នាយករដ្ឋមន្រ្តីអ៊ីស្រាអែលជួបប្រជុំជាមួយលោក ពូទីន នៅទីក្រុងសូជី 

AKP ភ្នំពេញ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩​ — ការិយាល័យនាយករដ្ឋមន្រ្តីអ៊ីស្រាអែលបាននិយាយថា នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu បានធ្វើដំណើរទៅកាន់រមណីយដ្ឋានសមុទ្រខ្មៅ នៃទីក្រុងសូជីនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ នេះ ដើម្បីជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ដើម្បីពិភាក្សាអំពីការសម្របសម្រួលរួមគ្នារវាងប្រទេសទាំងពីរទាក់ទងនិងប្រទេសស៊ីរី និងអ៊ីរ៉ង់។

ការិយាល័យនាយករដ្ឋមន្រ្តីនេះបាននិយាយថា «លោកនាយករដ្ឋមន្រ្តី Netanyahu ធ្វើដំណើរទៅកាន់ទីក្រុង Sochi នៅក្នុងថ្ងៃព្រហស្បតិ៍នេះ ដើម្បីជួបប្រជុំជាមួយប្រធានាធិបតីរុស្ស៊ី លោក ពូទីន»។

សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅប្រទេសរុស្ស៊ី លោក Gary Koren បាននិយាយថា ការជួបប្រជុំរវាងប្រធានក្រុមប្រឹក្សាសន្តិសុខនៃប្រទេសរុស្ស៊ី អ៊ីស្រាអែល និងសហរដ្ឋអាមេរិក កំពុងត្រូវបានរៀបចំឡើង ដោយលោកបានសង្កត់ធ្ងន់ថា ហើយវាអាចមានភាពកាន់តែច្បាស់លាស់បន្ថែមទៀត បន្ទាប់ពីកិច្ចប្រជុំរវាងលោក ពូទីន និងលោក Netanyahu។

បន្ទាប់ពីមានរបាយការណ៍អំពីដំណើរទស្សនកិច្ចរបស់លោក Netanyahu លោកបានបញ្ជាក់ថា ប្រធានបទនានានៅក្នុងកិច្ចប្រជុំនេះអាចជាការដកកងទ័ពចេញពីប្រទេសស៊ីរី ការប្រយុទ្ធប្រឆាំងនឹងអំពើ       ភេរវកម្មអន្តរជាតិ និងកិច្ចសហប្រតិបត្តិការទ្វេភាគី។ នៅពេលមុននេះ លោក ពូទីន និងលោក Netanyahu បានពិភាក្សាគ្នាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី និងព្រមព្រៀងបន្តទំនាក់ទំនង។

នេះជាដំណើរទស្សនកិច្ចលើកទី២ របស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែលទៅកាន់ប្រទេសរុស្ស៊ីនៅក្នុងឆ្នាំនេះ បន្ទាប់ពីលោកបានមកទីក្រុងមូស្គូក្នុងដំណើរទស្សនកិច្ចរយៈពេលខ្លីកាលពីខែមេសាកន្លងទៅ៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)