សាលាបឋមសិក្សា​ និងមធ្យមសិក្សាចំនួន៦ ទទួលបានជ័យលាភីសាលាមេត្រីបរិស្ថាន​ថ្នាក់ជាតិប្រចាំឆ្នាំ២០១៩

AKP ភ្នំពេញ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ — ក្រសួងបរិស្ថាន បានសហការជាមួយក្រសួងអប់រំយុវជន និងកីឡា រៀបចំការប្រកួតប្រជែង សាលាមេត្រីបរិស្ថានថ្នាក់ជាតិប្រចាំឆ្នាំ២០១៩ ក្នុងនោះ សាលាបឋមសិក្សា និងមធ្យមសិក្សា ចំនួន៦ ក្នុងចំណោមសាលាចំនួន១៨ ដែលចូលរួមប្រកូតប្រជែង ទទួលបានជ័យ​លាភី​ចំណាត់ថ្នាក់ពី​កម្រិតមាស ប្រាក់ និងសំរឹទ្ធិ។

ក្នុងពិធីប្រកាសជ័យលាភីការប្រកួតប្រជែងសាលាមេត្រីបរិស្ថានថ្នាក់ជាតិ ឆ្នាំ២០១៩ ដែលត្រូវបានធ្វើឡើង កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០១៩ នៅទីស្តីការ ក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារសម្របសម្រួល​កិច្ចសហប្រតិបត្តិការរវាងក្រសួង​បរិស្ថាន និងក្រសួងអប់រំ​ យុវជន និងកីឡា ក្នុងក្របខ័ណ្ឌការងារអប់រំ ការងារបណ្តុះ​បណ្តាល ការ​សិក្សា​ស្រាវជ្រាវ និងការងារផ្តល់សេវាពិគ្រោះយោបល់​លើ​វិស័យបរិស្ថាន ជាពិសេស​ក្រុមការ​ងារមកពីក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មការវាយតម្លៃសាលាមេត្រី បរិស្ថាន។ ទន្ទឹមនេះ គ្រប់ភាគីទាំងអស់បានផ្តល់កិច្ចសហការយ៉ាងល្អប្រសើររហូតទទួលបាន​លទ្ធផល​ជា​ផ្លែផ្កាគួរឱ្យកត់សម្គាល់ និងសូមកោត​សរសើរផងដែរ ចំពោះសាលាបឋមសិក្សា និងមធ្យម​សិក្សា ដែលបានចូលរួម​ក្នុងចលនាប្រឡងប្រជែង​មេត្រីភាពបរិស្ថាន។ ឯកឧត្តមរដ្ឋមន្ត្រីបាន​បញ្ជាក់ថា “គំនិតផ្តួចផ្តើមនេះ ជាយន្តការមួយដ៏មានសារៈសំខាន់ក្នុង ចំណោម​យន្តការ និង វិធានការជាច្រើនទៀតដែលក្រសួងបរិស្ថាន និងភាគីពាក់ព័ន្ធទាំងអស់​បានខិត​ខំជំរុញអនុវត្តន៍ ជាបន្តបន្ទាប់ សំដៅធ្វើឱ្យប្រសើរឡើងនូវកិច្ចគាំពារបរិស្ថាន ការការពារធន​ធាន​ធម្មជាតិ ការ​អភិរក្សជីវចម្រុះ និងការរស់នៅដោយចីរភាព”។ ឯកឧត្ដមបានបន្ដថា ការ​ប្រកួតប្រជែងនេះ ក៏ជា​ការចូលរួមតាមរយៈការបញ្រ្ជាប​ចំណេះ​ដឹង និងចំណេះធ្វើក្នុង​ចំណោម​កុមារសិស្សានុ​សិស្ស និងយុវជន នៅតាមសាលារៀន និងគ្រឹះស្ថានអប់រំ ដែលជាកន្លែង​ប្រមូល​ផ្តុំមាន​លក្ខណៈ​ងាយស្រួលក្នុងការផ្លាស់ប្តូរទម្លាប់ ផ្នត់គំនិត និងឥរិយាបថរបស់កុមារ និងយុវជន​ចំពោះអនាម័យ និងបរិស្ថាន។

