នៅរសៀលនេះនាយករដ្ឋមន្ត្រីឡាវនឹងចូលជួបពិភាក្សាជាមួយប្រធានរដ្ឋសភាកម្ពុជា

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖

នៅរសៀលនេះ ឯកឧត្តម ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្ដ្រីឡាវ នឹងចូលជួប សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ដើម្បីពិភាក្សាការងារមួយចំនួនដែលឈានទៅពង្រឹង ពង្រីកទំនាក់ទំនងមិត្តភាព ចំណងការទូតទ្វេភាគីជាមួយគ្នាឲ្យកាន់តែប្រសើរឡើងថែមទៀត។
សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភា បានឲ្យដឹងថា ឯកឧត្តម នាយករដ្ឋមន្ដ្រីឡាវ នឹងចូលជួបសម្តេចពញាចក្រី ហេង សំរិន នៅវិមានរដ្ឋសភា នាវេលាម៉ោង៤រសៀលថ្ងៃទី១២ ខែកញ្ញា។
ជំនួបធ្វើឡើង ក្រោយឯកឧត្តម ថងលូន ស៊ីស៊ូលីត ជួបពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ក្នុងឱកាសឯកឧត្តមដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកញ្ញានេះ។
នៅក្នុងដំណើរទស្សនកិច្ចនៅកម្ពុជាលើកនេះ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក៏បានធ្វើជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន៥ ដែលទី១ គឺអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ២. កិច្ចព្រមព្រៀងស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យថាមពល រវាងរាជរដ្ឋាភិបាលនៃ ព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ៣. កិច្ចព្រមព្រៀងទិញ-លក់អគ្គិសនី រវាងអគ្គិសនីកម្ពុជា និងអគ្គសនីឡាវ សម្រាប់ការនំាចូលអគ្គិសនីអនុភាព៥០០ មេហ្គាវ៉ាត់ ពីវារីអគ្គិសនីអាត់តាពើ ប្រទេសឡាវ។ ៤. កិច្ចព្រមព្រៀទិញ-លក់អគ្គិសនី រវាងអគ្គសនីកម្ពុជា និងក្រុមហ៊ុន TSBP SEKONG POWER AND MINIRAL COMPANY LIMITED គម្រោងរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម អនុភាព៦០០មេហ្គាវ៉ាត់ នៅខេត្តសេកុង ប្រទេសឡាវ។ ៥. កិច្ចព្រមព្រៀងទិញ-លក់អគ្គិសនី រវងអគ្គិសនីកម្ពុជា និងក្រុមហ៊ុន XEKONG THERMAL POWER PLANT COMPANY LIMITED គម្រោងរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម អនុភាព១.៨០០ មេហ្កាវ៉ាត់ នៅខេត្តសេកុង៕