សម្តេចប្រធានរដ្ឋសភាពេញចិត្តនិងគាំទ្រចំពោះលទ្ធផលកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលកម្ពុជានិងឡាវ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖

ក្នុងឱកាសទទួលជួបសវនាការជាមួយ ឯកឧត្តមបណ្ឌិត ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តែងនូវការគាំទ្រចំពោះលទ្ធផល នៃកិច្ចពិភាក្សាទ្វេភាគី រវាងប្រមុខរដ្ឋាភិបាលនៃប្រទេសទំាងពីរកម្ពុជានិងឡាវ នាព្រឹកថ្ងៃទី១២ ខែកញ្ញានេះ ក្នុងការពង្រឹងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ ដើម្បីឧត្តមប្រយោជន៍ទំាងសងខាង។
ឯកឧត្តមបណ្ឌិត ថងលូន ស៊ីស៊ូលីត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋាភិបាលឡាវ មកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅព្រះរាជាណាចក្រកម្ពុជា តបតាមការអញ្ជើញរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩។
ក្នុងជំនួបជាមួយសម្តេចប្រធានរដ្ឋសភា ឯកឧត្តមបណ្ឌិត ថងលូន ស៊ីស៊ូលីត បានជម្រាប សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ថា នៅក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រឹកមិញនេះ ឯកឧត្តមបណ្ឌិត និងសម្តេចនាយករដ្ឋមន្រ្តី បានពិភាក្សាគ្នាយ៉ាងជិតស្និទ្ធក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងជាព្រពៃណីរវាងប្រទេសទំាងពីរឲ្យកាន់តែរឹងមាំឡើង។ ប្រមុខដឹកនាំរដ្ឋាភិបាលឡាវ បានលើកឡើងថា កម្ពុជានិងឡាវ បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹងពង្រីកវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ថាមពលអគ្គិសនី អប់រំ បរិស្ថាន ទេសចរណ៍ និងវប្បធម៌ជាដើម។
ឯកឧត្តមបណ្ឌិត ថងលូន ស៊ីស៊ូលីត បានលើកឡើងថា នាយករដ្ឋមន្រ្តីប្រទេសទំាងពីរបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ក្នុងការលើកកម្ពស់ចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឱ្យរឹងមាំឡើងក្នុងន័យ “ភាពជាដៃគូគ្រប់ជ្រុងជ្រោយ គង់វង្ស និងយូរអង្វែង”។ នាយករដ្ឋមន្រ្តីឡាវ បានកោតសរសើរពីការរីកចម្រើនរបស់កម្ពុជា ពីមួយថ្ងៃទៅមួយថ្ងៃ ដែលរីករាយចម្រើនខាងវិស័យឧស្សាហកម្មនិងសំណង់ បានធ្វើឲ្យកម្ពុជាទិញថាមពលអគ្គិសនីពីប្រទេសឡាវ។ ចាប់ពីពេលនេះ ទៅដល់ឆ្នាំ២០៣០ ប្រទេសឡាវលក់ថាមពលអគ្គិសនីឱ្យកម្ពុជា ក្នុងទំហំប្រមាណ ៦ ០០០មេហ្គាវ៉ាត់។ ឯកឧត្តមនាយករដ្ឋមន្រ្តី បានជម្រាបជូន សម្តេច ថា នាយករដ្ឋមន្រ្តីកម្ពុជា និងឡាវ បានប្តេជ្ញាចិត្តរួមគ្នាក្នុងការដោះស្រាយបញ្ហានៅសេសសល់ ពិសេសបញ្ហាព្រំដែន ហើយខិតខំជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនប្រទេសទំាងពីរឲ្យកាន់តែរីកចម្រើនឡើង។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងក្តីរីករាយយ៉ាងក្រៃលែងដោយបានឃើញវឌ្ឍនភាព នៃទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាង ប្រទេសទំាងពីរ កម្ពុជា-ឡាវ មានការរីកចម្រើនឥតឈប់ឈរ ដែលទាំងអស់នេះ បាននំាមកនូវផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរវាងប្រជាជាតិប្រទេសទាំងពីរ។
សម្តេចប្រធាន បានកោតសរសើរ និងគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល នៃប្រទេសទំាងពីរ កម្ពុជា-ឡាវ ក្នុងការបោះបង្គោលព្រំដែនកំណត់ខ័ណ្ឌសីមា សម្រេចបានលទ្ធផល៨៦%។ ខ្ញុំសូមលើកទឹកចិត្ត រដ្ឋាភិបាលទំាងពីរបន្តពិភាក្សាដោះស្រាយបញ្ហា ដែលនៅសេសសល់ ក្នុងស្មារតីមិត្តភាពស្មោះត្រង់ ជឿទុកចិត្តគ្នាទៅវិញទៅមក ដើម្បីប្រែក្លាយជាព្រំដែន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ទុកសម្រាប់ជាមរតកដល់កូនចៅជំនាន់ក្រោយ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក៏បានជម្រាប ឯកឧត្តមនាយករដ្ឋមន្រ្តី ពីទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរដ្ឋសភាប្រទេសទំាងពីរផងដែរ។ រដ្ឋសភាកម្ពុជានិងឡាវ បានផ្លាស់ប្តូរពិសោធន៍គ្នាជាបន្តបន្ទាប់នៅគ្រប់កម្រិត។ ជាពិសេសរដ្ឋសភាប្រទេសទំាងពីរ បានគំាទ្រគ្នាទៅវិញទៅមកលើលើឆាកអន្តរជាតិ តាមរយៈវេទិកាអន្តរសភានានា៕