ទីភ្នាក់ងារ KOICA ប្តេជ្ញាបង្កើនទំហំហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ សម្រាប់ប្រទេសសមាជិកអាស៊ាន ជា​ពិ​សេ​ស​ប្រទេសកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ — លោក នោ ហ្យន់ជូន (RHO Hyunjun) ប្រធាន​តំ​ណា​ង​ថ្មី​នៃការិយាល័យ សហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA ប្រចាំប្រទេសកម្ពុជាបានថ្លែងថា ទីភ្នាក់ងារ KOICA នឹងប្តេជ្ញាបង្កើនទំហំហិរញ្ញ​ប្ប​ទា​ន​អ​ភិ​វ​ឌ្ឍ​ន៍​ផ្លូ​វ​កា​រ​សម្រាប់ប្រទេសស​មា​ជិ​កអាស៊ាន ជា ពិសេស​ប្រ​​ទេ​សកម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម ឥណ្ឌូណេស៊ី និងហ្វ៊ីលីពីន ឱ្យបានដល់ ២០ភាគរយ ក្នុ​ង​ឆ្នាំ​២​០​២​៣ ។

ក្នុងជំនួបជាមួយ ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គ​លេ​ខា​ធិ​កា​រ​គ​ណៈ​កម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុម ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃអង្គារ ១២កើត ខែ​ភទ្រ​បទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ​នៅទីស្តី​កា​រ​ក្រុ​ម​ប្រឹ​ក្សា​អ​ភិ​វ​ឌ្ឍ​ន៍កម្ពុជា លោក នោ ហ្យន់ជូន បានបញ្ជាក់ថា ការបង្កើនទំហំហិរញ្ញ​ប្ប​ទា​ន​អ​ភិ​វ​ឌ្ឍ​ន៍​ផ្លូ​វ​កា​រ​នេះ ឈរលើគោល នយោបាយភាគខាងត្បូងថ្មី (New Southern Policy) ដែលកូរ៉េនឹងពង្រឹងកិច្ច​ស​ហ​ប្រតិបត្តិការជាមួយប្រទេសសមាជិកអាស៊ាន។ ប្រធានតំណាងថ្មីនៃការិយាល័យ KOICA ក៏បានបង្ហាញអំពីវឌ្ឍនភាពរបស់ គម្រោង ដែលកំពុងអនុវត្តន៍ និងការសិក្សាពិនិត្យសំណើគម្រោងអាទិភាពថ្មី ដែលនឹងកំពុងរៀបចំ ធ្វើការសិក្សាសមិទ្ធិលទ្ធភាព ដែល​គ្រោ​ង​​នឹងចាប់ផ្តើមអនុវត្តន៍ក្នុងឆ្នាំ២០២១។

ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិត​ខំប្រឹ​ង​ប្រែ​ង​​គាំ​ទ្ររបស់រដ្ឋាភិបាលសាធារណរដ្ឋ​កូរ៉េ​​នា​​ពេលក​ន្លងមក ដែលបា​ន​រួ​មចំណែកដល់ការអភិ​វឌ្ឍសង្គម​សេ​ដ្ឋ​​កិច្ចកម្ពុជា និងបានគាំទ្រដ​ល់ភា​គី​កូ​រ៉េ​ក្នុងការបន្តសកម្មភាពអនុវត្តតម្រោងក្នុងពេលបច្ចុប្បន្ន និងបាន​គាំ​ទ្រ​​ចំពោះការ​ចាប់ផ្តើមសិ​ក្សាស​មិទ្ធិ​លទ្ធ​ភា​ពរបស់គម្រោងអាទិភាពថ្មី។

ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ ក៏បានផ្តល់អនុសាសន៍ដល់ភាគីកូរ៉េដើម្បីជា ធាតុចូលក្នុងការត្រៀមរៀបចំកំណត់​ទិសដៅអាទិភាព​ថ្មី របស់យុទ្ធសាស្រ្តភាពជា ដៃគូសម្រាប់កម្ពុជា(CountryPartnership Strategy for Cambodia) ដែលនឹងត្រូវបញ្ចប់ នាពេលខាងមុខ ដើម្បីឆ្លើយ​តប​នឹ​ង​ប​រិ​កា​រ​ណ៍អភិវឌ្ឍន៍ថ្មីរបស់កម្ពុជា ដែលផ្តោតលើអាទិភាព ចម្បងគឺ ការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យអប់រំ សុខាភិបាល និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

គួររម្លឹកថា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ សាធារណរដ្ឋកូរ៉េតាមរយៈការិយាល័យ KOICA​បាន​បើ​ក​ផ្ត​ល់​ហិរញ្ញប្បទានឥតសំណងដល់កម្ពុជាប្រមាណ ២០លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ។ បើប្រៀបធៀប​នឹ​ងដៃ​គូអភិវឌ្ឍន៍ដទៃទៀត សាធារណរដ្ឋកូរ៉េបន្តឈរលំដាប់ទី៤ បន្ទាប់ពីសាធារណរដ្ឋប្រជាមានិតចិន​ជ​ប៉ុ​ននិងធនាគារអភិវឌ្ឍន៍អាស៊ី ហើយមានទំហំ ប្រហាក់ប្រហែលអូស្ត្រាលី។

សូមបញ្ជាក់ថា គោលបំណងនៃជំនួបសំដែងការគួរសមរវាង ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋ​មន្ត្រី​ប្រ​តិ​ភូ​អ​ម​នា​យករដ្ឋមន្ត្រីនិងជាអគ្គ​លេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍​កម្ពុជា​នៃ​ក្រុ​​មប្រឹ​ក្សា​អ​ភិ​វ​ឌ្ឍ​ន៍កម្ពុជាជាមួយ លោក នោ ហ្យន់ជូន (RHO Hyunjun) ប្រធាន​តំណាង​ថ្មី​នៃ​ការិ​យា​ល័យ​ស​ហ​ប្រ​តិបត្តិការអន្តរជាតិកូរ៉េKOICA ប្រចាំប្រទេសកម្ពុជា នេះគឺ ដើម្បីពិភាក្សាផ្លាស់ប្តូរយោ​ប​ល់​​លើរ​បៀ​ប​វា​រៈ​ស្តីពីការប្រារព្ធខួបលើកទី៣០ នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិប្រចាំឆ្នាំ២០១៩ ដែ​ល​នឹ​ង​ប្រ​ព្រឹ​ត្ត​ទៅនាចុងខែវិច្ឆិកា ឆ្នាំ២០១៩ ស្របគ្នាជាមួយកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ (ASEAN-ROK Summit) នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ ៕

ដោយ គង់ សិរីរ័ត្ន