ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន១០៦៨គ្រួសារ នៅខេត្តត្បូងឃ្មុំ ទទួលបានការជួយឧបត្ថម្ភ ពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ

AKP ត្បូងឃ្មុំ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩–ប្រជាពលរដ្ឋចំនួន១០៦៨គ្រួសារ មកពីឃុំចំនួន៤គឺ ឃុំជីរ៉ូ១, ទន្លេបិទ,   បឹងប្រួល និងឃុំពាមជីលាំង ក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលបានរំដោះឱ្យមកនៅទីទួលសុវត្ថិភាពពី គ្រោះទឹកជំនន់ទន្លេមេគង្គ  បានទទួលអំណោយជាសម្ភារពីគណៈកម្មាធិការជាតិគ្រប់ គ្រងគ្រោះមហន្តរាយ និងពីអង្គការការីតាសកម្ពុជា។

ក្នុងពិធីផ្តល់អំណោយនៅឃុំទន្លេបិទកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ទេស រដ្ឋមន្រ្តី គន់គីម អនុប្រធានទី១ គណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរ ខេត្តត្បូងឃ្មុំ  សហការជាមួយអង្កការការីតាសកម្ពុជាដឹកនាំដោយ លោក គឹម រតនា នាយក ប្រតិបត្តិបានឆ្លើយតបទាន់ពេលវេលា និងឧបត្ថម្ភទូក ៤គ្រឿង ម៉ាស៊ីនទូក១គ្រឿង ស៊ីទែន២ បង្គន់អនាម័យចំនួន៤ ធុងចម្រុះទឹកស្អាតចំនួន២ តង់ខៀវចំនួន១២៥តង់។ ដោយឡែក គណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបាន នាំយកមកនូវតង់កៅស៊ូចំនួន៤០០តង់ សម្រាប់ជួយសម្រាលការលំបាកដល់បងប្អូនប្រើ ប្រាស់ប្រចាំថ្ងៃផងដែរ។

ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម បានបញ្ជាក់ជូននាឱកាសនោះថា ជំនន់ទឹកទន្លេមេគង្គ ក្នុងខេត្តត្បូងឃ្មុំ ឡើងលើសកម្រិតដែលត្រូវប្រកាសអាសន្ន ដែលនៅពេលនេះទឹកមាន កម្ពស់១៥.៦៤ម៉ែត្រ ខណៈកម្រិតប្រកាសអាសន្នត្រឹមតែ១៥.២០ម៉ែត្រ ធ្វើឱ្យលិចលង់ភូមិឋាន ជាប់មាត់ទន្លេ និងធ្វើឱ្យប៉ះពាល់ជម្រកសត្វពាហនៈ ទ្រព្យសម្បត្តិ រួមទាំងដំណាំរួមផ្សំ ស្រែចម្ការជាច្រើនហិកតា។ ក្នុងនាមឱ្យគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយតំ ណាងសម្តេចតេជោសែន បានកោតសរសើរអាជ្ញាធរខេត្ត និងកងកម្លាំងប្រដាប់អាវុធខេត្ត ដែលតែងតែសហការគ្នាបានល្អ ក្នុងការងារសង្រ្គោះទាន់ពេលវេលាមិនឱ្យប្រជាជន ណាម្នាក់រងគ្រោះថ្នាក់ឡើយ។

ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានថ្លែងអំណរ គុណដល់អង្គការការីតាសកម្ពុជា ដែលតែង តែចូលរួមសហ ការគាំទ្រជាប្រចាំនៅពេលមានគ្រោះមហន្តរាយកើតឡើងម្តងៗ ក៏ដូចជា អរគុណផងដែរក្រសួងសុខាភិបាល ដែលបានផ្តល់គ្រូពេទ្យប្រចាំការនៅទីទួលសុវត្ថិភាព ដើម្បីត្រៀមជួយសង្រ្គោះក្នុងការឈឺដង្កាត់ផ្សេងៗ។ ឯកឧត្តមទេសរដ្ឋ មន្រ្តី និងអាជ្ញាធរខេត្ត ព្រមទាំងមន្ត្រីជំនាញបានឆ្លើយតបនិងបញ្ហានេះភ្លាមៗបានទាន់ ពេលវេលា។ ដូចជាខេត្តត្បូង ឃ្មុំ បានចុះជួយប្រកដំបូលរោងស្នាក់នៅ និងសាកសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋដែលរង ផលប៉ះពាល់ដោយទឹកជំនន់ នៅតាមបណ្តោយទន្លេមេគង្គ។

ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម  ក៏បានអំពាវនាវឱ្យពលរដ្ឋដែលរស់នៅតាមដង ទន្លេទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន មើលថែ រក្សាសមាជិកគ្រួសារ ពិសេស កូនចៅតូចៗ និងមនុស្សចាស់ជរា ហើយរស់នៅមានអនា ម័យពិសាទឹកឆ្អិន និងត្រូវហូបស្អាត ផឹកស្អាត រស់នៅស្អាត និងប្រុងប្រយ័ត្នចំពោះសត្វអាសិរពិស បង្កការគ្រោះថ្នាក់ផងដែរ។ បើសិន ជាមានបញ្ហាអ្វី សូមរាយការណ៍ទៅអាជ្ញាធរ និងក្រុមគ្រូពេទ្យ ដែលប្រចាំការពេញ ២៤ម៉ោង ដើម្បីជួយដល់បងប្អូនភ្លាមៗ៕

ដោយ ប៉ាល់សុង