ក្រសួងបរិស្ថាន អំពាវនាវប្រជាពលរដ្ឋ ចូលរួមអភិរក្សសត្វចាបព្រៃវែង

វិទ្យុជាតិកម្ពុជា​៖​ យី វិច្ឆិកា ១២ ០៩ ២០១៩៖

ក្រសួងបរិស្ថានអំពាវនាវប្រជាពលរដ្ឋចូលរួមអភិរក្សសត្វចាបព្រៃវែងដើម្បីកុំអោយបាត់បង់។
សត្វចាបព្រៃវែងនេះបច្ចុប្បន្ន បាននិងកំពុងប្រឈមការ គំរាមកំហែង ដែលទាមទារអោយប្រជាពលរដ្ឋតាមមូលដ្ឋាន ត្រូវរួមគ្នាថែរក្សានិងការពារ។
លោក អ៊ូ សេរី អគ្គនាយករងរដ្ឋបាលការពារ និងអភិរក្សធម្មជាតិនៃក្រសួងបរិស្ថាន បានលើកឡើងក្នុងសិក្ខាសាលា ស្តីពីការអភិរក្សសត្វចាបព្រៃវែងនៅកម្ពុជា នាសណ្ឋាគារអេរ៉ាភ្នំពេញ បច្ចុប្បន្នសត្វចាបព្រៃវែងបាននិងកំពុងរងការគំរាមកំហែងខ្លាំង ដោយសារ ការដាក់អន្ទាក់ ការបរបាញ់ ការប្រើប្រាស់ថ្នាំគីមី ជីកសិកម្មច្រើន និងចាប់យកមកបរិភោគលក្ខណៈគ្រួសារ អាជីវកម្ម និងលក់នៅតាមទីផ្សារជាដើម ខណៈសត្វប្រភេទនេះ មានទំលាប់រស់នៅជា លក្ខណៈប្រមូលផ្តុំគ្នាជាហ្វូងធំៗ ដែលងាយធ្វើអោយជនល្មើសងាយស្រួលក្នុងការប្រមាញ់។
លោកបាន សំណូមពរដល់គ្រប់ភាគីពាក់ព័ន្ធ រួមគ្នាក្នុងការទប់ស្កាត់បញ្ហានេះ ។
សូមអោយអង្កការដៃគូរពាក់ព័ន្ធនិងប្រជាពលរដ្ឋទូរទៅគិតគូរពីបរិស្ថាន ពីជីវិតសត្វអស់ទាំងនេះកុំអោយវាបាត់បង់ពីផែនដីយើង ព្រោះវាមានសារៈសំខាន់ណាស់ផ្នែកអេកូឡូស៊ី ។
លោក ប៊ូ វិរសក្ស នាយកអង្គការជីវិតស្លាបអន្តរជាតិ ក៏បានអោយដឹងថា សត្វចាបព្រៃវែង គឺវាពងកូនកន្លែងដែលត្រជាក់ មានទីតាំងនៅរុស្សី ហុកកៃដូរ និងតំបន់អាំមើ ហើយក្រោយពីវាពងកូនរួច ពួកវាតែងតែបំលាស់ទី ហើរឆ្លងកាត់ប្រទេសចិន មកកាន់តំបន់អាស៊ី មានកម្ពុជា វៀតណាម ឡាវ និងភូមា ។ លោកបញ្ជាក់ថា កត្តាប្រឈមសំខាន់ក្នុងការគំរាមកំហែងចំពោះសត្វស្លាបនេះគឺ ការទន្រ្ទានយកដី និងការបរបាញ់ធ្វើជាម្ហូបអាហារជាដើម។
អញ្ជឹងកត្តាប្រឈមវាច្រើនណាស់ នៅពេលដែលវាមានវត្តមាននៅកម្ពុជា ហើយសត្វចាប់នេះបើយើងមិនអភិរក្សតំបន់ដែលវាពងកូនហើយមកនៅទេ គឺវាបាត់បង់ដូចតែគ្នា ។
សូមបញ្ជាក់ថា បច្ចុប្បន្ននៅកម្ពុជាសម្រាប់សត្វចាបព្រៃវែងនេះ កំពុងរងការជិតផុតពូជ និងស្ថិតនៅក្នុងបញ្ជីក្រហម របស់អង្គការ អាយយូស៊ីអ៊ិន (IUCN) ។ សត្វចាបព្រៃវែងនេះ ត្រូវបានដាក់លក់ចំនួន ៥៤២កន្លែងទូទាំងប្រទេសកម្ពុជា ៣៥៣ កន្លែង ដាក់លក់ក្នុងទីក្រុងភ្នំពេញ (Bilbert ,et al 2012) ៕