃការសហការគ្នា ចំពោះចំណុចដែល​នៅ​​សេសសល់ យើងនឹងបន្តទៀត។ ឯកឧត្ដមនាយករដ្ឋមន្រ្ដីមានជំនឿថា យើងនឹងដោះស្រាយបញ្ហាព្រំដែននេះបាន ដោយសារ យើងមានមូលដ្ឋាននៃទំនាក់ទំនងល្អជាមួយគ្នា ហើយក៏ស្នើឱ្យភាគីកម្ពុជា​ជាអ្នក​គូ​ស​ប្លង់​សម្រាប់​ធ្វើបង្គោលព្រំដែនថ្មីដើម្បីឱ្យនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ​ទទួលយក​បាន​៕

ដោយជឹម ណារី