អ្នកជំនាញទេសចរចំនួន៧០នាក់ នៅខេត្តសៀមរាប ទទួលបានការបណ្តុះបណ្តាលពង្រឹងសមត្ថភាពភាសាជប៉ុន

AKP សៀមរាប ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ — ក្រសួងទេសចរណ៍សហការជាមួយមជ្ឈមណ្ឌលអាស៊ានជប៉ុន កាលពីរសៀល ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ បានធ្វើការបណ្តុះបណ្តាលពង្រឹងសមត្ថភាព ជំនាញភាសាជប៉ុន សម្រាប់អ្នកជំនាញទេសចរមកពីតាមបណ្តាសណ្ឋាគារ ក្រុមហ៊ុនទេសចរណ៍ និងមគ្គុទ្ទេសក៍ទេសចរណ៍នៅក្នុងខេត្តសៀមរាប។

ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ការបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើង ដើម្បីពង្រឹងសមត្ថភាពជំនាញភាសាជប៉ុន របស់អ្នកជំនាញទេសចរក្នុងការចូលរួមកសាងធនធានមនុស្សក្នុងវិស័យទេសចរណ៍បន្ថែម ជាពិសេសលើកកម្ពស់សមត្ថភាពជំនាញភាសាជប៉ុនឱ្យកាន់តែមានលក្ខណៈស្ទាត់ជំនាញ នៅក្នុងកាចូលរួមផ្តល់សេវាកម្មទេសចរណ៍ឱ្យកាន់តែល្អប្រសើរ និងពេញចិត្តពី សំណាក់ភ្ញៀវទេសចរ ជាពិសេសទេសចរជប៉ុនដែលបាន និងកំពុងមានការកើនឡើង ជាលំដាប់ក្នុងការមកទស្សនានៅកម្ពុជា។

កញ្ញា Mizuho Kanda ប្រធានផ្នែកទទួលបន្ទុកទេសចរណ៍ និងជាតំណាងមជ្ឈមណ្ឌល អាស៊ានជប៉ុន បានថ្លែងថា ភាគីជប៉ុនបានឯកភាព និងបន្តសហការបណ្តុះបណ្តាល ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ ក៏ដូចជាមគ្គុទ្ទេសក៍ និងប្រតិបត្តិករ ទេសចរណ៍ ដើម្បីបម្រើដល់ភ្ញៀវទេសចរជប៉ុន ដែលនឹងកើនឡើងកាន់តែច្រើនក្រោយ ពេលមានការហោះហើរត្រង់ពីប្រទេសជប៉ុនមកការខេត្តសៀមរាប ដែលនឹងចាប់ផ្តើមនូវ ចុងឆ្នាំ២០១៩ខាងមុខនេះ។

សូមបញ្ជាក់ថា នៅក្នុងរយៈពេល០៧ ខែឆ្នាំ២០១៩នេះ កម្ពុជាទទួលបានភ្ញៀវទេសចរ អន្តរជាតិប្រមាណជាង៣.៨លាននាក់កើនឡើង១១.១ភាគរយ ធៀបនឹងរយៈពេលដូច គ្នាក្នុង ឆ្នាំ២០១៨ ដោយក្នុងនោះកម្ពុជាបានទទួលទេសចរជនជាតិជប៉ុន ចំនួន១១៣.១៥៩នាក់ កើនឡើងប្រមាណ២.៦ភាគរយ ដោយនៅក្នុងខេត្តសៀមរាបនៅក្នុងរយៈពេល០៧ខែនេះ ទទួលបានអ្នកទេសចរជប៉ុនចំនួន៦៧៣១៨នាក់ កើនឡើង៤,៨៣ភាគរយ៕

ដោយ ឃុត សៅ