ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីមចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ចំនួន៦២៣គ្រួសារនៅខេត្តក្រចេះ

វិទ្យុជាតិកម្ពុជា៖​ ដោយ​ លោក​ ហោ​ សេងគ្រី​ និង​លោក​ ចន​ ណារិទ្ធ​៖

នៅព្រឹកថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៩នេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរដោយ ឯកឧ ត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានអញ្ជើញចែកអំណោយសង្គ្រោះបន្ទាន់ ដល់បងប្អូនប្រជាពលរដ្ឋ នៅខេត្តក្រចេះចំនួន៦២៣គ្រួសារ ដែលក្នុងមួយគ្រួសារទទួលបាន មី ១កេះ ត្រីខមួយយួរ មុង ១ និងអង្ករ ២៥ គីឡូក្រាម។ ឯកឧត្តមទេសរដ្ឋមន្រ្តីគន់ គីម អនុប្រធានទី១(គ.ជ.គ.ម) បានមានប្រសាសន៍ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន កាកបាទក្រហមកម្ពុជា ជានិច្ចជាកាល តែងតែយកចិត្តទុកដាក់ គិតគូចំពោះប្រជាពលរដ្ឋដែលកំពុង ជួបការលំបាកនិងរងគ្រោះដោយទឹកជំនន់។ ឯកឧត្តមបន្តថាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិនិងគណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយថ្នក់ក្រោមជាតិ ព្រមទាំងកាកបាទក្រហមកម្ពុជាតែងតែយកចិត្តដាក់បំផុតចំពោះប្រជាពលរដ្ឋ មិនថាទីណា កន្លែងណាក៏ដោយ ហើយមិនទុកអោយពួកគាត់ដាច់ស្បៀងខ្វះជំរកដែលយើងមិនដឹងនោះទេ។ ឯកឧត្តមបានបន្តរទៀតថា អំណោយសង្គ្រោះបន្ទាន់ទាំងនេះគឺផ្តល់ដល់ ប្រជាពលរដ្ឋរងគ្រោះពិតប្រាកដដោយមិនប្រកាន់និន្នាការនយោបាយ ឬជាតិសាសន៍អ្វីឡើយ ជាពិសេសគឺ សម្រាប់គ្រួសារដែលរងគ្រោះនិងបានជន្លៀសមកនៅតាមទីទួលសុវត្ថិភាពតែម្តងដែលគាត់មានតម្រូវការចាំបាច់ក្នុងកំឡុងពេលនេះ។ ឯកឧត្តមបានណែនាំ ដល់បងប្អូនប្រជាពលរដ្ឋ យកចិត្តទុកដាក់រក្សាអនាម័យ និងស្វែងរកសេវា សុខភាពដែល មានក្រុមការងារមន្ទីរសុខាភិបាលមកប្រចាំការស្រាប់នៅទីទួលនិមួយៗ។ គួរបញ្ជាក់ថានេះជាលើកទី ៣ហើយ ក្នុង ពេល ២ សប្តាហ៍បន្ទាប់ពីមានទឹកជំនន់នេះ ដែលឯកឧត្តមនាយឧត្តមសេនីយ៍ បានចុះមកជួបសួរសុខទុក្ខ និងចែកជំនួយដល់គ្រួសាររងគ្រោះជា ពិសេសនៅតាមទីទួលសុវត្ថិភាពតាមទីតាំងសំខាន់ៗនានាក្នុងខេត្តក្រចេះ។ ក្នុងពេលនេះដែរ កាកបាទ ក្រហមកម្ពុជា និងអាជ្ញាធរកំពុងប្រចាំការតាមដានសភាពការណ៍ជាក់ស្តែង ដើម្បីអាចជួយប្រជាពលរដ្ឋ ទាន់ពេលវេលា៕