ប្រជាពលរដ្ឋ រុះរើផ្ទះចំនួន ៣៣គ្រួសារ ទទួលអំណោយសង្គ្រោះបន្ទាន់ ពីអភិបាលខេត្តកំពង់ចាម

វិទ្យុជាតិកម្ពុជា៖ដោយលោក ចិន សារ៉ាត ខេត្តកំពង់ចាម

ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ អមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរ អង្គភាព ពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញ សួរសុខទុក្ខ និងនាំអំណោយសង្គ្រោះបន្ទាន់ ចែកជូនដល់ប្រជាពលរដ្ឋរងផលប៉ះពាល់ ដោយសារគ្រោះទឹកជំនន់ ដែលបានរុះរើផ្ទះ ចំនួន ៣៣គ្រួសារ នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
ឯកឧត្តម អ៊ុន ចាន់ដា បានចាត់ទុកថា ការសម្រេចចិត្តរុះរើលំនៅដ្ឋានរបស់បងប្អូន នាពេលនេះ គឺជារឿងត្រឹមត្រូវបំផុត ពីព្រោះថា វាបានបញ្ជៀសនូវគ្រោះថ្នាក់ផ្សេងៗ ដែលកើតឡើងដោយថាហេតុ ធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតរបស់បងប្អូន និងក្រុមគ្រួសារ ។ នេះមានន័យថា បើបងប្អូនបានផ្លាស់ទៅកាន់ទីកន្លែងផ្សេងនោះវានឹងធ្វើអោយបងប្អូនកាន់តែមានសុវត្ថិភាពនិងរស់នៅដោយគ្មានការភិតភ័យឡើយ។ ដូច្នេះ បញ្ហាចំពោះមុខ សូមបងប្អូនខិតខំប្រកបរបរទទួលទាន ដើម្បី ជីវភាពក្រុមគ្រួសារ ជាពិសេស ខិតខំថែរក្សាសុខភាព ឲ្យបានល្អប្រសើរ ផងដែរ ។
ឯកឧត្ដមបញ្ជាក់ថា គ្រោះធម្មជាតិនេះ គឺពុំមាននណាម្នាក់ដឹងមុនឡើយ ពោលគឺឲ្យតែដល់ពេលវេលា គឺវានឹងបាក់ស្រុតចុះ តែម្ដង ។ ដូច្នេះក្នុងការចូលរួមចំណែកដោះស្រាយក្នុងរយៈពេលខ្លី រដ្ឋបាលខេត្ត បានរៀបចំនូវសម្ភារៈ ក៏ដូចជា ថវិកាមួយចំនួន ដើម្បី រួមចំណែកសម្រួលបន្ទុក ទៅដល់បងប្អូន ដែលបានរុះរើលំនៅដ្ឋាន ទុកសម្រាប់ប្រើជាបណ្ដោះអាសន្ន ក្នុងការដោះស្រាយលើកការសាងសង់លំនៅដ្ឋានថ្មី ។
ឯកឧត្ដម មានប្រសាសន៍ថា នៅពេលទឹកតម្លើងយ៉ាងដូច្នេះ ស្ថានភាពច្រាំង បានបាក់ស្រុតក្នុងទំហំតិចតួច ប៉ុណ្ណោះ ក៏ប៉ុន្តែ អ្វីដែល ព្រួយបារម្ភ គឺវានឹងបាក់ ខ្លាំង នារដូវទឹកសម្រកទៅវិញ ។ ដូច្នេះ ក្នុងលទ្ធភាព នៃការចូលរួមដោះស្រាយលើបញ្ហានេះ អាជ្ញាធរបានធ្វើផែនការស្វែងរកថវិកា ក្នុងក្របខ័ណ្ឌបច្ចេកទេស ដាក់ទៅក្រសួងធនធានទឹក ដើម្បី រៀបចំទប់ការពារនៅតាមតំបន់ដែលប្រឈមការបាក់ស្រុតច្រាំង ដែលតាមការប៉ានន់ប្រមាណ ក្នុងក្របខ័ណ្ឌទូទាំងខេត្តកំពង់ចាម គឺត្រូវចំណាយថវិកា ប្រមាណជា ៦លានដុល្លារអាមេរិក ។ ទន្ទឹមនឹងនោះ យើងនឹងលើកផែនការអនុវត្ត ទៅតាមដំណាក់កាល ដោយយក ស្រុកចំនួន ២ គឺ ៖ ស្រុកស្ទឹងត្រង់ និងស្រុកស្រីសន្ធរ ជាចំណុចអាទិភាព មុនគេ ក្នុងចំណោមក្រុង ស្រុក ប្រឈមទាំង ៦ របស់ខេត្តកំពង់ចាម ដើម្បី ធ្វើការទប់ស្កាត់កុំឲ្យបាក់ស្រុតច្រាំង ជាបន្តទៅទៀត ។
នាឱកាសនោះដែ ឯកឧត្ដមអភិបាលខេត្ត បានចែក អំណោយសង្គ្រោះបន្ទាន់ ដល់ប្រជាពលរដ្ឋទាំង ៣៣គ្រួសារ ដោយ ១គ្រួសារ ទទួលបានតង់ ១ និងថវិកា ២០ម៉ឺនរៀល ៕