លោកជំទាន់ ទន់ សាអ៊ីម អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បាន​បញ្ជាក់ដែរថា ចលនាសាលាមេត្រីបរិស្ថានកម្ពុជា ឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវការ​យកចិត្ត​ទុក​ដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជន និងកីឡា លើការបញ្ជ្រាបចំណេះដឹង ការផ្លាស់ប្ដូរផ្នត់គំនិត ការលើកកម្ពស់ស្មារតី​ស្រឡាញ់ បរិស្ថាន និងការជំរុញប្រតិបត្តិមេត្រីភាពបរិស្ថាន សំដៅគាំទ្រដល់កិច្ចគាំពារបរិស្ថាន ការពារ ធនធានធម្មជាតិ ការអភិរក្សជីវចម្រុះ និងការរស់នៅ​ដោយចីរភាព។ លោកជំទាវបានបន្ដថា ចលនាសាលាមេត្រីបរិស្ថានកម្ពុជា មិនត្រឹមតែជំរុញឱ្យ​សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ​ប្រតិបត្តិមេត្រីភាពបរិស្ថាន តែក្នុងបរិវេណសាលារៀនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអនុវត្តន៍នៅ​ក្នុងសហគមន៍ជុំវិញ​សាលារៀនផងដែរ ដោយចាំបាច់ត្រូវមានកិច្ចសហការពីអាណាព្យា​បាល​សិស្ស អាជ្ញាធរមូលដ្ឋាននិងអ្នកពាក់ព័ន្ធក្នុងសហគមន៍ទាំងអស់ស្របតាមលក្ខខណ្ឌ វិនិច្ឆ័យ៤ ចំណុចនៃសាលាមេត្រីបរិស្ថាន។

លោកជំទាវក៏បានលើកឡើងនូវលក្ខខណ្ឌវិនិច្ឆ័យទាំង៤ ចំណុចនៃសាលាមេត្រី បរិស្ថានរួមមាន ទី១. មានគោលការណ៍និងរដ្ឋបាលរបស់សាលាលើការងារបរិស្ថាន ទីទី២. មានការបង្រៀនមេរៀនបរិស្ថាន និងសកម្មភាពអប់រំបរិស្ថានក្នុងសាលា និងសហគមន៍ជុំវិញ (ជាកម្មវិធីសិក្សាបន្ថែម ឬបញ្ជ្រាប)។ ទី៣. មានសម្ភារបរិក្ខារអប់រំបរិស្ថាន ហេដ្ឋារចនា​សម្ព័ន្ធនានា និងការប្រតិបត្តិបរិស្ថាន និងទី៤. មានភាពជាដៃគូជាមួយអ្នកពាក់ព័ន្ធនឹង​ការផ្សព្វ​ផ្សាយតាមសហគមន៍។ លោកជំទាវ ទន់ សាអ៊ីម ក៏បានចាត់ទុកថា ការចូលរួមរបស់​សហ​គមន៍ អាជ្ញាធរមូលដ្ឋាន និងជាពិសេសអាណាព្យាបាលសិស្សានុសិស្ស ក្នុងចលនា​សាលា​មេត្រីបរិស្ថាន ជាកត្តាចាំបាច់ និងមានសារៈសំខាន់បំផុត ព្រោះថាតួអង្គទាំងអស់នេះសុទ្ធតែ​មានអន្តរអំពើទៅវិញទៅមក។ ជាមួយគ្នានេះ ចំពោះអន្តរអំពើ នៅត្រង់ថាសាលារៀនពឹង​អាណា​ព្យាបាលសិស្សដើម្បីនាំកូនមករៀន ចំណែកអាណាព្យាបាលសិស្សពឹងសាលារៀន ដើម្បីឱ្យកូនបានសិក្សានូវទទួលចំណេះដឹងទៅអនាគត សម្រាប់បុព្វហេតុអភិវឌ្ឍន៍សហគមន៍ និងសង្គមជាតិទាំងមូល។ លោកអនុរដ្ឋលេខាធិការបានបន្ថែមថា សាលារៀនចាំបាច់ត្រូវ​សហការជិតស្និទ្ធជាមួយអាណាព្យាបាលសិស្ស និងអ្នកពាក់ព័ន្ធដទៃទៀតក្នុងសហគមន៍របស់ ខ្លួន ដូចជាវត្តអារ៉ាម ក្រុមប្រឹក្សាឃុំ-សង្កាត់ និងអាជ្ញាធរដែនដី ដើម្បីធានាឱ្យបាននូវការអប់រំ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព ដូចនឹងពាក្យស្លោកថា «ទាំងអស់គ្នាដើម្បីបរិស្ថាន បរិស្ថានដើម្បីទាំងអស់គ្នា»។

