ក្រសួងសង្គមកិច្ច នឹងចាប់ផ្តើមអនុវត្តន៍កម្មវិធីផ្ទេរសាច់ប្រាក់សម្រាប់ស្រ្តីមានផ្ទៃពោះ និងកុមារក្រោមអាយុពីរឆ្នាំនៃគ្រួសារក្រីក្រនៅដើមឆ្នាំ២០២០ខាងមុខនេះ

AKP ភ្នំពេញ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ — មន្រ្តីជាន់ខ្ពស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានប្រកាសថា កម្មវិធីផ្ទេរ សាច់ប្រាក់សម្រាប់ស្រ្តីមានផ្ទៃពោះ និងកុមារក្រោមអាយុពីរឆ្នាំនៃគ្រួសារក្រីក្រ ដែលរាជរដ្ឋាភិ បាលកម្ពុជាប្រគល់ភារកិច្ចឱ្យក្រសួងសុខាភិបាលអនុវត្តន៍នោះ កម្មវិធីនេះ នឹងផ្ទេរមកឱ្យ ក្រសួងសង្គមកិច្ចជាអ្នកអនុវត្តន៍វិញនៅឆ្នាំ២០២០ខាងមុខនេះ។ ឯកឧត្តម ឡៅ វ៉េង អគ្គនាយក​​នៃអគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ​សម្បទា បានអះអាងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី”កំណើនសេដ្ឋកិច្ច និងផល​លាភសមធម៌” ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា កាលពី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ នាទីស្តីការគណៈរដ្ឋមន្រ្តី។ ឯកឧត្តម ឡៅ វ៉េង បានបញ្ជាក់ថា កម្មវិធីនេះក្រសួងសង្គមកិច្ច​នឹងអនុវត្តន៍នៅដើម​ឆ្នាំ២០២០ខាងមុខនេះ ដែលកម្មវិធីមួយនេះនឹងត្រូវអនុវត្តន៍ជាបីដំណាក់កាល គឺការទៅពិនិត្យ សុខភាពអំឡុងពេលមានផ្ទៃពោះទទួលបានទឹកប្រាក់ចំនួន១៦ម៉ឺនរៀល, ការសម្រាលកូន ដែលទទួលទឹកប្រាក់ចំនួន២០ម៉ឺនរៀល និងការទៅពិនិត្យសុខភាពជាបន្តបន្ទាប់ក្រោយការ​សម្រាល​ទទួលបានទឹកប្រាក់ចំនួន៤ម៉ឺនរៀល។

សូមជម្រាបជូនថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីក្រីក្រមានផ្ទៃពោះ និងកុមារអាយុ​ក្រោម២ឆ្នាំ ហើយគោលនយោបាយនេះ នឹងចាប់ផ្តើមដំណើរការ ចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩កន្លងមក ដោយប្រើប្រព័ន្ធផ្ទេរ និងបើកសាច់ប្រាក់ តាមរយៈធនាគារឯក​ទេសវីង ដែលជាភ្នាក់ងារប្រតិបត្តិការផ្ទេរសាច់ប្រាក់ មានសាខារបស់ខ្លួនជាង៦ពាន់កន្លែង នៅទូទាំង ប្រទេស។ កម្មវិធីនេះ គឺជាការលើកកម្ពស់ សុខុមាលភាពមាតា និងទារក ព្រមទាំង​ចូលរួម ចំណែកកាត់បន្ថយអត្រាឈឺ និងស្លាប់ របស់មាតានិងទារក និងអាហារូបត្ថម្ភដល់​កុមារ ក្នុង គ្រួសារក្រីក្រ ចាប់តាំងពីកូនក្នុងផ្ទៃរហូតដល់អាយុ២ឆ្នាំ។ ជាមួយគ្នានេះ កម្មវិធីនេះ ក៏នឹង ជំរុញឱ្យស្រ្តីក្រីក្រមានផ្ទៃពោះ និងកូនមកទទួលសេវាថែទាំសុខភាពទៀងទាត់៕

ដោយ ចាន់ សុធីវង្ស រូបថត៖ ផែន រតនៈ