ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលីអញ្ជើញពិនិត្យ ស្ថានីយ៍បូមទឹក ដើម្បី បញ្ជៀសការលិច ក្រុងកំពង់ចាម

វិទ្យុជាតិកម្ពុជា៖ដោយលោក ចិន សារ៉ាត ៖

ខេត្តកំពង់ចាម៖​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍវិស័យកសិកម្ម និងជនបទ និងជាប្រធាន ក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តកំពង់ចាម អមដំណើរដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងមន្ត្រីជំនាញពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យទីតាំង ដាក់ម៉ាស៊ីនបូមទឹក ចំនួន ២កន្លែង ស្ថិតនៅតាមជួរមាត់ ទន្លេ ក្នុងក្រុងកំពង់ចាម ដើម្បី ធ្វើការបូមរំដោះទឹក តាមប្រព័ន្ធលូមេ ចេញពី ទីក្រុង ចូលទៅក្នុងទន្លេមេគង្គវិញ ។
មន្ត្រីជំនាញ បានអះអាងថា ទោះបី ទឹកទន្លេ មេគង្គស្រកចុះបន្តិច ក៏ពិតមែន តែ ស្ថិតនៅកម្ពស់ ១៥.៧៥ម៉ែត្រដែលលើសកម្រិតប្រុងប្រយ័ត្ន នៅឡើយ ។ ស្ថានភាពកម្ពស់ ទឹក នៅតែខ្ពស់ជាងក្រុងកំពង់ចាម ដែលបណ្តាលឲ្យប្រព័ន្ធលូ នៅក្នុងក្រុងមានសម្ពាធទឹកខ្ពស់ ។ ដូច្នេះ អាជ្ញាធរ ខេត្តកំពង់ចាម បានបញ្ជាឲ្យមន្ត្រីជំនាញ ចុះរៀបចំស្ថានីយបូមទឹក ចំនួន ២កន្លែង ក្នុងក្រុងកំពង់ចាម ដោយ ១កន្លែង នៅសួនមាត់ទន្លេ សង្កាត់កំពង់ចាម និង ១កន្លែង ទៀត នៅទំនប់ព្រែកដើមចាន់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ហើយក៏មាន ត្រៀមម៉ាស៊ីនខ្នាតធំ ជាច្រើនគ្រឿងទៀត នៅតាមតំបន់ប្រឈម នៅក្នុងក្រុងកំពង់ចាម ផងដែរ ។
លោក អ៊ុម វិបុល ប្រធានមន្ទីរ ធនធានទឹក និងឧតុនិយម ខេត្តកំពង់ចាម បានឲ្យដឹងថា នៅពេលដែលទឹកទន្លេ ខ្ពស់ជាងទឹកក្នុងក្រុងកំពង់ចាម ក្រុមមន្ត្រីជំនាញបានបិទសន្ទះទ្វារទឹក ប្រព័ន្ធលូមេ នៅតាមមាត់ទន្លេ និងទំនប់ព្រែកដើមចាន់ ដើម្បី បូមទឹកក្នុងលូចេញទៅទន្លេវិញ ដើម្បី ការពារកុំឲ្យទឹកលិច ចូលក្នុងក្រុង កំពង់ចាម ។
គួរ បញ្ជាក់ថា គិតត្រឹម ព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ ទឹកទន្លេមេគង្គ ខេត្តកំពង់ចាម បានស្រកចុះ នៅត្រឹមកម្ពស់ ១៥.៧០ម៉ែត្រ បើប្រៀបធៀប នឹងថ្ងៃម្សិលមិញ ស្រកចុះ ០.០៥ម៉ែត្រ ទោះជាយ៉ាងណា នៅតែខ្ពស់ជាងកំរិតប្រកាស អាសន្ន ១៥.២០ម៉ែត្រ ។ ដោយឡែក ឆ្នាំ២០១៨ កន្លងទៅទឹក មានកម្ពស់ ១៤.៦១ម៉ែត្រ ប៉ុណ្ណោះ ៕