សូមបញ្ជាក់ថា សាលាជ័យលាភីទាំង៦ នោះរួមមាន ទី១)-សាលាបឋមសិក្សាស្វាយជ្រុំ មកពីខេត្តស្វាយរៀង ទទួលបានចំណាត់ថ្នាក់កម្រិតមាស ទី២)-សាលាបឋមសិក្សាគិរី​សុវណ្ណ​វង្ស មកពីខេត្តកំពង់ឆ្នាំង  ទទួលបានចំណាត់ថ្នាក់កម្រិតប្រាក់ ទី៣)-សាលាបឋមសិក្សា ហ៊ុន សែន ឫស្សីជ្រោយ ទទួលបានចំណាត់ថ្នាក់កម្រិតសំរឹទ្ធិ ទី៤)-វិទ្យាល័យ ហ៊ុន សែន ឧត្តរ មានជ័យ មកពីខេត្តឧត្តរមានជ័យ ទទួលបានចំណាត់ថ្នាក់កម្រិតមាស ទី៥)-វិទ្យាល័យ ២៨ មករា មកពីខេត្តសៀមរាប ទទួលបានចំណាត់ថ្នាក់កម្រិតប្រាក់ និងទី៦)-វិទ្យាល័យពេជ្រចិន្តា មកពីខេត្តបាត់ដំបង ទទួលបានចំណាត់ថ្នាក់កម្រិតសំរឹទ្ធិ។

ឯកឧត្តម សាយ សំអាល់ ក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះសាលាបឋមសិក្សា និង​មធ្យមសិក្សាដទៃទៀត ដែលបានចូលរួម​ក្នុងការប្រកួតប្រជែងថ្នាក់ជាតិនៅឆ្នាំ២០១៩ នេះ បើទោះបីជាមិនបានជាប់ជាជ័យលាភី ប៉ុន្តែបានបង្ហាញពីឆន្ទៈ និងភាពជាអ្នកដឹកនាំគំរូ​សំដៅ ធ្វើយ៉ាងណារក្សាឱ្យបាននូវសាលាអនុវត្តន៍តាមស្តង់ដារសាលាមេត្រីបរិស្ថាន។ ឯកឧត្ដម “ខ្ញុំ មានជំនឿជឿជាក់ថាដរាបណាយើងនៅមានក្តីសង្ឃឹមនិងដាក់គោលដៅឱ្យបានច្បាស់លាស់ នោះនៅឆ្នាំបន្តបន្ទាប់ប្រាកដជាទទួលបានជ័យលាភីជាក់ជាពុំខាន។ ការប្រកួតប្រជែងសាលា មេត្រីបរិស្ថាន ពុំមែនជាការបន្តុះបង្អាប់ចំពោះ​សាលារៀនដែលមិនមែនជាជ័យលាភីនោះទេ ប៉ុន្តែជាការជំរុញ និងលើកទឹកចិត្តដល់សាលារៀនទាំងអស់បន្ត​វប្បធម៌ស្រឡាញ់ ថែរក្សា និងគាំពារបរិស្ថាន ហើយក៏ជាឱកាសចែករំលែកបទពិសោធន៍ និងរៀនសូត្រឧត្តមានុវត្តពីគ្នា ទៅវិញទៅមកផងដែរ។” ឯកឧត្តមរដ្ឋមន្ត្រីជឿជាក់ថា សម្រាប់ការប្រកួតប្រជែងថ្នាក់ជាតិ​នៅ ឆ្នាំក្រោយៗទៀត នឹងមានការចូលរួមពីគ្រឹះ​ស្ថាន​​អប់រំ ទាំងសារធារណៈ និងឯកជន កាន់តែ ច្រើនថែមទៀត ដើម្បីជំរុញ និងលើកកម្ពស់ការយល់ដឹងពីវិស័យបរិស្ថាន និងធនធានធម្មជាតិ នៅកម្ពុជា ឱ្យបានកាន់តែប្រសើរឡើងថែមទៀត។

ឯកឧត្តមរដ្ឋមន្ត្រីគូសបញ្ជាក់បន្ថែមទៀតថា គោលបំណងរបស់យើងទាំងអស់គ្នា ដែល​ខិតខំប្រឹងប្រែងបំពេញការងារដោយមិនខ្លាចនឿយហត់នៅពេលនេះគឺដើម្បីក្តាប់មកវិញនូវមោទនភាពជាតិ និងការកសាងជាតិទំនើបមួយ​ដ៏រស់រវើក ក្នុងសេចក្តីប៉ងប្រាថ្នា​ប្រែក្លាយ​កម្ពុជា​ជាប្រទេសមានចំណូលខ្ពស់ រឹងមាំ សង្គមយុត្តិធម៌ ពលរដ្ឋមានសមត្ថភាព និង​បរិស្ថាន​រស់នៅល្អប្រសើរ។ ក្រៅពីនេះ សម្រាប់ដឹកនាំ និងគ្រប់គ្រង​កិច្ចគាំពារបរិស្ថាន ការអភិរក្ស​ជីវចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិ​ឱ្យបាន​សមស្រប និងមាននិរន្តរភាព និងការរស់នៅ​ដោយ​ចីរភាព គឺសម្រាប់ជាឧត្តមប្រយោន៍យូរអង្វែង​របស់​ប្រជាជនកម្ពុជាគ្រប់រូប និងគ្រប់​ជំនាន់នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

ដោយ ឡុង ស៊ីវ៉ាន់