លោកជំទាវ ម៉ែន សំអន៖ កម្ពុជាមានមោទនភាព ដែលបានក្លាយជាសមាជិក ដៃគូសកលដើម្បីបញ្ចប់អំពើហិង្សាលើកុមារ

AKP ភ្នំពេញ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ — លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ ម៉ែន សំអន ​ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ ទំនង​ជាមួយ​រដ្ឋ​សភា ​ព្រឹទ្ធសភា ​និង​អធិការកិច្ច​ បាន​ថ្លែង​នូវ​ការ​អបអរសាទរ ​ ខណៈ​ដែល​កម្ពុជា​ក្លាយជា​ប្រទេស​សមាជិក​ដៃគូ​សកល​ ដើម្បី​បញ្ចប់​អំពើ​ហិង្សា​លើ​កុមារ​។

លោកជំទាវកិត្តិសង្គហបណ្ឌិតបានបញ្ជាក់បែបនេះ ខណៈដែលលោកជំទាវអញ្ជើញ ចូលរួមនៅ​​​ក្នុង​ពិធី​ប្រកាស​ជា​ផ្លូវការ​នៃ​ការចូល​ជា​សមាជិករបស់​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង ប្រទេស​ជា​ដៃគូ​សកល ដើម្បី​បញ្ចប់​អំពើ​ហិង្សា​លើ​កុមារ​ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែ​កញ្ញា ឆ្នាំ​២០១៩​ នៅសណ្ឋាគារ​សុខា។

លោកជំទាវកិត្តិសង្គហបណ្ឌិត មានប្រសាសន៍ថា ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា​ សូម​អបអរសាទរ​ចំពោះ​ការប្រកាសជា​ផ្លូវការ​ថា ប្រទេស​កម្ពុជាបានក្លាយ​ខ្លួនជាសមាជិកនៃ ប្រទេសជាដៃគូ​សកល ដើម្បីបញ្ចប់​អំពើហិង្សា លើកុមារនៅ​ចំពោះមុខវត្តមានរបស់អ្នកពាក់ ព័ន្ធ​សំខាន់ៗ និង​បង្ហាញអំពីការ​ប្ដេជ្ញា​ចិត្តដ៏ខ្លាំងក្លារបស់កម្ពុជាក្នុងការបញ្ចប់​អំពើ​ហិង្សា​លើ​កុមារ​។

លោកជំទាវ សូមអរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង​សង្គមកិច្ច អតីតយុទ្ធ ជន និង​យុវនីតិសម្បទា ដែលបានសិក្សាស្វែងរកដៃគូ និង​ស្វែងយល់​អំពី​ប្រទេស​ជា​ដៃគូ​សកល ដើម្បីបញ្ចប់អំពើហិង្សា​លើ​កុមារ រហូត​ទទួលបានការអនុញ្ញាត​ពី​ប្រមុខ​រាជរដ្ឋាភិបាល ឱ្យប្រទេសកម្ពុជា​ចូល​ជា​សមាជិក និង​ឈានដល់​ការប្រកាស ជា​ផ្លូវការ នាពេលនេះ​។

ជាមួយគ្នានោះ លោកជំទាវ​កិត្តិ​សង្គហ​ប​ណ្ឌិ​ត​ ក៏បានថ្លែងអំណរគុណចំពោះមូលនិធិ សហ​ប្រជាជាតិដើម្បីកុមារ​ប្រចាំ​ប្រទេស​កម្ពុជា ដែល​បានគាំទ្រ​ទាំងថវិកា និង​បច្ចេកទេសដល់រាជរដ្ឋាភិបាល កម្ពុជា  សម្រេចបាន​តាមរយៈ​កិច្ចសហការ​ពហុ​វិស័យ ដើម្បីឆ្ពោះទៅការបញ្ចប់​អំពើ​ហិង្សា​លើកុមារ និងទិសដៅ​បន្ត​។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​បានបញ្ជាក់ថា ចាប់តាំងពី​ថ្ងៃ​៧​មករា ឆ្នាំ​១៩៧៩ ប្រទេស​កម្ពុជា ត្រូវបានរំដោះ​ឱ្យ​រួច​ផុតពី​វិនាសកម្ម​របប ប៉ុល ពត ក្នុងការ​ធ្វើ​ឱ្យ​បែកបាក់ព្រាត់ប្រាស​គ្រួសារ។ ប្រជាជនយើង​បានខិតខំកសាងប្រទេសជាតិឡើងវិញ​ពី​បាតដៃ​ទទេ និងពីចំណុចសូន្យ​។ សិទ្ធិរបស់ប្រជាពលរដ្ឋ ជាពិសេសសិទ្ធិ​របស់​កុមារ​កម្ពុជា ត្រូវបានលើកកម្ពស់ និងត្រូវបានការ​ពារ ដោយយកចិត្តទុកដាក់​ ហើយរាជរដ្ឋាភិបាល បានផ្តល់សច្ចាប័នលើអនុសញ្ញា​ពិធីសារ​បន្ថែម និងកិច្ចព្រមព្រៀង​អន្តរជាតិនានា ដើម្បី​ការពារឧ​ត្ត​មប្រយោជន៍របស់​កុមារ​។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ ម៉ែន សំអន បានបន្តទៀតថា អំពើហិង្សា​លើកុមារនាំមក​នូវ​កង្វល់​ដល់​ក្រុមគ្រួសារ ហើយ​វា​បានក្លាយជា​បន្ទុករបស់​រាជរដ្ឋាភិបាល ព្រោះវាអាច​បង្ក​ឱ្យ​ប៉ះពាល់ដល់​សុខភាពកុមារ រួមមាន ពិការភាព ផ្នែក រាង កាយ និង ផ្លូវចិត្ត ដែល​អាច​បាត់បង់​ដល់ផលិតភាព​នៃ​សង្គមជាតិ​។ ដើម្បីបញ្ចប់អំពើហិង្សាលើ​កុមារ គឺ​តម្រូវឱ្យមាន​ទំនួលខុសត្រូវ​រួមគ្នា និង​ការកៀរគរ អ្នកពាក់ព័ន្ធទាំងអស់ និងសង្គមទាំងមូល គឺ ចាំបាច់បំផុត ស្របទៅតាម​បទដ្ឋាន​ជាតិ ដែលបាន ​និងកំពុងដាក់ឱ្យ​អនុវត្តន៍ជាធរមាន រួមទាំង​អនុសញ្ញា របស់​អង្គការសហប្រជាជាតិ​ស្តីពី សិទ្ធិ​កុមារ ឱ្យមានប្រសិទ្ធ ភាព​កាន់តែ​ប្រសើរ​នោះ ទាមទារ​ឱ្យមាន​ការចូលរួម​ពី​គ្រប់​ក្រសួង ស្ថាប័ន អង្គការ​ជាតិ អន្តរជាតិ និង​អ្នកពាក់ព័ន្ធ​ទាំងអស់​។ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ ក៏បាន​សម្តែង​នូវ​ការគាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ សកម្មភាពទាំងឡាយ ដែលកំពុងអនុវត្តន៍នៅលើ​ទឹកដី​កម្ពុជា ក្នុងទិសដៅដោះស្រាយ តម្រូវ ការចាំបាច់​ជា​មូលដ្ឋាន​របស់​កុមារ ដូច​មានចែងក្នុងរដ្ឋធម្មនុញ្ញ និងអនុសញ្ញា ស្តីពី​សិទ្ធិ​កុមារ សម្រាប់​កុមារ​កម្ពុជា៕

ដោយ សួស សំរិត