រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំដោះស្រាយបញ្ហាកង្វះទឹកស្អាតប្រើប្រាស់ក្នុងក្រុង

AKP ព្រះសីហនុ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ — ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំ ពិភាក្សាបញ្ហាប្រឈមកង្វះទឹកស្អាតប្រើប្រាស់ជូនប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុ នាពេល ចប្ចុប្បន្ន មានការចូលរួមពីលោកឧកញ៉ា កុក អាន ប្រធានក្រុមហ៊ុនអានកូរ  វ៉ធើរសឹបផ្លាយ ប្រចាំខេត្តព្រះសីហនុ និងមន្ត្រីជំនាញពាក់ព័ន្ធ នៅសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃ ព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩។

លោកឧកញ៉ា កុក អាន ប្រធានក្រុមហ៊ុន អានកូរ វ៉ធើរសឹបផ្លាយ បានបញ្ជាក់ថា ក្រុមហ៊ុនបាន និងកំពុងបង្កើនការតបណ្តាញទុយោមេមានមុខកាត់ចាប់ពី៤០០ រហូតដល់ ៦០០ជាច្រើនខ្សែ និងបង្កើនការសាងសង់អាងផលិតទឹករហូតដល់ ១០០.០០០ម៉ែត្រគុប និងបន្តចែកចាយទឹក មករដ្ឋករទឹកខេត្តព្រះសីហនុ ក្នុងមួយថ្ងៃ ១០.០០០ ក្នុងឆ្នាំ២០១៦  និង ៣៥.០០០ម៉ែត្រគុប ក្នុងឆ្នាំ២០១៩នេះ ។ បច្ចុប្បន្នក្រុមហ៊ុន មានស្ថានីយផលិតទឹកស្អាតមួយ និងស្ថានីយស្តុប និងចែកចាយមួយនៅជិតរោងចក្រ RCI ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ និងមានគម្រោងសាងសង់ស្ថានីយទី៣ ស្តុបទឹកនៅពេលខាងមុខ ដើម្បីបង្កើនបរិមាណទឹកចែកចាយជូនប្រជាពលរដ្ឋ និងទីតាំងអាជីវកម្មនានា ក្នុងក្រុងព្រះ សីហនុ និងបណ្តាស្រុកមួយចំនួន មានដូចជា ស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ។

ដោយឡែកលោក ផន រតន: ប្រធានអង្គភាពរដ្ឋាករទឹក នៃមន្ទីរឧ្សាហកម្ម និងសិប្បកម្មខេត្តព្រះសីហនុមានប្រសាសន៍ថា ក្នុងឆ្នាំ២០១៦ ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតមកអង្គភាពរដ្ឋាករទឹកចំនួន ១៨.០០០ម៉ែត្រគុប, ២០១៧ ចំនួន ២៣.០០០ម៉ែត្រគុប និងបច្ចុប្បន្ន ៣០.០០០ម៉ែត្រគីបក្នុងមួយថ្ងៃ ក៏ប៉ុន្តែបរិមាណទឹក ដែលត្រូវប្រើប្រាស់ប្រចាំថ្ងៃមានរហូតដល់ ៥០.០០០ម៉ែត្រគុបក្នុងមួយថ្ងៃ។ ដូច្នេះក្នុងមួយ ម៉ោង រដ្ឋាករទឹកខេត្តព្រះសីហនុ ត្រូវការទឹក ២.២០០ ម៉ែត្រគុបក្នុងមួយម៉ោង ក៏ប៉ុន្តែក្រុម ហ៊ុនបញ្ជូនទឹកមកឱ្យអង្គភាពរដ្ឋករទឹកបានត្រឹមតែ ១.៤០០ម៉ែត្រគុបក្នុងមួយម៉ោង តែប៉ុណ្ណោះ ធ្វើឱ្យការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋនៅតាមតំបន់មួយចំនួនមានខ្វះខាតជាប្រចាំ។

កាលពីមុនអង្គភាពរដ្ឋាករទឹក បានផលិតទឹកស្អាតក្នុងមួយថ្ងៃបានចំនួន ៧.០០០ម៉ែត្រគុប ដើម្បីបំពេញបន្ថែមការខ្វះខាត តែមកដល់ក្នុងឆ្នាំ២០១៩នេះ អង្គភាពរដ្ឋាករទឹកមិនអាចផលិតទឹកបាន ដោយសារតែបឹងព្រែកទប់ មានទីតាំងស្ថិតក្នុងសង្កាត់ លេខ៣ ក្រុងព្រះសីហនុ ត្រូវបានអភិវឌ្ឍន៍បូមដីចាក់បំពេញ ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា រដ្ឋបាលខេត្ត បានរិះរកគ្រប់មធ្យាបាយ ដើម្បីដោះស្រាយកង្វល់ នៃការខ្វះទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃជូន ប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុ ទោះបីជារដូវភ្លៀងក៏ដោយ តំបន់មួយចំនួនក្នុងក្រុងព្រះសីហនុ នៅតែប្រឈម និងខ្វះខាតទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ។ ម្យ៉ាងដោយសារតែខេត្តព្រះសីហនុ ជាតំបន់ខ្ពង់រាប មានកន្លែងខ្ពស់ខ្លះមិន មានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ប្រចាំថ្ងៃ ។

ឯកឧត្តម អភិបាលខេត្តព្រះសីហនុ ក៏បានជំរុញឱ្យក្រុមហ៊ុន អានកូរ វ៉ធើរសឹបផ្លាយ បង្កើនសមត្ថភាពផលិតទឹកស្អាត ផ្តល់មកខាងអង្គភាពរដ្ឋាករទឹកខេត្តព្រះសីហនុ ដើម្បីយកមកបន្តចែកចាយ ជូនប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុឱ្យបានគ្រប់ ដើម្បីរួមគ្នាដោះ ស្រាយបញ្ហាប្រឈមនៅពេលបច្ចុប្បន្ន។ ដោយសាររយ:ពេលពីរឆ្នាំចុងក្រោយនេះ កំណើនការអភិវឌ្ឍក្នុងក្រុងព្រះសីហនុ យ៉ាងគំហុក ហើយកំណើនប្រើប្រាស់ទឹកស្អាត មាន ការកើនឡើងផងដែរ ដែលទាមទារ ឱ្យក្រុមហ៊ុនបង្កើនការផលិត និងចែកចាយ បន្ថែមអាង ស្តុប ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ទឹកស្អាតនាពេលបច្ចុប្បន្ន និងទៅអនាគត។

ជាលទ្ធផលក្រុមហ៊ុន អានកូរ វ៉ធើរសឹបផ្កាយ បានឯកភាពតាមការណែនាំរបស់ អភិបាលខេត្តព្រះសីហនុ បង្កើនការផលិតផ្គត់ផ្គង់ទឹកស្អាត មកខាងអង្គភាពរដ្ឋាករទឹក តាមតម្រូវការប្រើប្រាស់របស់បងប្អូនប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុនាពេលបច្ចុប្បន្ន៕

ដោយ ងូ សុមុនី