ឯកឧត្ដម វេង សាខុន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ទូកម៉ាស៊ីនចំនួន១០០គ្រឿង ដល់សហគមន៍នេសាទខេត្តក្រចេះ និងខេត្តស្ទឹងត្រែង

AKP   ក្រចេះ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ — ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានអញ្ជើញជា អធិបតីក្នុងពិធីប្រគល់ទូកម៉ាស៊ីនចំនួន១០០គ្រឿង ដល់សហគមន៍នេសាទនៅក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩។

ពិធីប្រគល់ទូកម៉ាស៊ីនដល់សហគមន៍នេសាទនេះធ្វើឡើងនៅក្នុងបរិវេណមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ គាំទ្រដោយគម្រោងគ្រប់គ្រងធនធានទឹកចម្រុះទន្លេ មេគង្គដំណាក់កាលទី៣ ដោយកម្ចីពីធនាគារពិភពលោក World Bank។ ពិធីនោះក៏មានការ អញ្ជើញចូលរួមពីឯកឧត្ដម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកប្រធានរដ្ឋ បាលជលផល ឯកឧត្ដម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត លោក ខ័ណ្ឌ ចំណាន អភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ និងខេត្តស្ទឹងត្រែង លោក លោកស្រីប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ ជុំវិញខេត្តមន្ត្រីរដ្ឋបាលជលផលខេត្ត តំណាងកងកម្លាំងប្រដាប់អាវុធ និងតំណាងសហគមន៍ នេសាទចំនួន៥០សហគមន៍ គឺមកពីខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។

ឯកឧត្ដម អេង ជាសាន ប្រតិភូរាជរដ្ឋភិបាលទទួលបន្ទុកប្រធានរដ្ឋបាល ជលផលបាន ធ្វើរបាយការណ៍បញ្ជាក់ថា ដោយមានកិច្ចសហការពីរដ្ឋបាល ជលផលនៃខេត្តទាំងពីរ ការអនុវត្តគម្រោងគ្រប់គ្រងធនធានទឹកចម្រុះទន្លេមេគង្គ ដំណាក់កាលទី៣បានដំណើរ ការយ៉ាងរលូន និងប្រព្រឹត្តទៅយ៉ាងល្អប្រសើរ។

ឯកឧត្ដមប្រធានរដ្ឋបាលជលផលបានឱ្យដឹងថា គម្រោងបានជ្រើសរើស យកសហគមន៍នេសាទចំនួន៧០នៃខេត្តគោលដៅចំនួន២ គឺខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ក្នុងការគាំទ្របច្ចេកទេសថវិកា និងសម្ភារ។ ឯកឧត្ដមបានឱ្យដឹងទៀតថា នៅក្នុងពេលនេះគឺ គម្រោងបានផ្តល់ទូកម៉ាស៊ីនដល់សហគមន៍នេសាទចំនួន៥០គឺនៅខេត្តក្រចេះចំនួន ២៥ សហគមន៍ និងនៅខេត្តស្ទឹងត្រែងចំនួន២៥សហគមន៍នេសាទ ដែលក្នុងមួយសហគមន៍ទទួល បានទូកម៉ាស៊ីនចំនួន២គ្រឿងរួម និងសម្ភារថវិកាផងដែរ។

ឯកឧត្ដម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា គម្រោងគ្រប់គ្រងធនធានទឹកចម្រុះទន្លេមេគង្គដំណាក់កាលទី៣បានផ្តល់ ទូកម៉ាស៊ីនសម្រាប់ សហគមន៍នេសាទចំនួន៥០នៅពេលនេះ និងបន្តប្រគល់ទូកម៉ាស៊ីនបន្ថែម ទៀតដល់សហគមន៍នេសាទដែលមិនទាន់ទទួលនៅពេលក្រោយ ក្នុងគម្រោងទាំងអស់ចំនួន ៧០សហគមន៍នេសាទ។

ឯកឧត្ដមរដ្ឋ មន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបញ្ជាក់ថា អ្វីដែលយើង បានធ្វើនិងបន្តធ្វើគឺត្រូវប្រឹងប្រែងរឹតបន្តឹងនូវការគ្រប់គ្រងធនធានធម្មជាតិ គឺទាំងរដ្ឋបាល ជលផល និងរដ្ឋបាលព្រៃឈើត្រូវអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់ មិនអត់ឱន និងមិនអនុញ្ញាតឱ្យ មានបទល្មើសកើតឡើងនៅក្នុងដែនគ្រប់គ្រងរដ្ឋបាលរបស់ខ្លួនឡើយ៕

ដោយ ជួន សុជាតិ