ឯកឧត្ដម គន់ គីម អញ្ជើញចុះចែកអំណោយដល់ប្រជាពលរដ្ឋរងគ្រោះដោយ ទឹកជំនន់ទន្លេមេគង្គ ១១៨គ្រួសារ នៅក្នុងក្រុងក្រចេះ

AKP ក្រចេះ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ — ឯកឧត្ដមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ និងឯកឧត្ដម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចុះចែក អំណោយជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹជំនន់ទន្លេមេគង្គចំនួន១១៨គ្រួសារ នៅក្នុង ក្រុងក្រចេះ ខេត្តក្រចេះ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩។

ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គទាំង១១៨គ្រួសារនោះ គឺ មកពីសង្កាត់ ក្រចេះចំនួន ៥៣គ្រួសារ សង្កាត់អូរឫស្សីចំនួន ៧២គ្រួសារ សង្កាត់ រកាកណ្ដាល ចំនួន ៤៣គ្រួសារ និងសង្កាត់ក្រគរចំនួន ២០គ្រួសារ ដែលក្នុងមួយគ្រួសារៗទទួលបានអង្ករ ២៥គីឡូក្រាម ជាអំណោយរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មី ១កេស ត្រីខ ១យួរ ជាអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ និងមុងជ្រលក់ថ្នាំចំនួន១ ជាអំណោយរបស់មន្ទីរសុខាភិបាលខេត្ត។ 

ក្នុងឱកាសសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋរងគ្រោះនាពេលនោះឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើ និងការសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គទាំងអស់ នៅក្នុងខេត្តក្រចេះក៏ដូចជាបណ្ដាខេត្តផ្សេងៗ ដែលសម្ដេចទាំងទ្វេតែងតែមានការព្រួយបារម្ភ ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់ច្រកល្ហក និងបានជំរុញឱ្យមន្ត្រីគ្រប់ជាន់ថ្នាក់ ចាត់វិធាន ការក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗឱ្យបាន ទាន់ពេលវេលានៅគ្រប់ទីកន្លែង ដោយមិនប្រកាន់និន្នាការនយោបាយ ពណ៌សម្បុរ ជាតិសាសន៍និងបានចូលរួមសោកស្ដាយចំពោះប្រជាពលរដ្ឋទាំងអស់ ដែលទទួលរង គ្រោះទឹកជំនន់នាពេលនេះ។

ឯកឧត្តមអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏បានអំ ពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់សំខាន់លើការថែទាំសុខភាព ដោយផ្អែក លើអនាម័យបរិស្ថាន ពីព្រោះថាពេលទឹកជំនន់បាននាំមកនូវមេរោគផ្សេងៗ ដែលអាចនាំឱ្យ មានជំងឺឆ្លងផងដែរ៕

ដោយ ជួន សុជាតិ