លោក ពូទីន នឹងជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ណេតាន់យ៉ាហ៊ូ នៅទីក្រុងសូជី ថ្ងៃទី១២ ខែកញ្ញានេះ

AKP ភ្នំពេញ  ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ — អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន នឹងជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូនៅទីក្រុងសូជី ប្រទេសរុស្ស៊ីនៅថ្ងៃទី១២ ខែកញ្ញានេះ។

លោកបានមានប្រសាសន៍ថា នាយករដ្ឋមន្រ្តីអ៊ីស្រាអែល Netanyahu នឹងបំពេញ​ទស្សន​កិច្ចការងារនៅថ្ងៃស្អែក។ កិច្ចពិភាក្សារវាងរុស្ស៊ី និងអ៊ីស្រាអែលនឹងត្រូវធ្វើឡើង​នៅថ្ងៃនេះហើយ ដោយលោក ពូទីន នឹងនៅទីក្រុងសូជីនៅថ្ងៃនេះដែរ។

លោក Peskov បាននិយាយថា កាលពីថ្ងៃពុធទី១១ ខែកញ្ញា មេដឹកនាំរុស្ស៊ីកំពុង​ស្ថិតនៅទីក្រុងមូស្គូ ហើយមាន​បំណង​ចង់ជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីក្រសួង​កសិកម្ម​លោក ឌីមីទ្រី ប៉ាទ្រីសឺវ។ នៅថ្ងៃនេះដែរ​ក្រៅពីកិច្ចប្រជុំសាធារណៈផ្សេងទៀត​ លោក​ប្រធានាធិបតីនឹងស្វាគមន៍រដ្ឋមន្រ្តីកសិកម្មលោក Dmitry Patrushev សម្រាប់កិច្ចពិភាក្សា​ហើយពួកគេនឹងពិភាក្សាពីបញ្ហារបស់កសិករ និងវិស័យកសិកម្ម។

កាលពីថ្ងៃអង្គារនេះដែរ ការិយាល័យនាយករដ្ឋមន្រ្តីអ៊ីស្រាអែលបានរាយការណ៍ថា លោក ណេតាន់-យ៉ាហ៊ូ គ្រោងនឹងធ្វើទស្សនកិច្ចរយៈពេលមួយថ្ងៃនៅទីក្រុងសូជី នៅថ្ងៃទី១២ ខែកញ្ញានេះ។ នាយករដ្ឋមន្រ្តី      អ៊ីស្រាអែល បានប្រាប់កិច្ចប្រជុំប្រចាំថ្ងៃ​របស់រដ្ឋាភិបាលរបស់​លោកកាលពីថ្ងៃទី៨ ខែកញ្ញាកន្លងទៅនោះថា លោកអាចនឹងធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ី​ក្នុងរយៈពេលមួយសប្តាហ៍ ដោយលោកចង់ជួបលោក ពូទីន ដើម្បីពិភាក្សាអំពីការបន្តកិច្ច​សហប្រតិបត្តិការយោធាលើប្រទេសស៊ីរី។ កាលពីថ្ងៃទី៥ ខែកញ្ញា ជំនួយការប្រធានាធិបតី​រុស្ស៊ី​លោក យូរីយូ សាកូវ បានប្រកាសថា ដំណើរទស្សនកិច្ចរបស់លោក ណេតាន់យ៉ាហ៊ូ ទៅកាន់ប្រទេសរុស្ស៊ីអាចនឹងប្រព្រឹត្តទៅឆាប់ៗនេះ។ លោកបានបន្ថែមថា នាយករដ្ឋមន្រ្តីអ៊ីស្រាអែលទំនងជានឹងមកទីក្រុងសូជី។ ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅប្រទេស​រុស្ស៊ី​លោក Gary Koren បានរាយការណ៍ថា លោក ពូទីន និងលោកណេតាន់យ៉ាហ៊ូ អាចពិភាក្សាពី​កិច្ចប្រជុំត្រីភាគីរវាងរុស្ស៊ី អាម៉េរិក និងអ៊ីស្រាអែល៕

(ប្រភពTASS: បកប្រែដោយលោក មាស សំអុល)